បណ្តាញសង្គម

តុលាការសម្រេចហើយ! ជនម្នាក់ខឹងរឿង​សុំ​សាកថ្មទូរស័ព្ទអត់ចូល ផ្ទុះកំហឹងដេញកាប់ម្ចាស់​ផ្ទះ​

ខេត្តកណ្តាល ៖ បុរសម្នាក់ដើរផឹកស៊ីហើយរករឿងដេញវាយកាប់អ្នកដទៃ ត្រូវបានលោក អាត ចន្ទ័ដារា ចៅក្រមស៊ើបសួរសាលាដំបូងខេត្តកណ្តាល កាលពីល្ងាចថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២០ បានសម្រេចចេញដីការឃុំខ្លួន ដាក់ពន្ធនាគារបណ្តោះអាសន្នពីបទ «ហិង្សាដោយចេតនា និងធ្វើឲ្យខូចខាតដោយចេតនា» តាមមាត្រា២១៧ និងមាត្រា៤១០ នៃក្រមព្រហ្មទណ្ឌ ដែលប្រព្រឹត្តនៅភូមិស្ទឹងជ្រៅ សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្តាល កាលពីវេលាម៉ោង១និង៣០នាទីរសៀលថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២០ ។

ជនត្រូវចោទឈ្មោះ សុខ ពិសិដ្ឋ ភេទប្រុស អាយុ២៧ឆ្នាំ មានទីលំនៅភូមិស្ទឹងជ្រៅ សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្តាល មុខរបរមិនពិតប្រាកដ ។ ចំណែកជនរងគ្រោះឈ្មោះ ស៊ុន សុផាត ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរចុងភៅ មានទីលំនៅភូមិស្ទឹងជ្រៅ សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្តាល ។

គួររំលឹកថា តាមប្រភពពីសមត្ថកិច្ចនៃអធិការនគរបាលក្រុងតាខ្មៅបានឲ្យដឹងថា មុនពេលកើតហេតុ ជនសង្ស័យបានផឹកស្រាស្រវឹង ហើយដើរមកផ្ទះជនរងគ្រោះសុំសាកថ្មទូរស័ព្ទ លុះពេលសាកថ្មទូរស័ព្ទអត់ចូល ជនសង្ស័យខឹងក៏បានទាញផ្តាច់ខ្សែភ្លើងចោល ពេលនោះជនរងគ្រោះបានសួរនាំក៏កើតជាទំនាស់ប្រតាយប្រតប់គ្នា ។

តាមប្រភពដដែលបានបន្តថា បន្ទាប់មកជនសង្ស័យបានរត់ទៅផ្ទះរបស់ខ្លួនយកកាំបិតប៉័ងតោគប់ទៅលើជនរងគ្រោះតែអត់ត្រូវ ហើយទៅយកកាំបិតផ្គាក់មកដេញកាប់ជនរងគ្រោះទៀត តែជនរងគ្រោះបានរត់ចូលផ្ទះចាក់សោបន្ទប់ជាប់ ទើបជនសង្ស័យកាប់សសរផ្ទះរបស់ជនរងគ្រោះ បណ្តាលឲ្យបែកបាក់ជាច្រើនកន្លែង និងយកកាំភ្លើងកែច្នៃបាញ់គ្រាប់កង់បាញ់ចូលផ្ទះជនរងគ្រោះ បណ្តាលឱ្យធ្លុះពិតានមួយកន្លែង ទៀត។

ក្រោយពេលកើតហេតុ ជនរងគ្រោះបានប្តឹងសមត្ថកិច្ចប៉ុស្តិ៍ដើមមៀនអោយចុះមកជួយអន្តរាគមន៍ និងធ្វើការឃាត់ខ្លួនជនសង្ស័យបញ្ជូនមកកាន់អធិការដ្ឋាននគរបាលក្រុងតាខ្មៅដេីម្បីចាត់ការបន្តតាមនីតិវិធីតែម្តង៕

ដកស្រង់ពី៖កោះសន្តិភាព