បណ្តាញសង្គម

ក្រុមឆក់ធ្លាប់តែគេចខ្លួនរួច តែពេលនេះ​ អស់​លក្ខណ៍​​​ត្រឹម​​រទេះ​​​​​​​ទឹក​​​​អំពៅ

ខេត្តបាត់ដំបង ៖ បុរស២នាក់ត្រូវកម្លាំងជំនាញ ការិយាល័យព្រហ្មទណ្ឌកំរិតស្រាលធ្វើការស្រាវជ្រាវឃាត់ខ្លួនបាន កាលពីវេលាម៉ោង៩ និង១០នាទីព្រឹកនៅថ្ងៃទី១៣ មេសា នៅចំណុចភូមិសូភី១ សង្កាត់រតនៈ ក្រុងបាត់ដំបង ក្រោយពីធ្វើសកម្មភាពឆក់កាបូបអ្នកដំណើបានសម្រេចចំនួន២លើក និងលួចរទេះលក់ទឹកអំពៅមួយលើក ដែលជាលើកចុងក្រោយមុនពេលចាប់ខ្លួន។

នាយការិយាល័យព្រហ្មទណ្ឌកំរិតស្រាល លោកឈឿង គឹមសុង បានឱ្យដឹងថា ជនដៃដល់ទាំង២នាក់ ម្នាក់ឈ្មោះអុឹមម រដ្ឋា ហៅតយ អាយុ៣៧ឆ្នាំ ស្នាក់នៅនៅមិនពិតប្រាកដ និងម្នាក់ទៀតឈ្មោះលី សុភ័ក្រ អាយុ២៩ឆ្នាំ នៅភូមិសូភី១ សង្កាត់រតនៈ ក្រុងបាត់ដំបង ។

លោកឈឿង គឹមសុង បានបញ្ជាក់ថា ជនទាំង២នាក់នេះ ត្រូវបានកម្លាំងអន្តរាគមន៍ផ្នែកបង្ការបង្ក្រាបធ្វើការស្រាវជ្រាវឃាត់ខ្លួនបាន ក្រោយពីជនទាំង២នេះ ធ្វើសកម្មភាពលួចរទេះលក់ទឹកអំពៅ នៅវេលាទៀបភ្លឺថ្ងៃទី១៣ មេសា នៅភូមិស្លរក្រាម ឃុំវត្តតាមិម ស្រុកសង្កែ ដែលជាការប្រព្រឹត្តបទល្មើសចុងក្រោយ បន្ទាប់ពីឆក់កាបូបបានសម្រេចចំនួន២លើកដំបូង ។

នៅចំពោះមុខសមត្ថកិច្ច ជនទាំង២នាក់នេះ បានសារភាពថា ពួកខ្លួនធ្លាប់ជិះម៉ូតូឆក់កាបូបអ្នកដំណើរបានសម្រេចចំនួន២លើក មុនពេលលួចរទេះលក់ទឹកអំពៅ ។

ជននេះ បានប្រាប់សមត្ថកិច្ចថា លើកទី១-ពួកខ្លួនបានធ្វើសកម្មភាព ឆក់កាបូប នៅចំណុចភូមិព្រែកខ្ពប ឃុំព្រែកខ្ពប ស្រុកឯកភ្នំ នៅវេលាទៀបភ្លឺថ្ងៃទី០៤ មេសា បានលុយចំនួន៤០ម៉ឺនរៀល និងទូរស័ព្ទដៃម៉ាកអូប៉ូមួយគ្រឿង។

លើកទី២-ពួកខ្លួនបានធ្វើសកម្មភាព ឆក់កាបូប អ្នកដំណើរនៅចំណុចប៉ោយចារ ភូមិជ្រៃថ្មី ឃុំជ្រៃ ស្រុកថ្មគោល នៅវេលាថ្ងៃត្រង់ ថ្ងៃទី០៦ មេសា បានលុយចំនួន០៧ម៉ឺនរៀល និង អត្តសញ្ញាណប័ណ្ណ២សន្លឹក និងលើកទី៣-ជាលើកចុងក្រោយ លួចរទេះលក់ទឹកអំពៅ នៅវេលាទៀបភ្លឺថ្ងៃទី១៣ មេសា នៅភូមិស្លរក្រាម ឃុំវត្តតាមិម ស្រុកសង្កែ ប៉ុន្តែនៅប៉ុន្មានម៉ោងក្រោយ នៅថ្ងៃដដែលនោះក៏ត្រូវសមត្ថកិច្ចឃាត់ខ្លួនតែម្ដង។

នាយការិយាល័យព្រហ្មទណ្ឌកំរិតស្រាល លោក ឈឿង គឹមសុង បានថ្លែងថា លោកស្នងការខេត្ត បានចេញបញ្ជាឱ្យមន្ត្រី ក្នុងការិយាល័យជំនាញនានា ធ្វើការស៊ើបអង្កេតលើមុខសញ្ញាជនដៃដល់ខាងលើនេះយ៉ាងដុតដៃដុតជើងបំផុត ក្រោយពីទទូលបណ្ដឹងជនរងគ្រោះជាបន្តបន្ទាប់ ។

ប៉ុន្តែនៅពេលជនទាំង២នាក់ធ្វើសកម្មភាពចុងក្រោយ ទើបកម្លាំងជំនាញធ្វើការស្រាវជ្រាវកំណត់មុខសញ្ញានេះបានេហូតឈានដល់ការឃាត់ខ្លួនពួកគេ ថែមទាំងដកហូតវត្ថុតាងមួយចំនួនផង ។

លោកឈឿង គឹមសុង បានបញ្ជាក់ថា ជាមួយនឹងការឃាត់ខ្លួននេះ មន្ត្រីជំនាញដកហូតបានវត្ថុតាងមាន រទេះដឹកម៉ាស៊ីនកិនទឹកអំពៅចំនួន០១ និង កាបូបពណ៌ខ្មៅដែលជនសង្ស័យធ្វើសកម្មភាពឆក់បានពីជនរងគ្រោះចំនួន០១ ។ ពេលនេះ មន្ត្រីជំនាញកំពុងសាកសួរជនដៃដល់ទាំងនាក់ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការហើយ៕

ដកស្រង់ពី៖កោះសន្តិភាព