បណ្តាញសង្គម

នគរបាល​ព្រហ្មទណ្ឌ ចាប់ខ្លួន​បុរស​២​នាក់ ​តាម​ដីកា​ ក្លែង​ឯកសារ​លួច​លក់អចលនវត្ថុ របស់គេ

ខេត្តកណ្តាល ៖ កម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល សហការជាមួយកម្លាំងស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានចាប់ខ្លួនជនជាប់ចោទចំនួន ២នាក់ តាមដីកាសាលាដំបូងខេត្តកណ្តាល ពាក់ព័ន្ធ ក្លែងប័ណ្ណកម្មសិទ្ធិ បន្លំឯកសារ លួចលក់ឬលួចបញ្ចាំ អចលនវត្ថុ ដែលមិនមែនជារបស់ខ្លួន ។

ប្រតិបត្តិការចាប់ខ្លួនជនត្រូវចោទទាំង២នាក់ ធ្វើឡើងកាលពីម៉ោង១០និង៥០នាទីព្រឹកថ្ងៃទី០១ មិថុនា ២០២០ នៅចំណុចផ្លូវ២០០៤ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។

សមត្ថកិច្ចចាប់ឃាត់ខ្លួន រួមមានទី១-ឈ្មោះជា ស៊ីវសរ ភេទប្រុស អាយុ៤៥ឆ្នាំ មុខរបរអាជីវករ មានលំនៅផ្ទះលេខ៦៣ ផ្លូវ១៦៦ សង្កាត់អូរឬស្សី១ ខណ្ឌ៧មករា រាជធានីភ្នំពេញ ។

និងទី២-ឈ្មោះជិប អៀង ភេទប្រុស អាយុ៤៤ឆ្នាំ មុខរបរកសិករ មានលំនៅផ្ទះលេខ៦អា ផ្លូវ៤០៦ សង្កាត់ទំនប់ទឹក ខណ្ឌចំការមន រាជធានីភ្នំពេញ ។យោងតាមដីកាបង្គាប់ឲ្យចាប់ខ្លួនលេខ៦៤៩ ដកបខ ចុះថ្ងៃទី១១ ធ្នូ ២០១៩ របស់លោក ប្លុង វិសាល ចៅក្រមស៊ើបសួរ នៃសាលាដំបូងខេត្តកណ្តាល បានអោយដឹងថា ឈ្មោះជា ស៊ីវសរ ជាប់ចោទពីបទហិង្សាទៅលើអ្នកកាន់កាប់អចលនវត្ថុ ដោយសុច្ចរិត ។

និងលួចលក់ ឬលួចបញ្ចាំ អចលនវត្ថុ ដែលមិនមែនជារបស់ខ្លួន ក្លែងប័ណ្ណកម្មសិទ្ធិ ក្លែងបន្លំឯកសារសាធារណៈ ប្រើប្រាស់លិខិតក្លែង និងប្រើប្រាស់ឯកសារសាធារណៈក្លែង ដែលប្រព្រឹត្តនៅភូមិថ្មី ឃុំស្វាយអំពារ ស្រុកមុខកំពូល ខេត្តកណ្តាល កាលពីឆ្នាំ២០១៣ បន្តមកដល់ឆ្នាំ២០១៨ ។

ជាមួយគ្នានេះដែរ ឈ្មោះ ជិប អៀង ពីបទហិង្សាទៅលើអ្នកកាន់កាប់អចលនវត្ថុដោយសុច្ចរិត ។ លួចលក់ ឬលួចបញ្ចាំ អចលនវត្ថុ ដែលមិនមែនជារបស់ខ្លួនក្លែងប័ណ្ណកម្មសិទ្ធិ ក្លែងបន្លំឯកសារសាធារណៈ ប្រើប្រាស់លិខិតក្លែង និងប្រើប្រាស់ឯកសារសាធារណៈក្លែង ។

ប្រព្រឹត្តនៅភូមិថ្មី ឃុំស្វាយអំពារ ស្រុកមុខកំពូល ខេត្តកណ្តាល កាលពីឆ្នាំ២០១៣ បន្តមកដល់ឆ្នាំ២០១៨ ។ ករណីនេះ ការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល បានរៀបចំកសាងសំណុំរឿងបញ្ជូនខ្លួនជនត្រូវចោទទាំង២នាក់ខាងលើ ទៅកាន់សាលាដំបូងខេត្ត ដើម្បីចាត់ការបន្តតាមនីតិវិធី ៕

ដកស្រង់ពី៖កោះសន្តិភាព