បណ្តាញសង្គម

ចូលធ្វើសកម្មភាពម្តុំធនាគារ អស់លក្ខណ៍ត្រឹមសន្តិសុខ​

រាជធានីភ្នំពេញ ៖ បុរសម្នាក់ជាសន្តិសុខយាមនៅក្រោយធនាគារមួយកន្លែង ខណៈគាត់កំពុងដើរយាមល្បាត ស្រាប់តែមានជនសង្ស័យម្នាក់ចូលមកលើកប៉ៅអ៊ី និងរើសម្ភារៈនៅលើប៉ៅអីនោះ ហើយក៏ត្រូវបុរសជាសន្តិសុខឃើញទាន់ក៏ចាប់ប្រគល់ឱ្យសមត្ថកិច្ច។

ហេតុការណ៍ខាងលើនេះបានកើតឡើងកាលពីវេលាម៉ោង២និង១៥នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២០ នៅចំណុចធនាគារមួយកន្លែង តាមបណ្តោយផ្លូវ១១០ ផ្លូវភ្លោះ ស្ថិតក្នុងសង្កាត់វត្តភ្នំ ខណ្ឌដូនពេញ ។

ជនសង្ស័យម្នាក់ខាងលើឈ្មោះធី ពេជ្រ ភេទប្រុស អាយុ២៦ឆ្នាំ ស្នាក់នៅនិងមុខរបរមិនពិតប្រាកដ។តាមប្រភពព័ត៌មានពីបុរសជាសន្តិសុខម្នាក់ខាងលើឈ្មោះអាន ច័ន្ទទី អាយុ២៤ឆ្នាំ បានអោយដឹងថា មុនពេលកើតហេតុ គាត់បានយាមនៅក្រោយធនាគាររហូតដល់វេលាម៉ោងកើតហេតុខាងលើជាម៉ោងដែលគាត់ត្រូវដើរល្បាត។

តាមប្រភពដដែលបានបន្តថា លុះមួយសន្ទុះក្រោយមក ក៏មានជនសង្ស័យម្នាក់បានមកលើកប៉ៅអ៊ីរបស់គាត់ចេញ ហើយនៅក្នុងប៉ៅអ៊ីនោះគឺមានលុយចំនួន១០០បាត និងអត្តសញ្ញាណប័ណ្ណ ព្រមទាំងកាតការងារដែលជនសង្ស័យយកមករុះរើ ។ ភ្លាមៗនោះគាត់ក៏មកទាន់ចាប់ប្រគល់អោយសមត្ថកិច្ចយកទៅប៉ុស្តិ៍វត្តភ្នំ ដើម្បីធ្វើការសួរនាំ។

នៅពេលឃាត់សួរនាំ ជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនធ្លាប់បានលួចតែម្តងនេះទេ។ ក្រោយពេលកើតហេតុ ជនសង្ស័យម្នាក់ខាងលើនេះត្រូវបានសមត្ថកិច្ចកសាងសំណុំរឿងចាត់ការទៅតាមនីតិវិធី ៕

ដកស្រង់ពី៖កោះសន្តិភាព