បណ្តាញសង្គម

រឿងព្រំដីស្រែ ក្មួយប្រុសហ៊ាន​លើកដៃ​ប្រហារជីវិតឪពុកមា​

ខេត្តកំពង់ធំ ៖ មានករណីក្មួយប្រុសទាញកាំបិតបុ័ងតោកាប់ឪពុកមា បណ្តាលឱ្យបាត់បង់ជីវិត បន្ទាប់ពីមានទំនាស់ពាក្យសម្តីគ្នារឿងព្រំដីស្រែ ដែលហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៧និង៣០នាទីយប់ថ្ងៃទី ៣០ ខែឧសភា ឆ្នាំ២០២០ នៅភូមិត្រពាំងឫស្សី ឃុំត្រពាំងឫស្សី ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ។

លោកវរសេនីយ៍ឯក ខេន ឈុនគ័រ អធិការនគរបាលស្រុកកំពង់ស្វាយបានឱ្យដឹងថា ជនរងគ្រោះជាឪពុកមាដែលបាត់បង់ជីវិតឈ្មោះ ណុក យ៉េះ អាយុ៥២ឆ្នាំ មុខរបរកសិករ ជាបុរសពោះម៉ាយរស់នៅភូមិឃុំកេីតហេតុខាងលេី ។ ចំណែកជនសង្ស័យជាក្មួយឈ្មោះ ប៉ាក់ វឿន ភេទប្រុស អាយុ៣១ឆ្នាំ មុខរបរកសិករ រស់នៅភូមិ-ឃុំកេីតហេតុខាងលើ ។

លោកអធិការនគរបាលស្រុកកំពង់ស្វាយបានបន្តថា នៅពេលទទួលបានព័ត៌មានខាងលើភ្លាម សមត្ថកិច្ចជំនាញខេត្តនិងស្រុកបានចុះទៅដល់កន្លែងកើតហេតុ ហើយបានអន្តរាគមន៍ចាប់ឃាត់ខ្លួនជនសង្ស័យ និង ការពិនិត្យកន្លែងកើតហេតុ ព្រមទាំងធ្វើកោសល្យវិច្ច័យលើខ្លួនជនរងគ្រោះ រកឃើញនៅលើដងខ្លួនរបស់ជនរងគ្រោះមានស្នាមរបួសចំទ្រូងផ្នែកខាងស្តាំមួយកន្លែងធ្លុះសាច់ដោយសារកាប់នឹងកាំបិតប៉័ងតោ ទើបបណ្ដាលឱ្យបាត់បង់ជីវិត ។

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានឆ្លើយសារភាពថា មូលហេតុដែលខ្លួនកាប់ឪពុកមា គឺដោយសារតែមានទំនាស់ពាក្យសំដីគ្នារឿងព្រំដីស្រែដែលនៅខាងក្រោយផ្ទះ ។

ក្រោយពីពិនិត្យរួចររាល់ សមត្ថកិច្ចក៏បានប្រគល់សពជនរងគ្រោះជូនសាច់ញាតិចាត់ចែងធ្វើបុណ្យតាមប្រពៃណី ចំណែកជនសង្សយ័ត្រូវបានកំលាំងសមត្ថកិច្ចឃាត់ខ្លួន និងកសាងសំណុំរឿងចាត់ការតាមនីតិវិធី ៕

 ដកស្រង់ពី៖កោះសន្តិភាព