បណ្តាញសង្គម

ឃើញអង្គុយ​​​វាលស្រែ​ម្នាក់​ឯង លុះ​ឃាត់ឆែកបែកធ្លាយក្នុងកញ្ចប់បារី

រាជធានីភ្នំពេញ ៖ យុវជនម្នាក់ត្រូវបានកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបានពងទឹក នៃអធិការរដ្ឋាននគរបាលខណ្ឌដង្កោចាប់ខ្លួន ខណៈពេលកំពុងអង្គុយលក់គ្រឿងញៀននៅវាលស្រែមួយកន្លែង ដោយនគរបាលដកហូតបានគ្រឿងញៀនដែលជនសង្ស័យម្នាក់ដាក់នៅក្នុងកញ្ចប់បារី១ ព្រមទាំងវត្ថុតាងមួយចំនួនទៀតផងដែរ បន្ទាប់មកបាននាំទៅសាកសួរ និងកសាងសំណុំរឿងចាត់ការតាមច្បាប់។

ការចាប់ខ្លួនជនសង្ស័យខាងលើនេះបានធ្វើឡើងកាលពីវេលាម៉ោង៧និង៣០នាទីយប់ថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២០ នៅវាលស្រែ ស្ថិតនៅក្នុងភូមិវត្តស្លែង សង្កាត់ពងទឹក ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

ជនសង្ស័យឈ្មោះ គង់ រិទ្ធី ភេទប្រុស អាយុ២១ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅក្នុងភូមិកើតហេតុ ហើយនៅក្នុងពេលនោះដែរនគរបាលដកហូតគ្រឿងញៀនចំនួន១០កញ្ចប់ ក្នុងនោះមានកញ្ចប់ធំ១កញ្ចប់និងកញ្ចប់តូចចំនួន៩កញ្ចប់, ឧបករណ៍សម្រាប់ចូកថ្នាំញៀន១, ថង់សម្រាប់ច្រកថ្នាំញៀនមួយចំនួន, ទូរស័ព្ទ១គ្រឿង និងកញ្ចប់បារីFINE មួយ ។

លោកវរសេនីយ៍ឯកជឹម ស៊ីថា អធិការនគរបាលខណ្ឌដង្កោបានប្រាប់ឲ្យដឹងថា មុនពេលឈានដល់ការបង្ក្រាបនិងចាប់ខ្លួនជនសង្ស័យខាងលើ កម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលពងទឹកបានចុះល្បាតហើយបានប្រទះឃើញជននេះកំពុងអង្គុយនៅត្រង់ចំណុចវាលស្រែតែម្នាក់ឯ។

ខណៈនោះដោយមានការសង្ស័យកម្លាំងនគរបាលប៉ុស្តិ៍ បានចូលទៅធ្វើការត្រួតពិនិត្យ ហើយរកឃើញថ្នាំញៀននៅក្នុងកញ្ចប់បារី ដែលជននេះដាក់នៅក្នុងហោប៉ៅខោក្រោយខាងឆ្វេង ទើបដឹងថាជននេះកំពុងលក់ថ្នាំញៀន និងរង់ចាំម៉ូយទៅរកទិញ បន្ទាប់មកកម្លាំងក៏បានចាប់ខ្លួន នាំទៅសាកសួរនៅប៉ុស្តិ៍ រួចនឹងបបញ្ជូនបន្តទៅកាន់អធិការដ្ឋាននគរបាលខណ្ឌដង្កោ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញចាត់ការតាមច្បាប់តែម្ដង៕

ដកស្រង់ពី៖កោះសន្តិភាព