បណ្តាញសង្គម

រឿងរ៉ាវ​ចោរ​ស៊ី​គ្រឿងក្នុង​​ឡាន​នៅ​កន្លែង​ប៉ូលិស​ បង្ក​ការ​រិះគន់

ខេត្តកណ្តាល ៖ នគរបាលនៃអធិការដ្ឋានស្រុកអង្គស្នួល បានរងការរិះគន់យ៉ាងខ្លាំង តាមបណ្តាញសង្គម ហ្វេសបុ៊ករយៈពេល២ថ្ងៃមកហើយ ពីរឿងបាត់គ្រឿងរថយន្តម៉ាកកាមរីបាឡែន១គ្រឿង ពណ៌ស ដែលនគរបាលនាំយកទៅរក្សាទុកនៅអធិការដ្ឋានរយៈពេលជាង១ឆ្នាំមកហើយ ។

កាលណោះរថយន្តខាងលើនេះ ជួបឧប្បត្តិហេតុគ្រោះថ្នាក់ចរាចរណ៍ បណ្ដាលឲ្យមនុស្សម្នាក់ស្លាប់ និងរងរបួសធ្ងន់បាក់ជើងរហូតដល់៣នាក់ ។ភ្លាមៗក្រោយកើតហេតុនោះ អ្នកបើកបររថយន្តខាងលើបានរត់គេចខ្លួនបាត់ ដោយមិនបានចូលខ្លួនដោះស្រាយទេ ហើយបន្ទាប់ពីស្រាវជ្រាវរកអ្នកបើកបរអត់ឃើញ នគរបាលក៏បានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តដើម្បីចាត់ការតាមច្បាប់ ។

លុះ១ឆ្នាំក្រោយមក បន្ទាប់ពីការដោះស្រាយគ្នានៅតុលាការចប់សព្វគ្រប់ ម្ចាស់ក៏បានទៅយករថយន្តដែលរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកអង្គស្នួលវិញ ស្រាប់តែរថយន្តនោះបានក្លាយជាខ្មោចទៅហើយគឺបាត់អស់គ្រឿងសំខាន់ៗហើយក៏បានថតជាវីដេអូ និងបង្ហោះតាមបណ្តាញសង្គមហ្វេសបុ៊កពីរឿងនេះ ។

ការបង្ហោះនេះក៏បង្កឱ្យមានការភ្ញាក់ផ្អើល និងផ្ទុះការរិះគន់ទៅលើមន្ត្រីនគរបាលយ៉ាងខ្លាំង ហើយអ្នកខ្លះក៏ចង់ដឹងមុខអ្នកលួចដោះយកគ្រឿងក្នុងថែមទៀតផង គឺដោះយកហ្មត់ ។ ប៉ុន្តែក្រោយមក នារសៀលថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២០ រឿងរ៉ាវខាងលើក៏បានបញ្ចប់ ដោយខាងនគរបាលស្រុកអង្គស្នួល បានចេញសំណងទៅម្ចាស់រថយន្តខាងលើចំនួន១.២០០ ដុល្លារ ដើម្បីយកទៅទិញគ្រឿងដាក់រថយន្តឡើងវិញ ក្នុងភាពទទួលខុសត្រូវ ហើយនគរបាលក៏កំពុងបើកការស្រាវជ្រាវដើម្បីវែកមុខអ្នកលួចដោះគ្រឿងរថយន្តនោះ ដែលនាំឱ្យខូចមុខមាត់សមត្ថកិច្ច ។

សូមបញ្ជាក់ថា រថយន្តកាមរីបាឡែនខាងលើនេះ ត្រូវជនមិនស្គាល់មុខដោះសុីគ្រឿងជាច្រើនមុខដូចជា ម៉ាញ៉េ កង់ ស្តុប ប៊ូហ្សុី អាគុយ ប្រព័ន្ធហ្វ្រាំងABS ធុងទឹក និងគ្រឿងជាច្រើនទៀតក្លាយជារថយន្តកាប់សាច់ ។កាលពីព្រឹកថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២០ កន្លងមកនេះ មានគណនីហ្វេសប៊ុកមួយឈ្មោះ «Hok Tanghong» របស់លោក ហុក តាំងហុង អាយុ៣៣ឆ្នាំ រស់នៅឃុំព្រះស្រែ ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ បានបង្ហោះថា «នេះហើយឡានខ្ញុំដែលបានរក្សាទុកនៅក្នុងអធិការដ្ឋាននគរបាល ស្រុកអង្គស្នួល ខេត្តកណ្ដាល កាលពេលយកមកគ្រឿងពេញ ដល់ពេលមកដកឡានវិញស៊ីគ្រឿងអស់ សុំខ្លាចហើយលោកប៉ូលិសអើយ ធ្លាប់តែឮគេថា ឥឡូវជួបផ្ទាល់ខ្លួនឯងបានដឹង» ។ក្រោយពីការបង្ហោះរួច ក៏មានអ្នកស៊ែរ(share) បន្ត និងចូលខមិុនជាច្រើន ដោយបានធ្វើការរិះគន់យ៉ាងចាស់ដៃទៅលើនគរបាលស្រុកអង្គស្នួល និងចង់ដឹងមុខអ្នកលួចថែមទៀតផង ។

ទាក់ទងនឹងហេតុការណ៍នេះ មន្ត្រីនគរបាលស្រុកអង្គស្នួលឲ្យដឹងថា រថយន្តកាមរីបាឡែននេះ បានជួបឧប្បត្តិហេតុគ្រោះថ្នាក់ចរាចរណ៍បុកមនុស្សឲ្យស្លាប់ម្នាក់ និង៣នាក់ទៀតរងរបួសធ្ងន់បាក់ជើង ហើយអ្នកបើកបរបានរត់គេចខ្លួនបាត់មិនទទួលខុសត្រូវឡើយ ។ បន្ទាប់មកនគរបាលចរាចរណ៍ស្រុក បាននាំយករថយន្តនេះទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុក ធ្វើការស្រាវជ្រាវរកអ្នកបើកបរ ឬម្ចាស់រថយន្តឲ្យមកទទួលខុសត្រូវ ប៉ុន្តែរកមិនឃើញសោះ ហើយក៏មិនដែលស្គាល់មុខថា ម្ចាស់រថយន្តមួយ ណាដែរ ទើបកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តដើម្បីចាត់ការតាមច្បាប់ ។ ប្រភពដដែលបន្តថា រហូតមកដល់ពេលនេះមានរយៈពេលជាង១ឆ្នាំហើយ ទើបលេចមុខម្ចាស់នាំយកដីកាសុំយករថយន្តវិញ និងប្រាប់ថាបានដោះស្រាយចប់ហើយ ។ ពេលនោះនគរបាលចរាចរណ៍ស្រុក ក៏បានប្រគល់រថយន្តជូន តែជាការធ្វេសប្រហែសគឺនគរបាលមិនបានដឹងថាមានចោរមកលួចសុីគ្រឿងរថយន្តតាំងពីពេលណានោះឡើយ ព្រោះរថយន្តទុកនៅក្នុងបរិវេណសាលាស្រុក នៅឆ្ងាយពីកន្លែងធ្វើការបន្តិចដែរ។ចំណែកឯម្ចាស់រថយន្ត គាត់ក៏មិនបានប្រតិកម្មឲ្យដឹងពេលមកយករថយន្តភ្លាមៗទេ គឺទាល់តែក្រោយពេលយករថយន្តចេញផុត ទើបគាត់ថតបង្ហោះតាមបណ្តាញសង្គមហ្វេសបុ៊កពីរឿងនេះ បង្កមានការភ្ញាក់ផ្អើល និងផ្ទុះការរិះគន់ទៅលើនគរបាល ។

ប៉ុន្តែក្នុងនាមជាប្រធានអង្គភាព លោកអធិការនគរបាលស្រុក មិនបានបដិសេធនោះឡើយ ហើយលោកបានទទួលខុសត្រូវទាំងស្រុង និងបានអញ្ជើញម្ចាស់រថយន្តជួបដោះស្រាយគ្នា ព្រមទាំងចេញសំណងបញ្ចប់រឿងរួចរាល់ហើយ ។

ដោយឡែក ម្ចាស់រថយន្តក៏បានបង្ហោះសារលើបណ្ដាញសង្គមហ្វេសប៊ុករបស់ខ្លួនជាថ្មីឡើងវិញ កាលពីវេលាម៉ោង៣និង៤៤នាទីរសៀលថ្ងៃទី១៤ ខែឧសភាថា «ខ្ញុំបាទឈ្មោះ ហុក តាំងហុង (HokTanghong) សូមជម្រាបជូនដំណឹងដល់សាធារណជនឲ្យបានជ្រាបថា៖ កាលពីម្សិលមិញត្រូវនឹងព្រឹកថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២០ ដោយមានការសោកស្តាយ និងឈឺចាប់នូវការបាត់បង់សម្ភាររបស់រថយន្ត(គ្រឿងរថយន្ត)នៅបរិវេណអធិការដ្ឋាននគរបាលស្រុកអង្គស្នួល ខេត្តកណ្តាល ខ្ញុំបាទបានធ្វើការបង្ហោះជាវីដេអូឃ្លីបខ្លីមួយ អមជាមួយរូបភាពមួយចំនួនស្តីពីការបាត់បង់សម្ភារទាំងនោះនៅថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២០ ។នៅរសៀលថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២០ នៅអង្គភាពអធិការដ្ឋាននគរបាលស្រុកអង្គស្នួល ខេត្តកណ្តាល បានជួយសម្រួលជាសំណងនូវថវិកាចំនួន១.២០០ដុល្លារ ក្នុងការបាត់បង់សម្ភាររថយន្តរបស់ខ្ញុំបាទវិញ ។

ឆ្លៀតក្នុងឱកាសនេះ ខ្ញុំបាទសូមថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំគ្រប់លំដាប់ជាន់ថ្នាក់ ដែលបានជួយអន្តរាគមន៍ទាន់ពេលលើបញ្ហាដែលកើតឡើងនេះ ហើយក៏សូមអរគុណដល់មហាជនលើបណ្ដាញសង្គមហ្វេសប៊ុក និងបណ្តាសារព័ត៌មានទាំងអស់ ដែលបានជួយLike&share បន្តជួយផ្សព្វផ្សាយព័ត៌មានទាំងនេះ ដើម្បីផ្តល់ភាពយុត្តិធម៌ដល់រូបខ្ញុំ» ៕

ដកស្រង់ពី៖កោះសន្តិភាព