បណ្តាញសង្គម

​ជូនសង្សារ​ទៅ​ផ្ទះ​ លុះមកវិញអត់អីជិះ ហៅមិត្តភក្តិ​​មកយក បែរជា​ជួបគ្រោះ​ស្មាន​មិនដល់​

រាជធានីភ្នំពេញ ៖ យុវជនម្នាក់ជិះម៉ូតូរបស់នារីជាសង្សារដឹកជូននាងទៅបន្ទប់ជួល លុះត្រឡប់មកវិញអត់មានអីជិះក៏បានហៅយុវជនម្នាក់ទៀតជាមិត្តភក្តិឲ្យយកម៉ូតូរបស់ខ្លួនមកដឹក លុះពេលយុវជនជាមិត្តភក្តិជិះម៉ូតូមកដឹកយុវជនជាម្ចាស់ម៉ូតូខាងលើ ក៏ត្រូវជនសង្ស័យមួយក្រុមធ្វើសកម្មភាពកាប់ប្លន់ បណ្តាលឱ្យយវុជនជាមិត្តភក្តិរងរបួសធ្ងន់ បន្ទាប់មកក្រុមជនសង្ស័យបានយកម៉ូតូមួយគ្រឿងទៅបាត់ដោយសុវត្ថិភាព ។

ហេតុការណ៍ខាងលើនេះបានកើតឡើងកាលពីវេលាម៉ោង១២និង៣០នាទីរំលងអាធ្រាត្រឈានចូលថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២០ នៅចំណុចមុខផែស្ងួតតេងឡាយ តាមបណ្តោយផ្លូវមហាវិថីឈ្នះឈ្នះ ស្ថិតក្នុងសង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ ។ យុវជនម្នាក់ខាងលើឈ្មោះសោម នីម ភេទប្រុស អាយុ២០ឆ្នាំ មុខរបរធ្វើការរោងចក្រ ស្នាក់នៅជិតផ្សារកំបូល ខណ្ឌកំបូល ជាម្ចាស់ម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីម ស៊េរីឆ្នាំ២០២០ ពណ៌ខ្មៅ មិនចាំស្លាកលេខ ត្រូវជនសង្ស័យធ្វើសកម្មភាពប្លន់យកទៅបាត់។

ចំណែកមិត្តភក្តិដែលរងរបួសធ្ងន់ឈ្មោះឆួន សុខុម ភេទប្រុស អាយុ១៩ឆ្នាំ ជាអ្នកចាក់សាំងនៅស្ថានីយប្រេងឥន្ធនៈមួយកន្លែង ស្នាក់នៅបន្ទប់ជួលក្បែរម្ចាស់ម៉ូតូខាងលើ។តាមប្រភពពីយុវជនជាម្ចាស់ម៉ូតូបានឱ្យដឹងថា មុនពេលកើតហេតុ នារីជាសង្សាររបស់គាត់បានជិះម៉ូតូមួយគ្រឿងមិនចាំម៉ាកមកលេងបន្ទប់ជួលរបស់គាត់ដែលនៅផ្សារកំបូល រហូតដល់ម៉ោង១១យប់ទើបត្រឡប់ទៅបន្ទប់ជួលវិញ ដោយសារយប់ជ្រៅ ទើបគាត់ក៏បានជូនសង្សារទៅផ្ទះវិញដោយជិះម៉ូតូរបស់សង្សារដឹកជូនទៅបន្ទប់ជួលរបស់នាងវិញនៅខណ្ឌកំបូល ។

តាមប្រភពដដែលបានបន្តថា បន្ទាប់ពីជូននារីជាសង្សារដល់បន្ទប់រួចរាល់ហើយ គាត់មិនមានអីជិះត្រឡប់ទៅបន្ទប់ជួលរបស់ខ្លួនវិញ គាត់ក៏បានទូរស័ព្ទទៅប្រាប់បុរសជាមិត្តភក្តិម្នាក់ខាងលើឲ្យជិះម៉ូតូរបស់គាត់មកដឹកគាត់ត្រឡប់ទៅបន្ទប់ជួលវិញ។

តាមប្រភពដដែលបានបន្តថា លុះដល់វេលាកើតហេតុ បុរសជាមិត្តភក្តិខាងលើក៏បានជិះម៉ូតូមួយគ្រឿងធ្វើដំណើរតាមបណ្ដោយមហាវិថីឈ្នះៗ ក្នុងទិសដៅពីត្បូងទៅជើង លុះមកដល់ចំណុចកើតហេតុខាងលើក៏បានបត់ឆ្វេងត្រឡប់ទៅក្រោយវិញ ដើម្បីដឹកគាត់ដែលកំពុងឈប់ចាំនៅលើសួនច្បារពុះចែកទ្រូងផ្លូវ ខណៈនោះគាត់មិនទាន់បានឡើងជិះម៉ូតូផងនោះ ស្រាប់តែលេចមុខជនសង្ស័យមួយក្រុមមានគ្នា៤ទៅ៥នាក់ ជិះម៉ូតូ២គ្រឿងមិនចាំម៉ាក ប្រដាប់ទៅដោយកាំបិតបុ័ងតោមួយដើម មកធ្វើសកម្មភាពវាយនិងកាប់ទៅលើបុរសជាមិត្តភក្តិខាងលើចំខ្នង និងគូទជាច្រើនកាំបិត បណ្តាលឲ្យរងរបួសធ្ងន់ធ្ងរ បន្ទាប់ក្រុមជនសង្ស័យក៏បានជិះម៉ូតូរបស់គាត់គេចខ្លួនបាត់ស្រមោលតែម្តង។

ក្រោយពេលកើតហេតុ ក៏មានរថយន្តរបស់មន្ទីរសម្រាកព្យាបាលឯកជនបានទៅដឹកយកបុរសជាមិត្តភក្តិដែលរងគ្រោះទៅសង្គ្រោះភ្លាមៗ ។ ចំណែកបុរសជាម្ចាស់ម៉ូតូបានទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលត្រពាំងក្រសាំង ដើម្បីតាមចាប់ក្រុមជនសង្ស័យយកមកផ្តន្ទាទោសតាមច្បាប់ ៕

ដកស្រង់ពី់៖កោះសន្តិភាព