បណ្តាញសង្គម

សាក​ថ្ម​ទូរស័ព្ទ​មើល​រឿង​បណ្តើរ ឆក់​ស្លាប់​នៅ​ក្នុង​បន្ទប់ទឹក

រាជធានីភ្នំពេញ ៖ សាកសពស្ត្រីមានផ្ទៃពោះចំនួន៥ខែម្នាក់ ត្រូវបានគេប្រទះឃើញដេកស្លាប់ផ្កាប់មុខ នៅក្នុងបន្ទប់ទឹកយ៉ាងអាណោចអាធ័មបំផុត ខណៈដែលរូបនាងតខ្សែរ៉ូឡូភ្លើងសាកទូរសព្ទ័មើលរឿងបណ្តើរ និង បោកគក់ខោអាវបណ្តើរ ហើយឆ្លងចរន្តអគ្គិសនី បណ្តាលឲ្យបាត់បង់ជីវិតទាំងពីនាក់ម្តាយ និងកូនក្នុងផ្ទៃ។ ដោយមិនមានអ្នកណាម្នាក់បានដឹងតាំងពីពេលណានោះឡើយ រហូតដល់ទាល់តែស្ត្រីជាប្អូនម្នាក់ទូរស័ព្ទរក មិនចូល និងមកតាមរកមើលដល់បន្ទប់ជួលផ្ទះជួលទើបបានឃើញនាងដេកស្លាប់ផ្កាប់មុខនៅក្នុងបន្ទប់ទឹក។

ករណីនេះដែរបានបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង០៤ និង៣០នាទីល្ងាច ថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២០ នៅចំណុចបន្ទប់ជួលជាន់ទី១ ផ្ទះលេខ៤៦២ ផ្លូវព្រះមុនីវង្ស(ច្រកដើមគ) ភូមិ១២ ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន។ តាមប្រភពព័ត៌មានពីនគរបាលបានប្រាប់ឱ្យដឹងថា ស្ត្រីរងគ្រោះមានឈ្មោះ រឿន ធី អាយុ៣៧ឆ្នាំ មុខរបរជាអ្នកអនាម័យ ជាស្ត្រីមេម៉ាយកូន២នាក់ (៣នាក់ទាំងកូននៅក្នុងផ្ទៃ) ស្នាក់នៅបន្ទប់ផ្ទះជួលខាងលើ មានស្រុកកំណើតនៅភូមិព្រែកក្របៅ ឃុំព្រែកអំពិល ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។

មុនពេលកើតហេតុ ស្ត្រីជាប្អូនស្រីបង្កើតរបស់ជនរងគ្រោះបានទូរស័ព្ទរកនាងជាច្រើនលើកច្រើនសារតែតេមិនចូលសោះ ដោយមានការសង្ស័យនាងក៏បានមករកបងដល់បន្ទប់ជួលឃើញទ្វារបិទជិត និងខ្ទាស់គន្លឹះជាប់ខាងក្នុង គោះក៏មិនមានឮឆ្លើយ និងបើកទ្វារឲ្យទៀត។

តាមប្រភពដដែលបានប្រាប់បន្តទៀតថា ភ្លាមនោះស្ត្រីជាប្អូន ក៏បានហៅឲ្យអ្នកជិតខាងជួយមកមើល និងគាស់ទ្វារចូលទៅក៏ស្រាប់តែបានឃើញនាងដេកផ្កាប់មុខមាន ឱបរ៉ូឡូខ្សែភ្លើងដែលមានដាក់សាកថ្មទូរស័ព្ទនៅក្នុងបន្ទប់ទឹក ហើយបានបាត់បង់ជីវិតទៅហើយ ដោយមិនមានអ្នកណាម្នាក់បានដឹងថា តាំងពីពេលណាមកឡើយ ទើបបង្កឲ្យការភ្ញាក់ផ្អើលយ៉ាងខ្លាំង កើតឡើងតែម្តង និងរាយការណ៍ប្រាប់កម្លាំងមានសម្ថកិច្ចមូលដ្ឋានឲ្យដឹងពីរឿងនេះ។

ស្ត្រីរងគ្រោះជាស្ត្រីម៉េម៉ាយកូន ២នាក់រស់នៅឯស្រុកកំណើត បានលែងលះជាមួយ និងបុរសជាប្តីពី៤ ទៅ៥ខែ មកហើយ ដោយបន្សល់ទុកកូន ម្នាក់ទៀតជាកូនទី៣នៅក្នុងផ្ទៃទើបតែបានចំនួន៥ខែ ស្នាក់នៅក្នុងបន្ទប់តែម្នាក់ឯង ក៏ស្រាប់តែកើតមានរឿងបែបនេះឡើង។

ពាក់ព័ន្ធទៅនឹងករណីឆក់ខ្សែភ្លើងបណ្តាលឲ្យស្ត្រីមានផ្ទៃពោះ៥ខែម្នាក់ ស្លាប់ ទាំងពីរនាក់ម្តាយ និងកូនបែបនេះ គឺកើតឡើងដោយសារតែនាងតខ្សែរ៉ូឡូភ្លើងសាកថ្មទូរស័ព្ទយកទៅ មើលរឿងនៅក្នុងបន្ទប់ទឹក និងបោកខោអាវបណ្តើរនោះទើបណ្តាលឲ្យកើតមានរឿងបែបនេះឡើង។ក្រោយពីកម្លាំងមានសម្ថកិច្ចមូលដ្ឋានចុះមកធ្វើការត្រួតពិនិត្យកន្លែងកើតហេតុ និង កោសល្យវិច្ច័យទៅលើសាកសព របស់ស្ត្រីមានផ្ទៃពោះចំនួន ៥ខែរងគ្រោះស្លាប់ទាំងពីរនាក់ម្តាយ និងកូននោះបានបញ្ជាក់ថា ជនរងគ្រោះពិតជាបានស្លាប់ដោយសារតែការឆក់ខ្សែភ្លើងនៅក្នុងបន្ទប់ទឹក ពិតប្រាកដមែន ទើបបានប្រគល់ទៅឲ្យក្រុមគ្រួសារមក ទទួលយកទៅធ្វើបុណ្យទៅតាមប្រពៃណី នៅឯស្រុកកំណើតវិញ៕

ដកស្រង់ពី៖កោះសន្តិភាព