បណ្តាញសង្គម

ខ្លាំងបាត់! ឈ្លោះ​តាម​ហ្វេ​ស​ប៊ុក លុះ​​ស្វែង​រក​គូទំនាស់​ឃើញ​កាប់​​គ្មានញញើតដៃ​

ខេត្តបន្ទាយមានជ័យ ៖ គ្រាន់តែទំនាស់គ្នាតាមរយ:លេងហ្វេសប៊ុកសោះ យុវជន៣នាក់បានតាមស្វែងរកគូទំនាស់ឃើញទាញកាំបិតកាប់ជនរងគ្រោះចំក បណ្តាលឱ្យរងរបួសធ្ងន់ ហើយត្រូវកំលាំងអាវុធហត្ថក្រុងប៉ោយប៉ែត ដឹកនាំដោយលោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងចុះបង្ក្រាប ក្រោយពីទទួលបានពាក្យបណ្ដឹងពីជនរងគ្រោះ រហូតឈានដល់ឃាត់ខ្លួនជនសង្ស័យបានទាំង២នាក់នៅវេលាម៉ោង៥ល្ងាចថ្ងៃទី៦ ខែមេសា ឆ្នាំ២០២០ ហើយនាំយកមកបញ្ជាការមូលដ្ឋានដើម្បីសាកសួរ ចំណែកជនសង្ស័យម្នាក់ទៀតជាជនដៃដល់បានរត់គេចខ្លួនបាត់។

លោកវរសេនីយ៍ត្រី នួន នីណារ៉ូបានប្រាប់ឲ្យដឹងថា យុវជនជាជនសង្ស័យទាំង៣នាក់ខាងលើ ក្នុងនោះ១-ឈ្មោះកែវ វាសនា អាយុ១៧ឆ្នាំ ២-ទៀតឈ្មោះ សួង សាវ័ន្ត អាយុ១៩ឆ្នាំ (ជនសង្ស័យទាំង២នាក់នេះរស់នៅក្នុងក្រុងប៉ោយប៉ែត) និង៣-ឈ្មោះអាហ័ង ជាជនដៃដល់ បានរត់គេចខ្លួនបាត់ ។ ចំណែកជនរងគ្រោះឈ្មោះធឿន ថាច ។

លោកបានបញ្ជាក់ឲ្យដឹងថា នៅថ្ងៃកើតហេតុ ក្រុមជនសង្ស័យមានទំនាស់ពាក្យសម្តីតាមរយៈលេងហ្វេសបុក ដោយជនរងគ្រោះធ្លាប់គំរាមវាយពួកគេជាច្រើនលើក ទើបក្រុមជនសង្ស័យកើតទុក្ខមិនសុខចិត្តក៏ប្រមូលបក្ខខ្លួនចំនួន៣នាក់ទៀតស្វែងរកជនរងគ្រោះឃើញ ហើយឈ្មោះ អាហ័ង បានធ្វើសកម្មភាពកាប់ទៅលើជនរងគ្រោះ បណ្ដាលឲ្យរងរបួសត្រង់កខាងឆ្វេងធ្ងន់ធ្ងរ។

លោកបានបញ្ជាក់ឱ្យដឹងទៀតថា ក្រោយពីធ្វើសកម្មភាពរួចឈ្មោះអាហ័ង បានរត់គេចខ្លួនបាត់ ហើយកំលាំងអាវុធហត្ថឃាត់ខ្លួនបក្ខពួកបានចំនួន២នាក់ បច្ចុប្បន្នត្រូវបានកម្លាំងជំនាញបទល្មើសព្រហ្មទណ្ឌក្រុង កសាងសំណុំរឿងបញ្ជូនមកទីបញ្ជាការកងរាជអាវុធហត្ថខេត្តដើម្បីចាត់ការបន្ត ហើយកម្លាំងជំនាញបទល្មើសព្រហ្មទណ្ឌខេត្តបានបញ្ជូនទៅសាលាដំបូងខេត្តដើម្បីចាត់ការតាមច្បាប់។

ចំណែកជនសង្ស័យឈ្មោះ អាហ័ង ដែលជាជនដៃដល់ ហើយកំពុងរត់គេចខ្លួន ត្រូវបានកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងកំពុងស្រាវជ្រាវតាចមចាប់ខ្លួនបន្ត ដើម្បីចាប់យកមកផ្តន្ទាទោសតាមច្បាប់ ៕

ដកស្រង់ពី៖កោះសន្តិភាព