បណ្តាញសង្គម

​ល្បិច​ម៉ាស្អាត​ដាក់​អ្នក​​រត់​ម៉ូតូឌុប​ ហៅ​ជិះ​ពី​ខណ្ឌឫស្សីកែវ​​ទៅ​​ខណ្ឌ​មាន​ជ័យ

រាជធានីភ្នំពេញ ៖ បុរសជាអ្នករត់ម៉ូតូឌុបម្នាក់ បានត្រូវជន២នាក់ហៅឱ្យឌុបពីខណ្ឌឫស្សីកែវ ទៅខណ្ឌមានជ័យ ក្នុងតម្លៃ៥ម៉ឺនរៀល ។ ខណៈមកដល់ខណ្ឌមានជ័យ ជនសង្ស័យបានប្រើល្បិចខ្ចីម៉ូតូទៅយកលុយក៏ទៅបាត់រហូតមិនឃើញមកវិញ បន្សល់ទុកបក្ខពួកម្នាក់នៅជាមួយម្ចាស់ម៉ូតូ ។

ហេតុការណ៍នេះ កើតឡើងកាលពីវេលាម៉ោងប្រមាណ៧និង៣០នាទីយប់ថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២០ នៅចំណុចកែងរវាងផ្លូវ៦០ម៉ែត្រនិងផ្លូវ៣០ម៉ែត្រ ភូមិទួលរកា សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ ។

ម្ចាស់ម៉ូតូឈ្មោះ ចាន់ រ៉ាឌី អាយុ៣៨ឆ្នាំ ស្នាក់នៅជាមួយបងប្អូនម្តុំកំពង់ដគីឡូម៉ែត្រលេខ៧ សង្កាត់ច្រាំងចំរេះ ខណ្ឌឫស្សីកែវ ។ ចំណែកបក្ខពួកជនសង្ស័យដែលឃាត់ខ្លួនបានម្នាក់ មិនត្រូវបានប្រាប់ឈ្មោះឲ្យដឹងទេ ។

ឯម៉ូតូដែលជនសង្ស័យយកទៅម៉ាក ហុងដាវ៉េវ ពណ៌ខ្មៅលាយក្រហម ពាក់ផ្លាកលេខ ៦៣៣១ មិនចាំអក្សរពីមុខ ។តាមបុរសជាម្ចាស់ម៉ូតូនិយាយថា នៅពេលឌុបជនសង្ស័យចេញពីខណ្ឌឫស្សីកែវនោះ គឺជនសង្ស័យបានឱ្យគាត់ជិះបត់ចុះឡើងៗ រហូតមកដល់ផ្លូវ៦០ម៉ែត្រដែលជាកន្លែងស្ងាត់ ស្រាប់តែស្រែកសម្លុតរូបគាត់ឲ្យឈប់ម៉ូតូ ។ ភ្លាមៗនោះ ជនម្នាក់ក្នុងចំណោម២នាក់នេះ បានសម្លុតខ្ចីម៉ូតូរបស់គាត់ ហើយក៏ជិះទៅបាត់រហូតមិនឃើញត្រឡប់មកវិញ ។

ប្រភពដដែលបន្តថា ដោយចាំបាត់ៗយូរពេក ស្រាប់តែជនសង្ស័យជាបក្ខពួកដែលនៅជាមួយគាត់និយាយថា ប្រយ័ត្នគេយកម៉ូតូទៅបាត់ ។

ពេលនោះទើបរូបគាត់រត់ទៅឱ្យនគរបាលចរាចរណ៍ប្រចាំការនៅច្រមុះជ្រូកក្បាលថ្នល់ជួយអន្តរាគមន៍ ហើយសមត្ថកិច្ចក៏បានបោះដៃតាម វិទ្យុទាក់ទងឱ្យសមត្ថកិច្ចមូលដ្ឋានខណ្ឌមានជ័យចុះទៅកន្លែងកើតហេតុ និងបានឃាត់ខ្លួនបុរសម្នាក់ជាបក្ខពួកនាំយកទៅសាកសួរនៅប៉ុស្តិ៍នគរបាលចាក់អង្រែក្រោម ។

នៅពេលសាកសួរ ជនសង្ស័យម្នាក់នោះមិនទាន់សារភាពនៅឡើយទេ ហើយសមត្ថកិច្ចក៏បានឃាត់ខ្លួនជាបណ្តោះអាសន្នសិន រង់ចាំសមត្ថកិច្ចជំនាញសាកសួរបន្ត ។ ចំណែកឯម្ចាស់ម៉ូតូ បន្ទាប់ពីដាក់ពាក្យបណ្ដឹងរួចហើយ សមត្ថកិច្ចក៏បានដឹកតាមម៉ូតូជូនត្រឡប់ទៅផ្ទះវិញ ។ ខណៈ ដឹកដល់ពាក់កណ្ដាលផ្លូវ សមត្ថកិច្ចបានឲ្យលុយ១ម៉ឺនរៀលជិះម៉ូតូឌុបបន្តទៅផ្ទះទៀត ទាំងក្តីសោកស្ដាយម៉ូតូជាពន់ពេក ៕

ដកស្រង់ពី៖កោះសន្តិភាព