បណ្តាញសង្គម

ខ្លាំង​មែន​! រក​សី​ុ​គ្រឿងញៀនប្រើ​សុទ្ធតែ​ដ្រូ​នតាមដាន​សមត្ថកិច្ច​

ខេត្តស្ទឹងត្រែង ៖ ជនសង្ស័យចំនួន២នាក់ត្រូវកម្លាំងការិយាល័យប្រឆាំងគ្រឿងញៀននៃស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែងឃាត់ខ្លួន ក្រោយធ្វើសកម្មភាពរក្សាទុក និងចែកចាយនូវសារធាតុញៀខុសច្បាប់ ។ទាក់ទិននឹងករណីខាងលើនេះ សមត្ថកិច្ចបានបញ្ជាក់ថា ការបង្ក្រាបឃាត់ខ្លួនជនសង្ស័យទាំង២នាក់ខាងលើនេះ កម្លាំងជំនាញបានធ្វើឡើងនៅទីតាំង២ផ្សេងគ្នា ។

ដោយម្នាក់ឃាត់ខ្លួននៅស្រុកសៀមប៉ាង និងម្នាក់ទៀតឃាត់ខ្លួននៅក្នុងក្រុងស្ទឹងត្រែងក្នុងថ្ងៃរយៈពេល២បន្តបន្ទាប់គ្នាគឺថ្ងៃទី៩ និងទី១០ ខែឧសភា ឆ្នាំ២០២០នេះ ។

នគរបាលការិយាល័យប្រឆាំងគ្រឿងញៀននៃស្នងការដ្ឋាននគរបាលខេត្តឲ្យដឹងថា កម្លាំងអធិការដ្ឋាននគរបាលស្រុកសៀមប៉ាងបានចុះបង្ក្រាបករណីជួញដូរ និងរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀននៅចំនុចភូមិញ៉ាំងស៊ុម ឃុំសេកុង ស្រុកសៀមប៉ាង ។

ក្នុងនោះសមត្ថកិច្ច ដកហូតបាននូវវត្ថុតាងថ្នាំញៀនប្រភេទមេតំហ្វេតាមីន ម្សៅថ្លាពណ៌ស (Ice) ចំនួន៦កញ្ចប់តូច និងបានឃាត់ខ្លួនជនសង្ស័យបានម្នាក់ ឈ្មោះ បាង សុគា ភេទប្រុស អាយុ៤១ឆ្នាំ មុខរបរកសិករ មានទីលំនៅក្នុងភូមិញ៉ាំងស៊ុម ឃុំសេកុង ស្រុកសៀមប៉ាង កាលពីវេលាម៉ោង១និង៥នាទីក្នុងថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២០។

ក្រោយការសារភាពរបស់ជនសង្ស័យឈ្មោះបាង សុគា នៅព្រឹកថ្ងៃទី១០ ឧសភានេះ កម្លាំងសមត្ថកិច្ចជំនាញ បានបន្តទៅចុះឆែកឆេរលំនៅដ្ឋានឈ្មោះ សុខ ជីវិន ភេទប្រុស អាយុ៤០ឆ្នាំ មុខរបរលក់ដូរ ស្ថិតនៅក្នុងភូមិហាងខូបាន សង្កាត់សាមគ្គី ក្រុងស្ទឹងត្រែង ក្នុងនោះដែរ សមត្ថកិច្ចរកឃើញវត្ថុតាងថ្នាំញៀនប្រភេទមេតំហ្វេតាមីន(Ice) បានចំនួន២កញ្ចប់ទៀត។

នគរបាលប្រឆាំងគ្រឿងញៀនបានបន្តឲ្យដឹងទៀតថា ជនសង្ស័យ ឈ្មោះ សុខ ជីវិន គឺជាមុខសញ្ញាចាស់ ដែលសមត្ថកិច្ចបានធ្វើការឡោមព័ទ្ធផ្ទះចំនួន៣លើកមកហើយ តែមិនអាចបង្ក្រាបបានឡើយ ដោយជនល្មើសបានប្រើប្រាស់ឧបករណ៍ដ្រូនចាប់រូបភាពសម្រាប់ឃ្លាំមើលពីសកម្មភាពរបស់សមត្ថកិច្ច ហេតុនេះហើយទើបសមត្ថកិច្ចមិនអាចបំបែកករណីល្មើសច្បាប់បាន រហូតមកដល់ពេលនេះ ដោយផ្អែកលើចម្លើយសារភាពពីបក្ខពួក រួមផ្សំនឹងវត្ថុតាងបទល្មើសជាក់ស្តែងផងនោះ ទើបសមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យតែម្តង ។

បច្ចុប្បន្ន ជនសង្ស័យទាំងពីរនាក់រួមនឹងវត្ថុតាងបទល្មើសគ្រឿងញៀន កំពុងត្រូវបានសមត្ថកិច្ចជំនាញ នៃការិយាល័យប្រឆាំងគ្រឿងញៀន កសាងសំណុំរឿង ដើម្បីត្រៀមបញ្ជូនទៅកាន់អយ្យការអមសាលាដំបូងខេត្តចាត់ការទៅតាមនិតិវិធីច្បាប់ ៕

ដកស្រង់ពី៖កោះសនត្តិភាព