បណ្តាញសង្គម

អស់ពីឮ​ស្រែកឡូឡា ​ឃើញ​មនុស្ស​​តោង​វេ​រ៉ង់ដា​អគារ​ជាន់​​ទី​​៧

រាជធានីភ្នំពេញ ៖ បុរសម្នាក់បានបាត់បង់ជីវិត ខណៈកំពុងបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យនៅក្នុងហេតុការណ៍ធ្លាក់ពីសណ្ឋា គារឡាក់គីស្តារ២ ជាន់ទី៧ បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១០យប់ថ្ងៃទី១០ ឧសភា បណ្តោយផ្លូវ៣៣៦ សង្កាត់ផ្សារដើមគ ខណ្ឌទួលគោក ។

ទាក់ទិនហេតុករណ៍នេះដែរ តាមប្រភពព័ត៌មានពីកន្លែងកើតហេតុថា គេបានឮសំឡេងស្រែកឡូឡាចេញមកពីសណ្ឋាគារកើតហេតុ តែមិនដឹងថាមានរឿងអ្វីនោះទេ ។

មួយស្ទុះក្រោយមក ក៏ស្រាប់តែមានបុរសម្នាក់មិនស្គាល់អត្តសញ្ញាណ វ័យ៣០ឆ្នាំ បានតោងឡើងទៅលើបង្កាន់ដៃវេរ៉ងដា នៅជាន់ទី៧ នៃសណ្ឋាគារឡាក់គីស្តារ2 ហើយធ្វើសកម្មភាពលោតទម្លាក់ខ្លួនចុះមកខាងក្រោម ធ្លាក់ទៅចំទើរលើដំបូលយ៉ាបនៅជាន់ទី២ បណ្ដាលឲ្យវៀចដែកមេដំបូលនិងរហែកដំបូលសង្ក័កសីមួយសន្លឹក ។

បន្ទាប់ពីកើតហេតុ បុគ្គលិកបំរើការនៅក្នុងសណ្ឋាគារឡាក់គីស្តារ2បានទំនាក់ទំនងទៅកាន់រថយន្តសាមុយ ឲ្យមកដឹកយកជនរងគ្រោះទៅសង្គ្រោះនៅឯមន្ទីរពេទ្យកាលម៉ែតភ្លាមៗ ។

ប៉ុន្តែជាអកុសល ខណៈពេលដែលបញ្ជូនទៅកាន់មន្ទីរពេទ្យបុរសរងគ្រោះបានដាច់ខ្យល់បាត់ទៅហើយ ។ សមត្ថកិច្ចមូលដ្ឋានមកដល់កន្លែងកើតហេតុបានរាយការណ៍ជូនសមត្ថកិច្ចជំនាញកោសល្យវិច័យ ឲ្យចុះមកត្រួតពិនិត្យនៅទីតាំងកន្លែងកើតហេតុផងដែរ។ក្រោយធ្វើការត្រួតពិនិត្យនៅទីតាំងកើតហេតុ សមត្ថកិច្ចបានបញ្ជាក់យ៉ាងខ្លីថា បុរសរងគ្រោះគឺជាភ្លៀវដែលបានចូលទៅជួលបន្ទប់លេខ៧០៩ នៅជាន់ទី៧ ដើម្បីស្នាក់នៅ។

បន្ទាប់មក បុរសរងគ្រោះក៏បានឡើងតាមវេរ៉ងដាធ្វើអត្តឃាតលោតសម្លាប់ខ្លួនតែម្តង សង្ស័យមានវិបត្តិផ្លូវចិត្ត ។ បច្ចុប្បន្នសពបុរសរងគ្រោះ ត្រូវបានតម្កល់នៅមន្ទីរពេទ្យកាល់ម៉ែត រង់ចាំស្រាវជ្រាវរកសាច់ញាតិឲ្យមកទទួលយកទៅធ្វើបុណ្យទៅតាមប្រពៃណី។ ខណៈសមត្ថកិច្ចកំពុងស៊ើបនិងស្រាវជ្រាវបន្តទៀត ។ កោះសន្តិភាពនឹងមានផ្សាយជូនបន្តទៀត ។

ដកស្រង់ពី៖កោះសន្តិភាព