បណ្តាញសង្គម

ហ៊ានម៉្លេះ! គ្រាន់តែ​សួរ​​រឿង​ធ្វេ​ី​ឱ្យ​​កង់​ដួល កូន​​ទាញ​ដុំ​ឥដ្ឋ​ដេញ​វាយ​ម្តាយ​​ឪពុក​

ខេត្តកណ្ដាល ៖ កូនប្រុសម្នាក់ គ្រាន់តែម្ដាយសួរនាំរឿងធ្វើឱ្យកង់ដួល ស្រាប់តែស្ទុះទៅយកដុំឥដ្ឋប្រហោងវាយមកលើម្ដាយ និងឪពុក ព្រមទាំងអ្នកជិតខាងម្នាក់ទៀត បណ្តាលឱ្យរងរបួស ហេីយបំផ្លិចបំផ្លាញទ្រព្យសម្បត្តិនៅក្នុងផ្ទះ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន។

ហេតុការណ៍ខាងលើនេះបានកើតឡើងកាលពីវេលាម៉ោង២និង៣០នាទីរសៀលថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២០ នៅចំណុចផ្ទះមួយកន្លែង ស្ថិតក្នុងភូមិប្រឡាយ ឃុំបឹងខ្យាង ស្រុកកណ្ដាលស្ទឹង ខេត្តកណ្តាល។ ជនរងគ្រោះទាំង៣នាក់ខាងលើរួមមាន ១-ឈ្មោះ សុឹម ចិន្តា ភេទស្រី អាយុ៥១ឆ្នាំ ជាកសិករ ២-ឈ្មោះ ប្រុក សារិន ភេទប្រុស អាយុ៥២ឆ្នាំ និង៣-ឈ្មោះ កឹម វណ្ណី ភេទស្រី អាយុ៦០ឆ្នាំ ។ ជនរងគ្រោះទាំង៣នាក់រស់នៅក្នុងភូមិឃុំកើតហេតុខាងលើ ។

ចំណែកជនសង្ស័យឈ្មោះដា រ៉ា ភេទប្រុស អាយុ២១ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅក្នុងភូមិឃុំកើតហេតុខាងលើ ។តាមប្រភពពីសមត្ថកិច្ចបានឲ្យដឹងទៀតថា មុនពេលកើតហេតុ ជនសង្ស័យបានធ្វើអោយកង់ដួលនៅមុខផ្ទះពេលនោះជនរងគ្រោះជាម្តាយបានសួរនាំពីរឿងដួលកង់នោះ ស្រាប់តែជនសង្ស័យបានស្ទុះយកដុំឥដ្ឋប្រហោងវាយក្បាលជនរងគ្រោះជាម្តាយ បណ្តាលអោយពក បន្ទាប់មកជនរងគ្រោះជាម្តាយបានរត់ទៅពួននៅផ្ទះអ្នកជិតខាងបាត់ទៅ ចំណែកជនសង្ស័យបានយកដុំថ្មវាយក្បាលជនរងគ្រោះជាឪពុក បណ្តាលអោយបែកហូរឈាម និងបានវាយបំផ្លិចបំផ្លាញទ្រព្យសម្បត្តិក្នុងផ្ទះ។

តាមប្រភពដដែលបានបន្តថា បន្ទាប់មកជនសង្ស័យបានរត់ចូលទៅផ្ទះអ្នកជិតខាង ដោយជនសង្ស័យមានកាន់ពូថៅជាប់នឹងដៃទៅជាមួយផង ភ្លាមៗនោះជនសង្ស័យបានធាក់ទ្វារដែកផ្ទះបាយ បណ្តាលអោយដាច់ត្រចៀកទ្វាររបេីកត្រូវចំមុខជនរងគ្រោះជាអ្នកជិតខាងដែលឈរក្បែរនោះដួលផ្ងារក្រោយរងរបួសបែកមុខ និងបែកក្បាលពីក្រោយហូរឈាម ត្រូវបានក្រុមគ្រួសារដឹកយកទៅព្យាបាលនៅមណ្ឌលសុខភាពបឹងខ្យាង។

ក្រោយពីទទួលបានពាក្យបណ្តឹងពីជនរងគ្រោះខាងលើភ្លាម កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលបឹងខ្យាងបានចុះដល់ចំណុចកើតហេតុ នឹងធ្វេីការឃាត់ខ្លួនជនសង្ស័យបញ្ជូនមកកាន់អធិការដ្ឋាននគបាលស្រុកចាត់ការតាមនីតិវិធី៕

ដកស្រង់ពី៖កោះសន្តិភាព