បណ្តាញសង្គម

មានទាំងប្រុស មានទាំងស្រី​កំពុង​ពពាក់ពពូនគ្នា​​ក្នុង​បន្ទប់ជួល​ សមត្ថកិច្ច​ចុះឆ្មក់​

រាជធានីភ្នំពេញ ៖ កម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលដង្កោសហការជាមួយកម្លាំងផ្នែកនគរបាលប្រឆាំងគ្រឿងញៀន នៃអធិការដ្ឋាននគរបាលខណ្ឌដង្កោ ក្រោមការដឹកនាំដោយលោកវរសេនីយ៍ឯកជឹម សុីថា អធិការនគរបាលខណ្ឌ បានធ្វើការស្រាវជ្រាវរហូតឈានដល់ការចុះទៅឃាត់ខ្លួនយុវជន និងយុវតីចំនួន៨នាក់ ខណៈកំពុងនាំគ្នាស្នាក់នៅក្នុងបន្ទប់ផ្ទះជួលមួយកន្លែងជុំគ្នា ធ្វើសកម្មភាពជួញដូរនិងប្រើប្រាស់គ្រឿងញៀន ។

នៅក្នុងចំណោមនោះមានម្នាក់ជាអ្នកជួញដូរ ហើយកម្លាំងបានរកឃើញថ្នាំញៀន១កញ្ចប់ផងដែរ ចំណែក៧នាក់ទៀតជាអ្នកប្រើប្រាស់ លុះក្រោយពេលនាំយកទៅធ្វើតេស្តទឹកនោម ជាលទ្ធផលបង្ហាញថា យុវជនទាំងនោះសុទ្ធតែមានសារធាតុញៀននៅក្នុងខ្លួនគ្រប់ៗគ្នាថែមទៀតផង។

ប្រតិបត្តិការចុះបង្ក្រាបករណីខាងលើនេះបានធ្វើឡើងកាលពីវេលាម៉ោង៤និង៤០នាទីរសៀលថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២០ នៅចំណុចក្នុងបន្ទប់ផ្ទះជួលលេខ១០ ស្ថិតក្នុងភូមិខ្វា សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។

យុវជននិងយុវតីដែលត្រូវឃាត់ខ្លួនទាំង៨នាក់ខាងលើនោះ រួមមាន ១-ឈ្មោះ ផេង តុលា ភេទប្រុស អាយុ១៨ឆ្នាំ ២-ឈ្មោះ ឆាយ សុវណ្ណា ភេទប្រុស អាយុ១៩ឆ្នាំ អ្នកទាំង២នាក់នេះស្នាក់នៅក្នុងភូមិសំបួរ សង្កាត់ដង្កោ ខណ្ឌដង្កោ ៣-ឈ្មោះ ផេង បញ្ញា ភេទប្រុស អាយុ២៤ឆ្នាំ ៤-ឈ្មោះ ជុន ចាន់ណា ភេទប្រុស អាយុ៣៤ឆ្នាំ ៥-ឈ្មោះ ឡេង ស្រីភ័ស្ស ភេទស្រី អាយុ១៨ឆ្នាំ ៦-ឈ្មោះ ផល ស្រីចាន់ ភេទស្រី អាយុ១៨ឆ្នាំ ៧-ឈ្មោះ ឈៀង ស្រីណាង ភេទស្រី អាយុ១៨ឆ្នាំ អ្នកទាំង៥នាក់នេះស្នាក់នៅក្នុងបន្ទប់ជួលស្ថិតនៅភូមិខ្វា សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ និង៨-ឈ្មោះ ចាន់ ម៉ានុត ភេទប្រុស អាយុ១៨ឆ្នាំ ស្នាក់នៅសង្កាត់ផ្សារដើមគ ខណ្ឌដង្កោ រាជធានីភ្នំពេញ។ក្រោយឃាត់ខ្លួនក្រុមយុវជននិងយុវតីខាងលើ នគរបាលដកហូតបានវត្ថុតាងមួយចំនួនដូចជា ថ្នាំញៀន១កញ្ចប់, ម៉ូតូមួយគ្រឿងម៉ាកហុងដា ធុនសេ១១០ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ ១BK-១៨២១, ទូរស័ព្ទ៣គ្រឿង, ទុយោជ័រសម្រាប់ចូកថ្នាំញៀនមួយចំនួន និងដាវកែច្នៃ១ដើម។

តាមប្រភពពីនគរបាលបានឱ្យដឹងថា នៅមុនពេលឈានដល់ការចាប់ខ្លួនជនសង្ស័យទាំងអស់នោះនគរបាលបានទទួលព័ត៌មានមកថាមានមនុស្សប្រុសស្រី១ក្រុមកំពុងស្នាក់នៅជុំគ្នានៅក្នុងបន្ទប់ផ្ទះជួលមួយកន្លែងខាងលើ ពេលនោះលោកវរសេនីយ៍ឯកជឹម សុីថា អធិការនគរបាលខណ្ឌដង្កោ បានដឹកនាំនិងបញ្ជាកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលដង្កោ សហការជាមួយកម្លាំងផ្នែកនគរបាលប្រឆាំងគ្រឿងញៀន នៃអធិការដ្ឋាននគរបាលខណ្ឌដង្កោចុះទៅធ្វើការឃាត់ខ្លួន។

តាមប្រភពដដែលបានបន្តថា បន្ទាប់មកធ្វើការឆែកឆេររកឃើញវត្ថុតាងខាងលើរួចបាននាំទៅសាកសួរ ទើបដឹងថានៅក្នុងចំណោមមនុស្សទាំង៨នាក់នេះមានម្នាក់ជាអ្នកជួញដូរ និង៧នាក់ទៀតគឺជាអ្នកប្រើប្រាស់ មិនតែប៉ុណ្ណោះក្រោយពីការធ្វើតេស្តពិនិត្យទឹកនោមជាលទ្ធផលរកឃើញថាពួកគេសុទ្ធតែមានសារធាតុញៀននៅក្នុងខ្លួនគ្រប់ៗគ្នាថែមទៀតផង ហើយពេលនេះកម្លាំងបានកសាងសំណុំរឿងដើម្បីបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញចាត់ការតាមច្បាប់ហើយ៕

ដកស្រង់ពី៖កោះសន្តិភាព