បណ្តាញសង្គម

​តំណាង​អយ្យកា​របើក​ការ​ស៊ើបសួរ​លើ​សំណុំរឿង​ចិន​ចាប់ជំរិត​ចិន​

រាជធានីភ្នំពេញ ៖ តំណាងអយ្យការសាលាដំបូងរាជធានីភ្នំពេញបានបើកការស៊ើបសួរលើសំណុំរឿងជនជាតិចិនចាប់ជនជាតិចិនដូចគ្នាជម្រិតទាប្រាក់២០ម៉ឺនយ័ន ខណៈកម្លាំងសមត្ថកិច្ចនគរបាលខណ្ឌចំការមន បញ្ជូនទៅដល់តុលាការកាលពីព្រឹកថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២០ កន្លងទៅនេះ ។

ជនសង្ស័យឈ្មោះ វីន តៃ ភេទប្រុស អាយុ៣៤ឆ្នាំ ជាជនជាតិចិន មុខរបរជាបុគ្គលិកក្រុមហ៊ុនអ៊ូឆឹង ស្នាក់នៅបុរីអេលីហ្សេ ក្នុងមជ្ឈមណ្ឌលពាណិជ្ជកម្មកោះពេជ្រ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ។

សូមបញ្ជាក់ថា ជនសង្ស័យត្រូវបានកម្លាំងសមត្ថកិច្ចនគរបាលខណ្ឌចំការមនធ្វើការឃាត់ខ្លួនកាលពីថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២០ រួមទាំងដកហូតកាំភ្លើងខ្លី១ដើម ម៉ាក.កា៥៩ និងគ្រាប់ចំនួន៧គ្រាប់ ។

ការចាប់ឃាត់ខ្លួនជនសង្ស័យខាងលើនេះ សមត្ថកិច្ចបានធ្វើឡើងតាមពាក្យបណ្តឹងរបស់ជនរងគ្រោះឈ្មោះ លី ឈិន ភេទប្រុស អាយុ៣៤ឆ្នាំ ជាជនជាតិចិន មុខរបរបុគ្គលិកក្រុមហ៊ុនអ៊ូឆឹង ស្នាក់នៅបុរីអេលីហ្សេ ក្នុងមជ្ឈមណ្ឌលកោះពេជ្រ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ។

យោងតាមពាក្យបណ្តឹងរបស់ជនរងគ្រោះបានបញ្ជាក់ប្រាប់សមត្ថកិច្ចថា កាលពីថ្ងៃទី២០ ខែមេសា ឆ្នាំ២០២០ មានជនជាតិចិនមួយក្រុមប្រមាណ៤ទៅ៥នាក់ ក្នុងនោះមានម្នាក់ជាអ្នករាប់អានជនរងគ្រោះ បានលួងលោមជនរងគ្រោះឱ្យទៅលេងក្នុងបន្ទប់របស់ពួកគេ ។

លុះពេលទៅដល់ក្នុងបន្ទប់ ស្រាប់តែក្រុមជនសង្ស័យបានដកយកកាំភ្លើងភ្ជង់ជនរងគ្រោះមិនឱ្យស្រែក និងមិនឲ្យតដៃ រួចពួកគេបានគំរាមជំរិតទារប្រាក់ពីជនរងគ្រោះចំនួន២០ម៉ឺនយ័ន ។ ដោយខ្លាចការគំរាមកំហែងដល់អាយុជីវិតនោះ ទើបជនរងគ្រោះបានទាក់ទងទៅមិត្តភក្តិ និងក្រុមគ្រួសារ ដើម្បីយកលុយមកលោះខ្លួន ទើបត្រូវបានក្រុមជនសង្ស័យធ្វើការដោះលែងឲ្យមានសេរីភាពវិញ ។

យោងតាមពាក្យបណ្តឹងរបស់ជនរងគ្រោះបានឱ្យដឹងបន្តថា បន្ទាប់មកនៅយប់ថ្ងៃទី១០ ខែឧសភា ជនរងគ្រោះបានជិះរថយន្តដើរលេងជាមួយមិត្តភក្តិ ស្រាប់តែប្រទះឃើញជនជាតិចិនមួយក្រុមកំពុងដកកាំភ្លើងភ្ជង់ជនជាតិចិននៅលើដងផ្លូវសាធារណៈ ពេលនោះរូបគេ(ជនរងគ្រោះ)ក៏បានរាយការណ៍ឱ្យសមត្ថកិច្ច ទើបមានការចាប់ខ្លួនជនសង្ស័យតែម្តងទៅ ។

ក្រោយឃាត់ខ្លួនជនសង្ស័យ សមត្ថកិច្ចបានកសាងសំណុំរឿងបញ្ជូនជនសង្ស័យទៅកាន់សាលាដំបូងរាជធានីភ្នំពេញតាមនីតិវិធី ។ រហូតដល់ពេលនេះ តំណាងអយ្យការកំពុងបើកការស៊ើបសួរ នៅមិនទាន់បានចោទប្រកាន់ជាផ្លូវការនៅឡើយទេ ៕

ដកស្រង់ពី៖កោះសន្តិភាព