បណ្តាញសង្គម

កំពុងប្រមូលផ្តុំ​គ្នា​ជួញដូរ ត្រូវ​សមត្ថកិច្ច​ប​ង្ក្រាប

រាជធានីភ្នំពេញ ៖ ជនសង្ស័យ៣នាក់ត្រូវបានកម្លាំងនគរបាលខណ្ឌជ្រោយចង្វារឃាត់ខ្លួន និងដកហូតបានថ្នាំញៀនចំនួន២៣កញ្ចប់ ខណៈពេលដែលពួកគេកំពុងតែជួបប្រមូលផ្តុំគ្នាជួញដូរគ្រឿងញៀន ។

ហេតុការណ៍ឃាត់ខ្លួនជនសង្ស័យជួញដូរខាងលើនេះធ្វើឡើងកាលពីវេលាម៉ោងប្រមាណ៣និង៣០នាទីរសៀលថ្ងៃទី៦ ខែ មិថុនា ឆ្នាំ២០២០ នៅចំណុចភូមិព្រែកតារ័ត្ន សង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។ ជនសង្ស័យទាំង៣នាក់ដែលត្រូវឃាត់ខ្លួនខាងលើរួមមាន ១-ឈ្មោះ លុន វណ្ណៈ ភេទប្រុស អាយុ៣៤ឆ្នាំ (ជាអ្នកជួញដូរ) ២-ស៊ុន សៀន ភេទប្រុស អាយុ២៥ឆ្នាំ (ជាអ្នកជួញដូរ) និង៣-ឈ្មោះគឹម ពន្លក ភេទប្រុសអាយុ២៩ឆ្នាំ (ជាអ្នកប្រើប្រាស់) ។

ជនសង្ស័យទាំង៣នាក់ស្នាក់នៅកន្លែងកើតហេតុខាងលើ ។តាមប្រភពពីនគរបាលអោយដឹងថា ដោយមានការផ្តល់ព័ត៌មានពីប្រជាពលរដ្ឋ និងមានការស្រាវជ្រាវ កម្លាំងនគរបាលខណ្ឌជ្រោយចង្វារ ក៏បានចុះទៅសហការជាមួយនគរបាលប៉ុស្តិ៍ព្រែកតាសេក ឃាត់ខ្លួនជនសង្ស័យទាំង៣នាក់ ដែលកំពង់តែធ្វើសកម្មភាពជួញដូរគ្រឿងញៀន។

តាមប្រភពពីនគរបាលអោយដឹងទៀតថា បន្ទាប់ពីឃាត់ខ្លួនជនសង្ស័យទាំង៣នាក់ខាងលើ សមត្ថកិច្ចក៏បានដកហូតបានថ្នាំញៀន ប្រភេទម៉ាទឹកកកចំនួន២៣កញ្ចប់ ក្នុងនោះមាន២២កញ្ចប់តូច និងមួយកញ្ចប់ធំព្រមទាំងសម្ភារៈប្រើប្រាស់មួយចំនួន ។ ជនសង្ស័យ រួមទាំងវត្ថុតាងត្រូវបានសមត្ថកិច្ចបញ្ជូន ទៅកាន់អធិការដ្ឋាន ដើម្បីសាកសួរនិងកសាងសំណុំរឿងចាត់ការតាមច្បាប់៕

ដកស្រង់ពី៖កោះសន្តិភាព