បណ្តាញសង្គម

មន្ត្រីរដ្ឋបាលព្រៃឈើ អូរជ្រៅ រងការរិះគន់ថា រវល់ទប់ស្កាត់ យកលុយព្រៃឈើ ភ្លេចមើលសត្វព្រៃ ត្រូវវិនាស

បន្ទាយមានជ័យ៖ នាយសង្កាត់ រដ្ឋបាលព្រៃឈើ អូរជ្រៅ លោក នៅ និល ត្រូវបានប្រជាពលរដ្ឋ រិះគន់ថា អត់បានយកចិត្តទុក ចំពោះការចរាចរ និងតាំងលក់ សត្វព្រៃគ្រប់ប្រភេទ នៅទីសាធារណៈទេ ដោយគេដឹងថា លោកចាប់អារម្មណ៍ តែម្យ៉ាងគត់ គឺទប់ស្កាត់យកលុយព្រៃឈើ ដែលចរាចរ ឆ្លងកាត់ប៉ុណ្ណោះ។

យោងតាមប្រភពព័ត៌មាន បានឲ្យមជ្ឈមណ្ឌល ដើមអម្ពិលដឹងថា សព្វថ្ងៃនេះ សត្វព្រៃច្រើន ប្រភេទ ពិសេស ពស់វែក ពស់សាំងសឺ និងអណ្តើក ត្រវូបានគេដាក់តាំង លក់យ៉ាងអនាធិបតេយ្យ នៅចំណុច ភូមិកូនដំរី សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។ ការតាំងលក់នេះ បើតាមប្រភពអះអាង មានជារៀងរាល់ថ្ងៃ ។មិនតែប៉ុណ្ណោះ មានឈ្មួញខ្លះ បានដើរប្រមូលទិញ យកទៅលក់តាម ហាងមួយ ចំនួនក្នុង ខេត្ត ផងដែរ ។

សូមបញ្ជាក់ថា៖ ស្នាក់ការ សង្កាត់រដ្ឋបាល ព្រៃឈើ អូរជ្រៅ ស្ថិតនៅមិនឆ្ងាយពី ទីតាំង លក់សត្វព្រៃទាំង នេះនោះទេ តែនាយសង្កាត់រូបនេះ ហាក់ងាប់ត្រគាគស្តូក មិនយកចិត្តទុកដាក់ លើកការវិនាសនេះ ឡើយ ។ មានប្រភព ដោយឡែកមួយ ផ្សេងទៀតដែលអាច ទុកចិត្តបាន បានលើកឡើងថា ការលក់សត្វព្រៃបន្តិច បន្តួច វាជារឿង ធម្មតាទៅហើយ តែអ្វីដែលលោក នៅ និល មានវិធានការ ក្តៅនោះ គឺ ទប់ស្កាត់ បទល្មើស ព្រៃឈើដែល ឆ្លងដែន មកពីប្រទេសថៃ ដោយខុសច្បាប់ ហើយនាំចូលមកក្នុង ខេត្តបន្ទាយមានជ័យ រួច នាំបន្តទៅកាន់ ខេត្ត គោលដៅ មិនឲ្យរួចមួយរថយន្តទេ និយាយរួមចេញ ក៏ដឹងចូលក៏ដឹង ។

ឆ្លើយតប នឹងប្រភពខាងលើ លោក នៅ និល នាយសង្កាត់ រដ្ឋបាលព្រៃ ឈើអូរជ្រៅ បាននិយាយថា លោកអត់បាន ដឹងពីរឿងនេះទេ ហើយបើមាន ការលក់មែន លោកនឹងឲ្យគេទៅមើល ៕

ដកស្រង់ពី៖ ដើមអម្ពិល