បណ្តាញសង្គម

ចោរ​ញី​-ឈ្មោល​ចូល​លួច​លុយ​កន្លែង​វី​ង​​ជាង​១​ម៉ឺន​ដុល្លា​រ សមត្ថកិច្ច​គ្មាន​តម្រុយ

ខេត្តបាត់ដំបង ៖ មុខសញ្ញាចោរប្រុស-ស្រីចំនួន២នាក់ ដែលប្រើល្បិចបន្លំចូលលួចលុយអស់ជាង១ម៉ឺនដុល្លារ និងគ្រឿងអលង្ការមួយចំនួនទៀតនៅកន្លែង«វីង»វេរលុយនៅស្រុកសង្កែ កាលពីម្សិលមិញ សមត្ថកិច្ចនៅមិនទាន់មានតម្រុយពីមុខសញ្ញាជនសង្ស័យបន្តិចណានោះទេ ។

នេះបើតាម លោក លឹម ពុទ្ធីឡា ស្នងការរងទទូលផែនព្រហ្មទណ្ឌ ដែលបានបញ្ជាក់ប្រាប់នៅព្រឹកថ្ងៃទី០១ មិថុនា នេះ ។លោកលឹម ពុទ្ធីឡា បានប្រាប់កោះសន្តិភាពថា ក្រុមចោរដែលបន្លំចូលលួចលុយកន្លែងវីងវេរលុយនោះ ទំនងមិនមែនជាចោរនៅក្នុងមូលដ្ឋានទេ តែអាចជាមុខសញ្ញាមកពីក្រៅខេត្ត ។

ប៉ុន្តែលោកស្នងការរងដែលទើបចូលកាន់តំណែងបានជាងកន្លះខែកន្លងទៅនេះ បានបញ្ជាក់ថា រហូតដល់ពេលនេះ យើងមិនទាន់មានតម្រុយណាបន្តិចអំពីមុខសញ្ញាជនសង្ស័យប្រុស-ស្រីទាំង២នាក់នោះទេ បើទោះជាមុខសញ្ញានេះបានបន្សល់ទុករូចភាពនៅក្នុងកាមេរ៉ាសុវត្តិភាពយ៉ាងច្បាស់ក្រឡែតក្ដី។

សូមបញ្ជាក់ថា នៅវេលាម៉ោងជិត៨ព្រឹក ថ្ងៃទី៣១ ឧសភា នៅចំនុចផ្សារវត្តតាមិម ដែលស្ថិតក្នុងភូមិវត្តតាមិម ឃំុអូរដំបង១ ស្រុកសង្កែ មានជនសង្ស័យប្រុស-ស្រីចំនួន២នាក់ បានធ្វើសកម្មភាពបន្លំចូលលួចលុយនិងគ្រឿងអលង្ការនៅកន្លែង«វីង»វេរលុយយីហោ «យឿម សំអាត» របស់ជនរងគ្រោះឈ្មោះយឿម កុសល ភេទស្រី អាយុ៤៨ឆ្នាំ រស់នៅភូមិអូរដំបង ឃំុអូរដំបង២ ស្រុកសង្កែ។បើតាមរបាយការណ៍សមត្ថកិច្ច ជនសង្ស័យទាំង២នាក់បានប្រើល្បិចបញ្ឆោតជនរងគ្រោះឲ្យចេញក្រៅតូប រួចជនម្នាក់ បានបន្លំចូលលួចថង់ខ្មៅនៅក្នុងតូប ហើយគេចខ្លួនដោយសុវត្តិភាពទាំងព្រឹក ។

ទ្រព្យសម្បត្តិដែលបាត់បង់រួមមាន ប្រាក់ខ្មែរចំនួន២០លានរៀល, ប្រាក់ដុល្លារ៧,០០០ដុល្លា, ខ្សែដៃលោហៈធាតុពណ៌លឿង១ខ្សែតម្លៃ១៥០ដុល្លា, ចិញ្ចៀន១វង់តម្លៃ១០០ដុល្លា, ទូរស័ព្ទដៃ០១គ្រឿងម៉ាកសូនី, កាតគ្រីម៉ូតូ០១សន្លឹក និងអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ០៤សន្លឹក, កាតវីង០២សន្លឹក។ ពាក់ព័ន្ធនឹងសកម្មភាពលួចរបស់ពួកចោរ-ញីឈ្មោលខាងលើនេះ បើតាមជនរងគ្រោះបានរាយការណ៍ប្រាប់សមត្ថកិច្ចថា ដំបូងជនសង្ស័យទាំង២នាក់ បានចូលទៅរកទិញសម្ភារផ្សេងៗ។ ពេលនោះចោរស្រីបានហៅគាត់ឱ្យចេញខាងក្រៅ ដើម្បីសួរនាំរកទិញទំនិញ ។

គាត់និយាយថា ពេលគាត់កំពុងជជែកជាមួយចោរស្រី ស្រាប់តែចោរប្រុស បានបន្លំខ្លួនចូលពីចំហៀងនៃតូប ចូលទៅខាងក្នុងលួចលុយនិងគ្រឿងអលង្ការ រួមទាំងសម្ភារមួយចំនួនទៀត ដែលទុករួមគ្នានៅក្នុងថង់ខ្មៅ យកចេញក្រៅរួចនាំគ្នាជិះម៉ូតូគេចខ្លួនបាត់ភ្លាមៗដោយសុវត្ថិភាព លុះបន្តិចក្រោយទើបគាត់ដឹង និងមានការភ្ញាក់ផ្អើល ហើយបានរាយការណ៍ប្រាប់សមត្ថកិច្ច។នៅកន្លែងកើតហេតុ គេឃើញសកម្មភាពជនសង្ស័យទាំង២នាក់ ដែលចោរស្រីពាក់ម៉ាស់បិទមុខ និងពាក់មួកសុវត្ថិភាព កំពុងឈរសួរនាំជនរងគ្រោះខាងតូប ។

រីឯចោរប្រុស គេឃើញដើរចេញពីក្នុងតូបវីង ដែលមានកាន់ថង់ខ្មៅនៅក្នុងដៃផង ដែលគេអះអាងថា ជាថង់វេចខ្ចប់លុយ និងសម្ភារផ្សេងៗទៀត។កោះសន្តិភាព មិនអាចសុំការពន្យល់អំពីកិច្ចប្រតិបត្តិការចំពោះមុខសញ្ញាជនសង្ស័យ ពីលោក វ៉េ គឹមចត់ អធិការរងស្រុកសង្កែ ទទូលបន្ទុកផ្នែកព្រហ្មទណ្ឌបានទេ ដោយសារលោកមិនលើកទូរស័ព្ទ។

ប៉ុន្តែយ៉ាងណា លោកលឹម ពុទ្ធីឡា ស្នងការរងខេត្ត បានប្រាប់ថា ពេលនេះ យើងមិនទាន់កំណត់បាននូវមុខសញ្ញាជនសង្ស័យនៅឡើយទេ តែលោកបានបញ្ជាក់យ៉ាងខ្លីថា កំលាំងជំនាញកំពុងធ្វើស្រាវជ្រាវលើករណីនេះហើយ។

ដកស្រង់ពី៖កោះសន្តិភាព