បណ្តាញសង្គម

ផ្ទុះអាវុធ​ ៣​គ្រាប់ មុខ​សាលា​ចតុមុខ ផ្ដើម​ចេញពី​ការ​មើល​មុខ​គ្នា

រាជធានីភ្នំពេញ ៖ ករណីគូភាគី ២ក្រុម មានការឌឺដង ជាពាក្យសំដីដាក់គ្នា ទើបឈានដល់ការគប់ដុំថ្ម ទៅលើភាគីមួយក្រុមទៀត ដែលធ្វើឲ្យមានការផ្ទុះអាវុធចំនួន៣គ្រាប់ នៅចំណុចមុខសាលាចតុមុខ ធ្វើឲ្យក្រុមក្មេងស្ទាវចំនួន៤នាក់ភ័យស្លន់ស្លោនាំគ្នារត់ចូលផ្ទះលក់បបរជាប់របងសាលារៀន បង្កឱ្យមានការភ្ញាក់ផ្អើលពេញផ្លូវ ។

ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង១០និង៣០នាទីយប់ ថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២០ នៅចំណុចមុខនឹងសាលាបឋមសិក្សាចតុមុខ តាមបណ្តោយផ្លូវព្រះនរោត្តម ស្ថិតនៅក្នុងសង្កាត់ជ័យជំនះ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។ ក្រោយកើតហេតុភ្លាមៗ សមត្ថកិច្ចប៉ុស្តិ៍ក៏បានទៅដល់កន្លែងកើតហេតុ ហើយភាគីបង្កចំនួន៤នាក់ ត្រូវបានកម្លាំងប៉ូលិសនាំយកមកធ្វើការសាកសួរ រួមមាន ៖១-ឈ្មោះ ចេន ឧត្តម ភេទប្រុស អាយុ២៣ឆ្នាំ ស្នាក់នៅតូបលេខ៩ ផ្លូវ៥១ជាប់វត្តលង្កា មុខរបរលក់ភេសជ្ជ: (ធ្វើតេស្តគ្មានសារធាតុញៀន) ។

២-ឈ្មោះ ទេព វីរ: ភេទប្រុស អាយុ២១ឆ្នាំ មានទីលំនៅម្តុំវត្តទួលសង្កែ ខណ្ឌឬស្សីកែវ មុខរបរជួយលក់បបរ ឲ្យបងនៅផ្សារកណ្តាល (គ្មានសារធាតុញៀន) ។ ៣-ឈ្មោះ វេង ណារិទ្ធ ភេទប្រុស អាយុ២០ឆ្នាំ មានទីលំនៅផ្លូវ១៥៤ សង្កាត់ផ្សារកណ្តាល១ ខណ្ឌដូនពេញ មុរបរជួយលក់ គុយទាវឲ្យម្តាយ (គ្មានសារធាតុញៀន) ។ និង៤-ឈ្មោះ ពុំ វិសាល ភេទប្រុស អាយុ២៣ឆ្នាំ មានទីលំនៅផ្ទះលេខ១៩០ ភូមិ-ឃុំអរិយក្សត្រ ស្រុកល្វាឯម ខេត្តកណ្តាល មុខរបរបុគ្គលិកណាហ្គា (គ្មានសារធាតុញៀន) ។

វត្ថុតាងដែលសមត្ថកិច្ចរកឃើញ ៖ ១-ដុំថ្ម៣ដុំ ។ ២-សំបកកាទុស៣គ្រាប់ ។ 3-ម៉ូតូម៉ាកឡេត ពណ៌ស ផ្លាកលេខភ្នំពេញ ១FP៤៩១៥ ។ និង៤-ម៉ូតូធូដេពណ៌ខ្មៅគ្មានផ្លាកលេខ ។

បើតាមប្រពភព័ត៌មានពីសមត្ថកិច្ច នៃអធិការដ្ឋាននគរបាលខណ្ឌដូនពេញ និងប៉ុស្តិ៍នគរបាលរដ្ឋបាលបឹងរាំង បានអោយដឹងថា មុនពេលកើតហេតុ គេឃើញក្មេងស្ទាវ៤នាក់ ជិះម៉ូតូ២គ្រឿង ក្នុងនោះមួយគ្រឿងជាប្រភេទកូនទា ពណ៌ខ្មៅ អត់មានស្លាកលេខ និងមួយគ្រឿងទៀតម៉ាកស៊ុយហ្ស៊ុយគីឡែត ពណ៌ស បើកបរតាមបណ្តោយផ្លូវព្រះនរោត្តម ក្នុងទិសដៅពីត្បូងទៅជើង គឺមកពីវិមានឯករាជ្យ ។

លុះជិះមកដល់ចំណុចកើតហេតុ ក្មេងស្ទាវទាំង៤នាក់នោះបានជិះម៉ូតូមកឈប់ទិញនំពពាយ នៅមុខសាលាចតុមុខ ក៏ស្រាប់តែលេចមុខបុរស៣នាក់ស្លៀកពាក់ស៊ីវិល មិនស្គាល់អត្តសញ្ញាណ បានជិះម៉ូតូ៣គ្រឿង សុទ្ធតែម៉ូតូម៉ាកហុងដាឌ្រីម ជិះក្នុងទិសដៅបញ្ច្រាសគ្នា កាត់ពីមុខក្មេងស្ទាវ៤នាក់នោះ រួចហើយមើលមុខគ្នា ។

បន្ទាប់មកក្មេងស្ទាវទាំង៤នាក់នោះស្រែកថា “ពួកហ្អែងចង់ធ្វើអី!” ហើយក៏នាំគ្នាស្ទុះទៅរើសដុំថ្ម គប់សំដៅទៅក្រុមមួយទៀត (បុរស៣នាក់) ភ្លាមនោះធ្វើឱ្យបុរសទាំង៣នាក់នោះ ក៏បត់ម៉ូតូត្រឡប់ក្រោយ រួចដកកាំភ្លើងខ្លីចេញពីចង្កេះបាញ់ឡើងលើចំនួន៣គ្រាប់ ធ្វើឲ្យក្រុមក្មេងស្ទាវទាំង៤នាក់នោះ ភ័យស្លន់ស្លោ ក៏នាំគ្នារត់ចូលក្នុងហាងបបរកង្កែបមួយកន្លែង តាមបណ្តោយផ្លូវព្រះនរោត្តម បង្កអោយផ្អើលសមត្ថកិច្ចផ្នែកព្រហ្មទណ្ឌ និងកម្លាំងអាវុធហត្ថខណ្ឌដូនពេញចុះមក ។

ក្មេងស្ទាវទាំង៤នាក់នោះ ត្រូវបានសមត្ថកិច្ចនាំខ្លួនយកទៅសួរនាំនៅប៉ុស្តិ៍ជ័យជំនះ ប៉ុន្តែដោយធ្វើការសួរនាំទៅដឹងរឿងក៏បញ្ជូនបន្តទៅកាន់ប៉ុស្តិ៍បឹងរាំង ដើម្បីសួរនាំជាបន្តទៅទៀត ។

ដោយឡែកក្រុមខ្មាញ់កាំភ្លើង បន្ទាប់ពីផ្ទុះអាវុធរួចហើយ ក៏នាំគ្នាជិះម៉ូតូគេចខ្លួនបាត់អស់ ។ ក្រោយពីធ្វើការសាកសួរ ណែនាំអប់រំ និងមានអាណាព្យាបាលមកធ្វើកិច្ចសន្យាធានារួច សមត្ថកិច្ចក៏បានអនុញ្ញាតិឲ្យជនបង្កទាំង៤នាក់នេះ ត្រឡប់ទៅគេហដ្ឋានវិញ ម្យ៉ាងវិញទៀត សមត្ថកិច្ចនៅតែបន្តការស្រាវជ្រាវរកជន៥នាក់ ដែលបាញ់នៅយប់នោះ ដើម្បីយកមកអនុវត្តតាមនីតិវិធីច្បាប់ ៕

ដកស្រង់ពី៖កោះសន្តិភាព