បណ្តាញសង្គម

ឃាត់ខ្លួន​នារី​ម្នាក់ ក្រោយ​សម្តេច​តេ​ជោ​ បញ្ជា​ឲ្យចាប់​ឧបករណ៍​តេស្ត Covid-19

រាជធានីភ្នំពេញ ៖ គណៈបញ្ជាការឯកភាពខណ្ឌប្ញស្សីកែវ ឃាត់ខ្លួនអ្នកលក់ឧបករណ៍ធ្វើតេស្តរកវីរុស Covid-19 ដោយខុសច្បាប់ម្នាក់ នៅសង្កាត់គីឡូម៉ែត្រលេខ៦ នេះបើតាមលោក ជា ពិសី អភិបាលនៃគណៈអភិបាលខណ្ឌប្ញស្សីកែវ ។

នារីដែលត្រូវឃាត់ខ្លួនមានឈ្មោះ វ៉ា វួចគៀង អាយុ ២៦ឆ្នាំ បានប្រើប្រាស់ page facebook មានឈ្មោះ Rama Brand Shop បង្ហោះផ្សព្វផ្សាយលក់ឧបករណ៍ធ្វើតេស្តរកវីរុស Covid-19 ដោយគ្មានច្បាប់អនុញ្ញាតពីក្រសួងសុខាភិបាល ។

គណៈបញ្ជាការឯកភាពខណ្ឌប្ញស្សីកែវ ដឹកនាំដោយ លោកស្រី សួស សូលីដា អភិបាលរងខណ្ឌ ដោយមានការការចូលរួមសម្របសម្រួលពី លោក សិត វណ្ណៈ ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ នៅវេលាម៉ោង ៦ល្ងាចថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២០ បានចុះទៅដល់ទីតាំងមួយកន្លែង នៅចំណុចផ្ទះជួលលេខ៥ ក្រុមទី៦ ភូមិបឹងឈូក សង្កាត់ គីឡូម៉ែត្រលេខ៦ ខណ្ឌប្ញស្សីកែវ រាជធានីភ្នំពេញ ដោយមានឈ្មោះ វ៉ា វួចគៀង មុខរបរលក់ឥវ៉ាន់តាមប្រព័ន្ធអនឡាញ និងជាម្ចាស់ផ្ទះជួល ជាប់ពាក់ព័ន្ធនឹងការបង្ហោះលក់ឧបករណ៍ធ្វើតេស្តរកវីរុស Covid-19 ។

នារីឈ្មោះ វ៉ា វួចគៀង បានប្រាប់អាជ្ញាធរខណ្ឌថា រូបនាងគ្រាន់តែជួយបង្ហោះលក់ឧបករណ៍ខាងលើនេះ អោយឈ្មោះ ម៉ូនីតា សុខ ប៉ុណ្ណោះ ដែលកំពុងរស់នៅសហរដ្ឋអាមេរិក តែប៉ុណ្ណោះ បើមានអ្នកកម្មង់ទិញ ខ្លួននឹងឆាតទៅហ្វេសប៊ុក មានឈ្មោះ Monita Sok ដើម្បីទទួលឥវ៉ាន់យកមកលក់បន្ត ។ ជាក់ស្ដែងពេលនេះ ពុំទាន់ទទួលបានឧបករណ៍នោះនៅឡើយទេ ។

ទោះជាយ៉ាងណាអធិការដ្ឋាននគរបាលខណ្ឌ បាននាំខ្លួនអ្នកលក់តាមប្រព័ន្ធអនឡាញរូបនេះ ទៅកាន់អធិការដ្ឋាន ដើម្បីសួរនាំបន្តទៀត និងកសាងសំណុំរឿងតាមនីតិវិធី ។

សូមជម្រាបថា នាយករដ្ឋមន្ត្រីបញ្ជាឱ្យចាប់យកឧបករណ៍ពិនិត្យកូវីដ១៩លក់ខុសច្បាប់ទូទាំងប្រទេស ប្រមុខដឹកនាំរាជរដ្ឋាភិបាលកម្ពុជាបានចេញបទបញ្ជាទៅកាន់ក្រសួងសុខាភិបាលឲ្យធ្វើការជាមួយព្រះរាជអាជ្ញា ប៉ូលិស និងកងរាជអាវុធហត្ថទូទាំងប្រទេស ដើម្បីចុះចាប់យកនូវឧបករណ៍ពិនិត្យកូវីដ ១៩ ក៏ដូចជាឧបករណ៍ព្យាបាលកូវីដ១៩ ដែលកំពុងត្រូវបានមនុស្សមួយចំនួនធ្វើការផ្សព្វផ្សាយលក់ ខណៈដែលឧបករណ៍ទាំងនោះជាឧបករណ៍ខុសច្បាប់និងមិនត្រូវបានទទួលស្គាល់ដោយអង្គការសុខភាពពិភពលោក (WHO) នោះ ។

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ការបញ្ជារឲ្យចុះចាប់យកនូវឧបករណ៍ពិនិត្យកូវីដ១៩ នោះ គឺដើម្បីជាប្រយោជន៍ដល់ប្រជាពលរដ្ឋកម្ពុជាដែលកំពុងតែព្រួយបារម្ភរឿងវីរុសនេះហើយ មករងគ្រោះខាតប់ងលុយកាក់នឹងឈ្មួញមួយចំនួនដែលដាក់លក់នូវឧបករណ៍ខុសច្បាប់ទាំងនេះ ។

សម្តេចក៏បានបញ្ជាទៅលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ត្រូវមើលក្នុងទីក្រុងភ្នំពេញនេះឲ្យបានច្បាស់ដែរ គឺខិតខំធ្វើការងារហ្នឹង កុំឲ្យរឿងនេះវារីករាលដាលទៅ ហើយគ្រប់ខេត្តទាំងអស់ក៏ត្រូវតែធ្វើបញ្ជូនសារសម្លេងនេះទៅកាន់គោលដៅផ្សេងៗទៀត ឲ្យតែឃើញចាប់យកៗតែម្តង ។

ព្រោះតែយើងអត់ទាន់មានច្បាប់ តែរបស់អត់ច្បាប់ ក៏ត្រូវតែចាប់យកដែរ ។ អាហ្នឹងយកមកសិន ព្រោះវាអត់ទាន់មានការអនុញ្ញាតពីអង្គការសុខភាពពិភពលោកទេ រឿងនេះត្រូវបញ្ជាក់គ្នាយ៉ាងច្បាស់ៗ ។

ហើយក៏ដើម្បីផលប្រយោជន៍ប្រជាពលរដ្ឋរបស់យើង កុំឲ្យប្រជាពលរដ្ឋរបស់យើងរងគ្រោះ ដោយសារតែអាជំងឺរាតត្បាតនេះហើយ មករងគ្រោះដោយសារតែមនុស្សដែលវាប្រព្រឹត្ត ៕

ដកស្រង់ពី៖កោះសន្តិភាព