បណ្តាញសង្គម

ហ៊ានម៉្លេះ! ​ប្តី​ប្រពន្ធ​២​នាក់​​នាំ​គ្នា​ណាត់​ម៉ូយ​ជួញ​ជូរ សមត្ថកិច្ច​​ឃើញ​ស្តែងៗ​

រាជធានីភ្នំពេញ ៖ សេចក្តីរាយការណ៍បានឲ្យដឹងថា ប្តីប្រពន្ធ២នាក់បាននាំគ្នាជួញគ្រឿងញៀន ត្រូវបានកម្លាំងសមត្ថកិច្ចការិយាល័យប្រឆាំងគ្រឿងញៀនរាជធានីភ្នំពេញប្រើវិធានញុះញ៉ុងឃាត់ខ្លួនបានទាំង២នាក់ និងដកហូតសារធាតុញៀនជិតកន្លះគីឡូក្រាម ។

ជនសង្ស័យដែលត្រូវឃាត់ខ្លួនទាំង២នាក់ប្តីប្រពន្ធខាងលើ ប្តីឈ្មោះ សុខ ធឿន ភេទប្រុស អាយុ៣៥ឆ្នាំ មុខរបរមិនពិតប្រាកដ និងប្រពន្ធឈ្មោះ គង់ ចិន្តា អាយុ៣០ឆ្នាំ មុខរបរកម្មកររោងចក្រ ។

ទាក់ទិនករណីខាងលើនេះ សមត្ថកិច្ចបានចុះបង្ក្រាបកាលពីវេលាម៉ោង៤និង៣០នាទីរសៀលថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២០ នៅក្នុងទឹកដីខណ្ឌទួលគោក និងខណ្ឌពោធិសែនជ័យ ដែលដឹកនាំផ្ទាល់ដោយលោកវរសេនីយ៍ឯក អុីវ ភារិទ្ធិ នាយការិយាល័យប្រឆាំងគ្រឿងញៀន ដោយមានការចង្អុលបង្ហាញពីលោកឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ ក្រោមការសម្របសម្រួលពីស្ថាប័នអយ្យការអមផងដែរ ។លោកវរៈសេនីយ៍ឯក អុីវ ភារិទ្ធិ ឲ្យដឹងថា ការឈានដល់បង្ក្រាបករណីជួញដូរគ្រឿងញៀននេះ កម្លាំងសមត្តកិច្ចជំនាញបានចុះធ្វើការស្រាវជ្រាវ និងអនុវត្តតាមវិធានការញុះញ៉ុងចំពោះបទល្មើសជាក់ស្តែង នៅចំណុចមហាវិថីគីមអុីលស៊ុង ជិតអង់តែនទួលគោក ស្ថិតក្នុងសង្កាត់បឹងកក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ ទើបឃាត់ខ្លួន២នាក់ប្តីប្រពន្ធនេះ ខណៈជនសង្ស័យបានណាត់ជួញដូរគ្រឿងញៀនឲ្យទៅមនុស្សផ្សេងទៀត ។

ក្នុងនោះសមត្ថកិច្ចក៏បានចាប់យកវត្ថុតាងរួមមាន ម្សៅក្រាមសថ្លាសង្ស័យជាសារធាតុញៀនចំនួន៥កញ្ចប់ធំ ស្មើនឹងជិតកន្លះគីឡូ និងម៉ូតូចំនួន១គ្រឿង ។

បន្ទាប់មកសមត្ថកិច្ចក៏បាននាំជនសង្ស័យឈ្មោះ សុខ ធឿន ទៅឆែកឆេរផ្ទះលេខ J19 ផ្លូវលេខ០៦ បុរីគូលន ភូមិព្រៃព្រីងខាងត្បូង១ សង្កាត់ចោមចៅ២ ខណ្ឌពោធិសែនជ័យ បានរកឃើញថង់ប្លាស្ទិកសម្រាប់វេចខ្ចប់ និងច្រកគ្រឿងញៀនមួយចំនួនទៀន ហើយផ្ទះសម្រេចបិទទ្វារ ប្រគល់ឱ្យអាជ្ញាធរមូលដ្ឋានគ្រប់គ្រងជាបណ្តោះអាសន្ន ។

ពាក់ព័ន្ធបទល្មើសដូចបានរៀបរាប់ខាងលើ សមត្ថកិច្ចបានកសាងសំណុំរឿងបញ្ជូនជនសង្ស័យ២នាក់ប្តីប្រពន្ធ និងវត្ថុតាង ទៅកាន់សាលាដំបូងរាជធានីភ្នំពេញតាមនីតិវិធី ៕

ដកស្រង់ពី៖កោះសន្តិភាព