បណ្តាញសង្គម

ជិះ​ម៉ូតូ​ដេញ​វាយ​គេ ទាក់​ដៃចង្កូត​គ្នា​ដួល ​​ទាំង​​សងខាង

រាជធានីភ្នំពេញ ៖ ជនស្ទាវ២នាក់ជិះម៉ូតូដេញវាយគេ ចៃដន្យទាក់ដៃចង្កូតគ្នាបណ្តាលឲ្យដួលបោកទៅនឹងផ្លូវរងរបួសរលាត់ដៃជើងទាំងសងខាង ក្នុងនោះនារីម្នាក់រងរបួសធ្ងន់ ។

ហេតុការណ៍នេះ កើតឡើងកាលពីវេលាម៉ោងប្រមាណ១១យប់ថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២០ នៅតាមផ្លូវជាតិលេខ៤ ភូមិព្រៃព្រីងខាងជើង សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ ។

អ្នកដែលត្រូវគេដេញវាយ ម្នាក់ឈ្មោះ នឿនសុខនា ភេទស្រី អាយុ១៩ឆ្នាំ ជាកម្មការិនីរោងចក្រ ស្នាក់នៅបុរីផ្សារកំបូល សង្កាត់កន្ទោក ខណ្ឌកំបូល មានស្រុកកំណើតនៅភូមិបន្ទាយចាស់ ឃុំកំពង់ស្វាយ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ និងម្នាក់ទៀតឈ្មោះ គីម ហេង ភេទប្រុស អាយុ២០ឆ្នាំ ជាកម្មកររោងចក្រ ស្នាក់នៅម្តុំផ្សារតូច ខណ្ឌឫស្សីកែវ មានស្រុកកំណើតនៅភូមិត្រពាំងព្រៃ ឃុំព្រះខែ ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ ។

ពួកគេជិះម៉ូតូហុងដាឌ្រីម ស៊េរីឆ្នាំ២០១៨ ពណ៌ខ្មៅ ពាក់ផ្លាកលេខ កំពង់ស្ពឺ ១L-៥២៤៥ មានគ្នា៣នាក់គឺប្រុសម្នាក់ស្រី២នាក់ ក្នុងទិសដៅពីខាងកើតទៅខាងលិចក្នុងបំណងទៅផ្ទះជួល ។

ឯម៉ូតូ១គ្រឿងទៀតរួមដំណើរមកតាមក្រោយម៉ាកហុងដាឌ្រីម ស៊េរីឆ្នាំ២០១៨ ពណ៌ខ្មៅ ពាក់ផ្លាកលេខ តាកែវ ១R-៣៤៤៤ ជិះគ្នា២នាក់គឺប្រុសម្នាក់ស្រីម្នាក់ ។ ចំណែកក្រុមជនដែលដេញវាយ មានគ្នា២នាក់សុទ្ធតែប្រុស ជិះម៉ូតូវ៉េវ ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ ១BB-៧៦៤៤។ប្រភពព័ត៌មានពីមិត្តភក្ដិជនរងគ្រោះឈ្មោះ ចាន់ ធីតា ភេទស្រី អាយុ២២ឆ្នាំ ជាកម្មការិនីរោងចក្រ ស្នាក់នៅក្នុងបុរីកំបូល សង្កាត់កន្ទោក ខណ្ឌកំបូល ជិះម៉ូតូ១គ្រឿងទៀតមកតាមក្រោយឃើញហេតុការណ៍ផ្ទាល់ភ្នែក និយាយថា មុនពេលកើតហេតុ ពួកគាត់មានគ្នា៥នាក់ក្នុងនោះស្រី៣នាក់ប្រុស២នាក់ ជិះម៉ូតូ២គ្រឿងចេញពីហូបចុកនៅឯត្រើយម្ខាងខាងកើតស្ពានជ្រោយចង្វា បំណងត្រឡប់ទៅផ្ទះជួលនៅឯបុរីផ្សារកំបូល ក្នុងសង្កាត់កន្ទោក ខណ្ឌកំបូល ដោយម៉ូតូ១គ្រឿងជិះគ្នា៣នាក់ និងម៉ូតូ១គ្រឿងទៀតជិះគ្នា២នាក់ ។

លុះទៅដល់ខាងលិចរង្វង់មូលចោមចៅស្រាប់តែមានម៉ូតូ១គ្រឿងម៉ាកវ៉េវ ពណ៌ខ្មៅ ជិះគ្នា២នាក់ស្របទិសគ្នា បានយកស្បែកជើងវាយជនរងគ្រោះចំក្បាល តែក៏ទាក់ដៃចង្កូតម៉ូតូគ្នាដួលបោកទៅនឹងផ្លូវរងរបួសរលាត់ដៃជើងទាំងអស់គ្នា ក្នុងនោះមាននារីម្នាក់រលាត់មុខមួយចំហៀងធ្ងន់ជាងគេ ត្រូវបានរថយន្តគ្លីនិកមួយដឹកយកទៅសង្គ្រោះនៅជិតកន្លែងកើតហេតុនោះ ។

ប្រភពដដែលបន្តថា ខណៈកើតហេតុរូបគាត់ជិះម៉ូតូមកតាមក្រោយឃើញ ក៏បានឃាត់ជនបង្កប្តឹងនគរបាលប៉ុស្តិ៍ចោមចៅទី៣ ចុះទៅដល់នាំជនទាំងរងគ្រោះនិងជនបង្កទៅដោះស្រាយ ។

ក្រោយពេលកើតហេតុ ភាគីជនរងគ្រោះមិនប្ដឹងប្តល់ទេ គ្រាន់តែទាមទារសំណងថ្លៃព្យាបាលរបួស តែភាគីបង្កមិនមានលុយសងភ្លាមៗ នគរបាលប៉ុស្តិ៍ក៏បញ្ជូនទៅផ្នែកព្រហ្មទណ្ឌខណ្ឌពោធិ៍សែនជ័យចាត់ការបន្ត ៕

ដកកស្រង់ពី៖កោះសន្តិភាព