៣ករណីផ្សេងគ្នាបង្ក្រាបបានជិត១០នាក់
- សេចក្ដីលម្អិត
- ជំពូក៖ ព័ត៌មានសន្តិសុខសង្គម
ខេត្តបន្ទាយមានជ័យ ៖ លោកវរសេនីយ៍ឯក ធិន ស៊ិនដេត អធិការនគរបាលក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យ បានឲ្យដឹងថា ដោយអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ អាត់ ខែម ស្នងការនគរបាលខេត្តបន្ទាយមានជ័យ និងមានការសម្របសម្រួលពីលោកព្រះរាជអាជ្ញានៃអយ្យការសាលាដំបូងខេត្តបន្ទាយមានជ័យ មាស ច័ន្ទពិសិដ្ឋ កម្លាំងនគរបាលក្រុងប៉ោយប៉ែត បានធ្វើការបង្ក្រាបករណីជួញដូរ និងប្រើប្រាស់គ្រឿងចំនួន៣ករណីជាបន្តបន្ទាប់ និងឃាត់ខ្លួនជនសង្ស័យសរុបចំនួន៧នាក់ រួមទាំងវត្ថុតាងថ្នាំញៀនមួយចំនួន ។
អធិការនគរបាលក្រុងប៉ោយប៉ែតបានឱ្យដឹងបន្តថា ករណីទី១-កាលពីវេលាម៉ោង៣ទៀបភ្លឺថ្ងៃទី២ ខែឧសភា ឆ្នាំ២០២០ កម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលក្រុងប៉ោយប៉ែតបានចុះល្បាតក្នុងភូមិសាស្ត្រសង្កាត់ប៉ោយប៉ែត នៅចំណុចផ្លូវបេតុងមុខកាស៊ីណូប៉ោយប៉ែត ផាលេសផាស់៩៩ ស្ថិតក្នុងភូមិក្បាលស្ពាន១ សង្កាត់ប៉ោយប៉ែត បានឃាត់ខ្លួនមុខសញ្ញាសង្ស័យជួញដូរនិងប្រើប្រាស់គ្រឿងញៀនចំនួន៣នាក់រួមមាន ១-ឈ្មោះយូ សារ៉េត ភេទប្រុស អាយុ៣៩ឆ្នាំ ស្នាក់នៅភូមិបាលិលេយ្យ១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែតមុខរបរមិនពិតប្រាកដ ២-ឈ្មោះកែវ ជីវ៉ា ភេទប្រុស អាយុ២៣ឆ្នាំ ស្នាក់នៅភូមិប្រជាធម្មលិច សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត មុខរបរអាជីវករ ៣-ឈ្មោះសេង ប៊ុនផានុត ភេទប្រុស អាយុ២១ឆ្នាំ ស្នាក់នៅបណ្តោះអាសន្តក្នុងភូមិក្បាលកោះ សង្កាត់ប៉ោយប៉ែត មុខរបរកម្មករ ។
សមត្ថកិច្ចត្រួតពិនិត្យរកឃើញថ្នាំញៀនប្រភេទម្សៅក្រាមពណ៌សចំនួន៥ថង់។ករណីទី២-កាលពីវេលាម៉ោង៨និង២០នាទីយប់ថ្ងៃទី២ ខែឧសភា ឆ្នាំ២០២០ កម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាល បានល្បាតក្នុងភូមិសាស្ត្រត្រង់ចំណុចផ្លូវរថភ្លើងមុខកាស៊ីណូឡាក់គី ស្ថិតក្នុងភូមិប៉ោយប៉ែត ក្រុងប៉ោយប៉ែត បានឃាត់ខ្លួនមុខសញ្ញាសង្ស័យជួញដូរនិងប្រើប្រាស់គ្រឿងញៀនចំនួន២នាក់ ក្នុងនោះម្នាក់ជ័យ សុខា ភេទប្រុស អាយុ៣៩ឆ្នាំ ស្នាក់នៅបណ្តោះអាសន្នក្នុងភូមិប៉ោយប៉ែត សង្កាត់ប៉ោយប៉ែត មុខរបរមិនពិតប្រាកដ និងម្នាក់ទៀតឈ្មោះវុធ ជូ ភេទប្រុស អាយុ៣២ឆ្នាំ ស្នាក់នៅបណ្តោះអាសន្នភូមិក្បាលស្ពាន១ សង្កាត់ប៉ោយប៉ែត ។
សមត្ថកិច្ចពិនិត្យរកឃើញថ្នាំញៀនម្សៅក្រាមពណ៌សចំនួន៦ថង់ ។ករណីទី៣-កាលពីវេលាម៉ោង១និង៣០នាទីរសៀលថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២០ មានប្រជាពលរដ្ឋបានរាយការណ៍មកថា មានករណីជួញដូរនិងប្រើប្រាស់គ្រឿងញៀន នៅចំណុចអន្លង់ស្វាយ សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ភ្លាមៗនោះកម្លាំងនគរបាលប៉ុស្តិ៍និមិត្តបានចុះទៅដល់កន្លែងដែលមុខសញ្ញាកំពុងតែប្រព្រឹត្តជាក់ស្តែង និងចាប់ឃាត់ខ្លួនមុខសញ្ញាជនសង្ស័យចំនួន២នាក់ ក្នុងនោះម្នាក់ឈ្មោះ សិត បេ ភេទប្រុស អាយុ៤២ឆ្នាំ នៅភូមិអន្លង់ស្វាយ សង្កាត់និមិត្ត ក្រុងប៉ោយប៉ែតុំ និងម្នាក់ទៀតឈ្មោះ តំ ចាន់ ភេទប្រុស អាយុ២០ឆ្នាំ នៅភូមិយាងថ្មី សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ។
សមត្ថកិច្ចពិនិត្យរកឃើញម្សៅក្រាមក្រាមពណ៌សចំនួន៣ថង់, ជញ្ជីងសម្រាប់ថ្លឹងថ្នាំញៀន១, សំបកថង់ប្លាស្ទិកមួយចំនួន, ទុយោកែច្នៃសម្រាប់ជក់១, បំពង់កែវសម្រាប់ជក់៣, កាំភ្លើងកែច្នៃបាញ់គ្រាប់រំសេវ១ដើម, កាំបិត១ និងពូថៅ១។លោកវរសេនីយ៍ទោ ង៉េង សុជា ស្នងការរង ទទួលការងារប្រឆាំងគ្រឿងញៀនបានបញ្ជាក់ថា ជនសង្ស័យទាំង៧នាក់ រួមទាំងវត្ថុតាងទាំងអស់ខាងលើ ត្រូវបានកម្លាំងនគរបាលការិយាល័យប្រឆាំងគ្រឿងញៀនកំពុងរៀបចំសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តបន្ទាយមានជ័យ ដើម្បីចាត់ការតាមនីតិវិធី ៕
ដកស្រង់ពី៖កោះសន្តិភាព