បណ្តាញសង្គម

ខូចចិត្តនឹងប្រុសស្នេហ៍ ចាប់រំលោភ លេបថ្នាំងងុយដេក អស់៣០គ្រាប់ រួចដួលសន្លប់មុខ ស្នាក់ការមានសមត្ថកិច្ច

ភ្នំពេញ៖ នារីម្នាក់ បានដួលសន្លប់ បាត់ស្មារតី នៅក្នុងការិយាល័យ ប្រឆាំងការជួញដូរស្ត្រី និងអនីតិជន អាវុធហត្ថរាជធានី កាលពី វេលា១០ និង៣០នាទី ពេលព្រឹកថ្ងៃ០៦ ខែកញ្ញា ឆ្នាំ២០១៤ ខណៈពេលដែល អាណាព្យាបាល បាននាំនាង មកដាក់ពាក្យបណ្ដឹង។

ការដួលសន្លប់ ដែលធ្វើឲ្យ មានការភ្ញាក់ផ្អើល នៅព្រឹកថ្ងៃ កើតហេតុនោះ គឺដោយសារ តែនារីរងគ្រោះ លួចលេបថ្នាំ ងងុយដេក អស់៣០គ្រាប់ មុនពេលអាណាព្យាបាល ដឹកយកមកប្តឹង សមត្ថកិច្ច ព្រោះតូចចិត្ត ប្រុស ស្នេហ៍ ចាប់រំលោភ បានសម្រេច ក្នុងពេលដែល នាងស្រវឹងស្រា។

មន្ត្រីអាវុធហត្ថ ការិយាល័យ ប្រឆាំង ការជួញដូរស្ត្រី និងអនីតិជន បានប្រាប់កម្ពុជាថ្មីថា នារីរងគ្រោះ ត្រូវបាន ឪពុកធម៌ ម្តាយធម៌ អះអាងថា នាងត្រូវបានមនុស្ស ប្រុសម្នាក់ ចាប់រំលោភ តាំងពីយប់ ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៤ នៅក្នុងផ្ទះសំណាក់ មួយមិនស្គាល់ ឈ្មោះ ហើយនារីរងគ្រោះ មានឈ្មោះ ព.ល អាយុ២១ឆ្នាំ មុខរបរកម្មករ កាត់ដេរ ស្នាក់នៅផ្ទះជួល ភូមិព្រែកទាល សង្កាត់ចោមចៅ ខណ្ឌ ពោធិ៍សែនជ័យ។

មនុស្សប្រុស ដែលចាប់រំលោភ នាងនោះ ត្រូវបានគេស្គាល់ ឈ្មោះ និងអត្តសញ្ញាណហើយ គឺជាអ្នកធ្វើការ រោងចក្រជាមួយ នាងតែម្តង ប៉ុន្តែជនសង្ស័យ រូបនោះកំពុងតែ ស្នាក់នៅក្នុង បន្ទាយទ័ពអាកាស លេខ ៩១។ ការដែលពួកគាត់ ជាឪពុកធម៌ ម្តាយធម៌ មកប្តឹងសមត្ថកិច្ច នាព្រឹកថ្ងៃទី ៦ ខែកញ្ញា នេះគឺធ្វើឡើង បន្ទាប់ពីភាគីខាង ប្រុស ដែលជាជនសង្ស័យ នោះពុំទទួលស្គាល់ និងគេចវេះ ចំពោះហេតុការណ៍ ដែលខ្លួនបានប្រព្រឹត្ត ។ 

សមត្ថកិច្ច អាវុធហត្ថបានបន្តថា នៅព្រឹកថ្ងៃទី៦ ខែកញ្ញា វេលាម៉ោង១០ព្រឹក ខណៈពេលដែល សមត្ថកិច្ច កំពុងតែសាកសួរ ធ្វើកំណត់ហេតុបាន ប្រមាណជា១៥ នាទី ប៉ុណ្ណោះនារីរងគ្រោះ ក៏ដួលសន្លប់ ស្តូកស្តឹង នៅកន្លែងសមត្ថកិច្ច តែម្តង ហើយភ្លាមៗ នោះឪពុកម្តាយធម៌ និងសមត្ថកិច្ច ក៏បានដឹកជញ្ជូន នារីរងគ្រោះ ទៅសង្គ្រោះ នៅមន្ទីរពេទ្យឯកជន ប៉ុន្តែរហូត មកដល់ម៉ោង១២ថ្ងៃដដែល នារីរងគ្រោះ នូវពុំទាន់ដឹងខ្លួន នៅឡើយ។

សមត្ថកិច្ច បានបញ្ជាក់ថា ក្នុងករណីនេះ កម្លាំងជំនាញ កំពុងតែញាប់ ដៃញាប់ជើង ដើម្បីចាត់ការ តាម ចាប់ខ្លួន ជនសង្ស័យ ដែលពាក់ព័ន្ធ ក្នុងករណី រំលោភនារី រងគ្រោះនោះ។

គួរបញ្ជាក់ថា នៅពេលមក ប្តឹងសមត្ថកិច្ច អាណាព្យាបាល រួមនឹងនារីរងគ្រោះ បាននិយាយថា នៅយប់ថ្ងៃទី៣០ ខែសីហានោះ នាង និងប្រុស ស្នេហ៍រួម ជាមួយមិត្តភក្ដិ និងឪពុកធម៌ បាននាំគ្នា ផឹកស៊ី រហូតទៅច្រៀង ខារ៉ាអូខេ ហើយ នៅវេលាម៉ោង ប្រមាណជា១០យប់ ឪពុកធម៌ បានសុំមកផ្ទះមុន ព្រោះតែស្រវឹង ហើយនៅសល់ តែនារីរងគ្រោះ និងប្រុសស្នេហ៍ ហើយនៅយប់ នោះបុរសកំហូច ដែលជាប្រុសស្នេហ៍ ក៏បានដឹកនាង ទៅផ្ទះសំណាក់ រំលោភរហូតបានសម្រេច។

តែពុំទទួលខុសត្រូវ ក្នុងហេតុការណ៍នោះ ទើបពួកគាត់ ដឹកនាងមកប្តឹង សមត្ថកិច្ច ឲ្យជួយអន្តរាគមន៍ ប៉ុន្តែមិន បានដឹងថា នាងលេបថ្នាំ សម្លាប់ខ្លួនឡើយ។ រហូតមកដល់ ស្នាក់ការ សមត្ថកិច្ច ទើបនាងរៀបរាប់ ទាំងអួលដើមកថា នាងខឹង នឹងបុរស ដែលជាប្រុសស្នេហ៍ បានរំលោភនាង ហើយពុំទទួល ខុសត្រូវ ទើបនាងលេបថ្នាំងងុយ ដេកអស់៣០គ្រាប់សម្លាប់ខ្លួន៕

ដកស្រង់ពី៖ កម្ពុជាថ្មី