បណ្តាញសង្គម

យោធា​ ដែលកាប់​និង​បាញ់​សម្លាប់​ប្រពន្ធ​និង​ស្ត្រី​ម្នាក់​ទៀត ទាល់ច្រក! សម្រេច​បញ្ចប់ជីវិត

ខេត្តឧត្តរមានជ័យ ៖ ស្ត្រី២នាក់ស្លាប់បាត់បង់ជីវិត យ៉ាងអាណោចអាធម នៅក្នុងថ្លុកឈាម ខណៈបុរសជាប្តីមានចិត្តសាហាវព្រៃផ្សៃទាញ់កាំបិតកាប់ និងបាញ់ស្លាប់។

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១និង៤០នាទីរសៀលថ្ងៃទី១១ ឧសភា ២០២០ ស្ថិតនៅផ្ទះស្ត្រីរងគ្រោះ ក្នុងភូមិកន្ទុយជួន ឃុំបេង ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ ។

ជនដៃដល់ជាឃាត់ករ ដែលបាញ់សម្លាប់ប្រពន្ធរបស់ខ្លួន នឹងស្ត្រីម្នាក់ទៀត មានឈ្មោះសឿន កាន់ ភេទប្រុស អាយុ៥៥ឆ្នាំ មុខរបរ ជាទាហាន មានឋានៈ នាយសំណង់ អង្គភាពវរៈសេនាតូចលេខ២៤៣ កងពលតូចថ្មើជើងអន្តរាគមន៍លេខ៤ ឈរជើងក្នុងភូមិសាស្ត្រកើតហេតុខាងលើ ។ ស្ត្រីរងគ្រោះជាប្រពន្ធឈ្មោះង៉ែត រ៉េន អាយុ៥០ឆ្នាំ និងស្ត្រីម្នាក់ទៀតឈ្មោះ ឡាច តាំងស្ម័គ្រ អាយុ៣០ឆ្នាំ អ្នកទាំង២នាក់រស់នៅក្នុងភូមិឃុំកើតហេតុខាងលើ ។

ប្រជាពលរដ្ឋអ្នកភូមិ ដែលមានទីលំនៅក្បែផ្ទះកើតហេតុ បានឱ្យកោះសន្តិភាពដឹងថា មុនពេលកើតហេតុ គេបានសង្កេតឃើញប្តីប្រពន្ធនេះតែងតែកើតមានជម្លោះគ្នាជាញឹកញាប់ផងដែរ ដោយសាតែរឿងប្រចណ្ឌដាក់គ្នា ទៅវិញទៅមក ហើយបុរសជាប្តីរូបនេះ ក៍មានប្រពន្ធជាច្រើនរាប់មិនអស់ផងដែរ ។

ប្រជាពលរដ្ឋដដែល បានបញ្ចាក់ថា ក្នុងថ្ងៃកើតហេតុ គេបានឃើញស្ត្រីជាប្រពន្ធដៃដល់ បានដើរមកលេងនៅផ្ទះឈ្មោះ ឡាច តាំងស្ម័គ្រ បានមួយសន្ទុះ ក៍ឃើញបុរស់ជាប្តីដើរមកតាម ពេលមកដល់ស្រាប់តែឮសំឡេងឈ្លោះគ្នាយ៉ាងតឹងសរសៃករៀងៗខ្លួន ចំណែកបុរសជាប្តី បានទាញយកកាំបិត មកកាប់ប្រពន្ធរបស់ខ្លួន ចំកណ្តាលថ្ងាសមួយកាំបិត ភ្លាមៗនោះស្ត្រីម្នាក់ទៀត ឈ្មោះឡាច តាំងស្ម័គ្រ បានស្ទុះទៅជួយ ដោយយកក្រណាត់រុំ ហើយបុរសជាជនដៃដល់ បានស្ទុះទៅលើផ្ទះ ទាញ់យកកាំភ្លើង អាកាមួយដើម បាញ់សម្លាប់ស្ត្រីទាំង២នាក់ ស្លាប់បាត់បង់ជីវិត ទើបរត់គេចខ្លួន ។

ដោយជនសង្ស័យ ឈ្មោះ សឿន កាន់ បានព្យាយាមរត់គេចខ្លួន ដោយយកកាំភ្លើងម៉ាក AK មួយដើម មានគ្រាប់ចំនួន១២០គ្រាប់ ជាប់ជាមួយខ្លួនផងដែរ ខណៈកងកម្លាំងសមត្តកិច្ច បាននិងកំពុងតាមប្រមាញ់ ។

បើតាមប្រភពព័ត៌មានបានអោយដឹងថា នៅរសៀលថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២០នេះ កម្លាំងយោធា និងសមត្ថកិច្ចជាច្រើននាក់ បានតាមឡោមព័ទ្ធមន្ដ្រីយោធា សឿន កាន់ ដើម្បីចាប់ខ្លួន ប៉ុន្ដែជនដៃមិនព្រមស្ដាប់តាមសមត្ថកិច្ច រហូតបាញ់តមកសមត្ថកិច្ចទៀតផង តែមិនបណ្ដាលឲ្យនរណាម្នាក់រងរបួសនោះទេ ។ យ៉ាងណា ជនដៃដល់ទាល់ច្រក មិនអាចរត់គេចខ្លួនបាន ក៏បានសម្រេចបាញ់សម្លាប់ខ្លួនឯងស្លាប់ភ្លាមៗតែម្ដង ៕

ដកស្រង់ពី៖កោះសន្តិភាព