បណ្តាញសង្គម

សាលាដំបូង ក្រុងភ្នំពេញ ជម្រះក្តី លើស្ត្រីម្នាក់ ជាប់ពាក់ព័ន្ធ នឹងការក្លែងខ្លួន ជាក្មួយស្រីបង្កើត សម្តេចនាយករដ្ឋមន្ត្រី ដើរបោកលុយគេ

ភ្នំពេញ៖ សាលាដំបូង រាជធានីភ្នំពេញ កាលថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៤ បានបើកសវនាការ ជំនុំជម្រះ និងកាត់ទោស ស្ត្រីជាប់ចោទម្នាក់ ដែលបានក្លែងខ្លួន ជាសាច់ញាតិ ជាក្មួយស្រីបង្កើត របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជជាណាចក្រកម្ពុជា  ឆបោកប្រាក់ចំនួន ១២០០០ ដុល្លារអាមេរិក ពីជនរងគ្រោះម្នាក់ ដែលជាថៅកែ លក់ដីខ្សាច់ម្នាក់ រស់នៅក្នុង ខេត្តកោះកុង

តាមរូបភាព តាំងខ្លួនគាត់ ជាថៅកែឡានដឹកដី នៅក្នុងខេត្តកំពង់ឆ្នាំង ជាខ្សែស្រឡាយ របស់មន្ត្រីមានអំណាច និង ជាក្មួយស្រីបង្កើត របស់ សម្តេចតេជោ ហ៊ុន សែន និង បានធានាស៊ីឈ្នួល ដឹកដីខ្សាច់ ជូនជនរងគ្រោះ ពីខេត្តកោះកុង មកស្រុក វាលវែង ខេត្ត ពោធិ៍សាត់ ក៏ប៉ុន្តែនៅពេល ដែលទទួលបាន ប្រាក់កក់ ពីជនរងគ្រោះ ចំនួន ១២០០០ដុល្លារនោះ ស្ត្រីជាប់ចោទរូបនេះ បានគេចខ្លួន បាត់ស្រមោល ឈឹងតែម្តង។ 

លោក នី ឆែ ចៅក្រមជំនុំជម្រះ នៃ សាលាដំបូង រាជធានីភ្នំពេញ បានឲ្យដឹងថា ជនជាប់ចោទ មានឈ្មោះប៊ុន សុផាឡៃ ហៅកង ស្រីនិច ភេទស្រី អាយុ៤២ឆ្នាំ មានស្រុកំណើត នៅស្រុកបាណន ខេត្តបាត់ដំបង ។

លោកចៅក្រម បានបន្ថែមថា ស្ត្រីជាប់ចោទ ឈ្មោះ  ប៊ុន សុផាឡៃ ហៅ កង ស្រីនិច ត្រូវបាន ចាប់ខ្លួន ដោយ សមត្ថកិច្ច នគរបាលព្រហ្មទណ្ឌ នៃក្រសួងមហាផ្ទៃ កាលពីថ្ងៃទី២៦ ខែមិថុនា ឆ្នាំ ២០១៣ តាមបណ្តឹងរបស់ ឈ្មោះ ឡឹក សុផារិទ្ធិ  ភេទប្រុស មានមុខរបរ ជាពាណិជ្ជករ (លក់ដីខ្សាច់) រស់នៅក្នុង ខេត្តកោះកុង ជាប់ពាក់ព័ន្ធ នឹងករណី ឆបោកប្រាក់ ចំនួន ១២០០០ ដុល្លារអាមេរិក តាមរូបភាពស៊ីឈ្នួល ដឹកដីខ្សាច់ ពីខេត្តកោះកុង មកស្រុកវាលវែង ខេត្តពោធិ៍សាត់ ក៏ប៉ុន្តែក់ នៅពេលទទួលបាន ប្រាក់កក់ ចំនួន ១២០០០ដុល្លារ ពីជនរងគ្រោះនោះ ឈ្មោះ ប៊ុន សុផាឡៃ ហៅ កង ស្រីនិច  ក៏បានរត់គេចខ្លួន បាត់ស្រមោលឈឹងតែម្តង រហូតដល់ ត្រូវបានចាប់ខ្លួន  ដោយ សមត្ថកិច្ចនគរបាល កាលពីកំឡុងខែ មិថុនា ២០១៣។ 

 

សាលាដំបូងរាជធានីភ្នំពេញ នឹងប្រកាសសាលក្រម នៃ សំណុំរឿងនេះ នៅថ្ងៃ ទី ៣ ខែ តុលា ២០១៤ ខាងមុខនេះ៕

ដកស្រង់ពី៖ ដើមអម្ពិល