បណ្តាញសង្គម

ហៅ​កង់​បី​ជិះថាទៅយកលុយត្រូវឆ្នោត បែរជា​លេងល្បិចម៉ាស្អាតដាក់ម្ចាស់​កង់បី​

រាជធានីភ្នំពេញ ៖ បុរសជាអ្នករត់ម៉ូតូកង់បីឥណ្ឌាម្នាក់ ខណៈកូនទើបតែទិញទូរស័ព្ទឱ្យប្រើ ស្រាប់តែមានបុរសម្នាក់ និងស្ត្រីម្នាក់ហៅឱ្យដឹកថាទៅយកលុយត្រូវឆ្នោត បន្ទាប់មកបុរសជាជនសង្ស័យបានសុំខ្ចីទូរស័ព្ទរបស់ជនរងគ្រោះ ហើយរត់គេចខ្លួនចូលក្នុងផ្សារទំនើបបាត់ ដោយបន្សល់ទុកស្ត្រីម្នាក់នៅលើម៉ូតូកង់បី ត្រូវសមត្ថកិច្ចឃាត់ខ្លួនយកទៅសួរនាំ ។

ហេតុការណ៍ខាងលើបានបង្កឱ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៧យប់ថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២០ នៅចំណុចការាស់សាំងមួយកន្លែង តាមបណ្តោយផ្លូវ២១៧កែងផ្លូវ១៨២ ស្ថិតក្នុងសង្កាត់អូរឫស្សី២ ខណ្ឌ៧មករា ។ជនរងគ្រោះឈ្មោះឃុត សារឿន ភេទប្រុស អាយុ៤៦ឆ្នាំ មុខរបររត់រ៉ឺម៉កម៉ូតូកង់បីឥណ្ឌា ស្នាក់នៅក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ មានស្រុកកំណើតនៅឃុំអូសារ៉ាយ ស្រុកត្រាំកក់ ខេត្តតាកែវ ។

ចំណែកបុរសជាជនសង្ស័យម្នាក់ដែលរត់គេចខ្លួនបាត់ មិនស្គាល់អត្តសញ្ញាណនោះទេ រីឯស្ត្រីម្នាក់ដែលត្រូវសមត្ថកិច្ចឃាត់ខ្លួន ក៏មិនស្គាល់អត្តសញ្ញាណដែរ ។

តាមប្រភពព័ត៌មានពីសមត្ថកិច្ចមូលដ្ឋានបានអោយដឹងថា មុនពេលកើតហេតុ មានជនសង្ស័យ២នាក់(ប្រុសម្នាក់ និងស្រីម្នាក់) បានហៅជនរងគ្រោះអោយដឹកពីមុខវត្តអង្គតបុរី ផ្លូវសហព័ន្ធរុស្សី សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ទៅកាន់ម្តុំចាក់អង្រែ ក្នុងតំលៃ៣ម៉ឺនរៀល ក្នុងគោលបំណងទៅបើកលុយត្រូវឆ្នោតចំនួន៨០ម៉ឺនរៀល បន្ទាប់មកក៏ធ្វើដំណើរកាត់តាមផ្សារដេប៉ូ ហើយបុរសជាជនសង្ស័យបានខ្ចីទូរស័ព្ទរបស់ជនរងគ្រោះ ខណៈពេលមកដល់មុខផ្សារទំនើបមួយកន្លែង ស្រាប់តែបុរសជាជនសង្ស័យបានរត់គេចខ្លួនចូលក្នុងផ្សារទំនើបបាត់ នៅសល់ស្ត្រីម្នាក់ដែលជិះជាមួយ ត្រូវសមត្ថកិច្ចឃាត់ខ្លួនយកទៅសួរនាំនៅប៉ុស្តិ៍រដ្ឋបាលនគរបាលអូរឬស្សី២ ។

តាមប្រភពពីអ្នកចាក់សាំងនៅចំណុចកើតហេតុខាងលើបាននិយាយថា កន្លងមកតែងតែមានជនសង្ស័យធ្វើសកម្មភាពបែបនេះ២ទៅ៣ដងមកហើយ ។

ចំណែកជនរងគ្រោះជាអ្នករត់កង់បីឥណ្ឌាបាននិយាយថា ទូរស័ព្ទមួយគ្រឿងដែលត្រូវជនសង្ស័យយកទៅបាត់នោះ គឺកូនរបស់គាត់ទើបតែទិញក្នុងតម្លៃ២១៥ដុល្លារយកមកអោយគាត់ប្រើទុកដឹកភ្ញៀវ ។

ក្រោយពេលកើតហេតុ ស្ត្រីជាជនសង្ស័យខាងលើត្រូវបានសមត្ថកិច្ចកសាងសំណុំរឿងដើម្បីចាត់ការទៅតាមនីតិវិធី រីឯបក្ខពួកម្នាក់ដែលធ្វើសកម្មភាពរួចរត់គេចខ្លួនបាត់ ត្រូវបានសមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវតាមចាប់ខ្លួនដើម្បីយកមកផ្តន្ទាទោសតាមច្បាប់ ៕

ដកស្រង់ពី៖កោះសន្តិភាព