បណ្តាញសង្គម

រថយន្ដដឹកអុស បុករថយន្ដបែនដឹកដី ក្រឡាប់ធ្លាក់ផ្លូវ ស្លាប់របួសពីរនាក់

ព្រៃវែង៖ រថយន្ដ ដឹកអុសធុន ធំមួយគ្រឿង បានក្រឡាប់ ធ្លាក់ផ្លូវ ជាតិលេខ១ ក្រោយ ពីបុកគូទ រថយន្ដ បែនដឹកដី កាលពីវេលា ម៉ោង ៨យប់ថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០១៤ នៅជិត ផ្សារកំពង់សឹង្ហ ស្រុកព្រះស្ដេច ខេត្ដព្រៃវែង បណ្ដាលឱ្យស្លាប់ និងរបួស ពីរនាក់ អ្នកស្លាប់ គឺជាកម្មករ ជិះនៅលើ រថយន្ដ ដោយឡែក អ្នករងរបួស បាក់ជើង គឺជាអ្នកបើក រថយន្ដ ។

អធិការ នគរបាល ស្រុកព្រះស្ដេច លោក ទ្រី សេងហ៊ាង បានឱ្យដឹងថា រថយន្ដ ដឹកអុស ធុនធំមួយគ្រឿង បានធ្វើដំណើរ តាមផ្លូវជាតិ លេខ១ លុះពេលជិត ទៅដល់ផ្សារ កំពង់សឹង្ហ បានបុក រថយន្ដបែនដឹកដី ពីមុខបណ្ដាល ឱ្យរេ ចង្កូតក្រឡាប់ ធ្លាក់ផ្លូវ ធ្វើឱ្យអុស និងរថយន្ដ សង្កត់ កម្មករម្នាក់ រហូតដល់ស្លាប់ រីឯអ្នកបើក រថយន្ដ រងរបួសបាក់ជើង ។

លោកទ្រី សេងហ៊ាង បានឱ្យដឹង ទៀតថា ក្រោយពី ទទួលបាន ព័ត៌មាន នៃគ្រោះថ្នាក់ ចរាចរ ខាងលើនេះ កម្លាំង សមត្ថកិច្ច មូលដ្ឋាន អាជ្ញាធរ និងប្រជាពលរដ្ឋ ជាច្រើននាក់បាន ចុះទៅជួយ អន្ដរាគមន៍ ដោយនាំគ្នា ជួយជញ្ជូន អុស ចេញពី រថយន្ដ ដើម្បីជួយសង្គ្រោះ កម្មករ ដែលត្រូវសង្កត់ ។

អធិការនគរ បាលរូបនេះ បានបញ្ជាក់ថា ប្រតិបត្ដិការ បានធ្វើឡើង តាំងពី ម៉ោងកើត ហេតុ រហូតដល់ម៉ោង ១០ព្រឹក ថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០១៤ ទើបយក សពជន រងគ្រោះ ចេញពីក្រោម គំនរអុស និងរថយន្ដ ដែលសង្កត់ ពីលើ ។ ដោយឡែក អ្នកបើក រថយន្ដដែល រងរបួស បាក់ជើងនោះ ត្រូវបានដឹកបញ្ជូនទៅ សម្រាក់ព្យាបាល នៅមន្ទីរពេទ្យ ។

សមត្ថកិច្ច មិនទាន់បាន បញ្ជាក់ពី អត្ដសញ្ញាណ ជនរងគ្រោះ ឡើយទេ ហើយបាន ទាក់ ទៅក្រុមគ្រួសារ មកទទួល យកសពទៅ ធ្វើបុណ្យតាមប្រពៃណី ៕

ដកស្រង់ពី៖ ដើមអម្ពិល