បណ្តាញសង្គម

ពលករចាញ់បោកមេខ្យល់ ទៅប្រទេសថៃ ៣៤នាក់ ត្រូវបានកងទ័ពនៅព្រំដែន ជួយសង្គ្រោះ និងបញ្ជូនមកស្នាក់នៅមណ្ឌលចត្តាឡីស័ក ស្រុកស្វាយចេក

(បន្ទាយមានជ័យ)៖ ក្រោយពីបានទទួលបទបញ្ជារបស់ លោកឧត្តមសេនីយ៍ឯក ឯក សំអូន មេបញ្ជាការរង កងទ័ពជើងគោក មេបញ្ជាការ យោធភូមិភាគទី៥ នាយប់ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២០ លោកឧត្តមសេនីយ៍ទោ ឈុន ម៉ៅ មេបញ្ជាការទិសទី១ បន្ទាយមានជ័យ បានដឹកនាំកម្លាំងយោធា ចុះទប់ស្កាត់ និងជួយសង្គ្រោះប្រជាពលរដ្ឋ ដែលចាញ់បោកមេខ្យល់ នាំចេញទៅធ្វើការនៅប្រទេសថៃ បានទាន់ពេលវេលា ហើយក៏បានបញ្ជូន ពលរដ្ឋទាំងនោះទៅស្នាក់នៅមណ្ឌលចត្តាឡីស័ក ស្រុកស្វាយចេក។

ប្រជាពលរដ្ឋដែលចាញ់បោកមេខ្យល់ បានឲ្យដឹងថា មេខ្យល់បានធានានាំពួកគាត់ ឆ្លងដែនទៅប្រទេសថៃ ដោយយកម្នាក់ៗ ចំនួន២៥០០បាត តែមកដល់ចំណុច ខាងលើភាគីថៃបានបិទព្រំដែន មិនឲ្យចូលស្របពេលដែលប្រទះឃើញកម្លាំងយើង ឈរជើងតាមបន្ទាត់ព្រំដែនផងនោះ មេខ្យល់ក៏បានគេចខ្លួនបាត់។ ប្រជាពលករ ដែលចាញ់បោកមេខ្យល់ ទាំង៣៤នាក់នោះ រស់នៅក្នុងខេត្តបន្ទាយមានជ័យ ចំនួន១១នាក់, ខេត្តបាត់ដំបង ចំនួន៤នាក់, ខេត្តពោធិ៍សាត់ ចំនួន១០នាក់, ខេត្តព្រៃវែង ចំនួន៣នាក់, ខេត្តកំពង់ចាម ចំនួន២នាក់, ខេត្តកំពត ចំនួន៤នាក់។ សូមបញ្ជាក់ថា ថៃបានបន្តដាក់ប្រទេស ក្នុងភាពអាសន្ន១ខែបន្តទៀត ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២០៕

ដកស្រង់ពី៖FRESH NEWS