បណ្តាញសង្គម

លួច​សម្រេច​ពី​យប់ រួច​លាក់​ទុក​ម៉ា​ស្អាត ព្រឹក​ឡើង​ចប់​ត្រឹម​កាមេរ៉ា និង GPS

ខេត្តបន្ទាយមានជ័យ ៖ បើតាមសេចក្តីរាយការណ៍បានឱ្យដឹងថា ជនសង្ស័យចំនួន៣នាក់ជាប់ចោទលើករណីលួចកាច់សោយកម៉ូតូហើយរួចគេចខ្លួន ក្រោយក៏ត្រូវកម្លាំងនគរបាលព្រំដែនគោកប៉ុស្តិ៍ព្រៃគប់នៃវរសេនាតូចលេខ៩១១ ក្របួចចាប់បាននៅភូមិព្រៃគប់ សង្កាត់ផ្សារកណ្តាល ទាំងព្រឹកព្រលឹមនាថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២០ បន្ទាប់ពីម្ចាស់ម៉ូតូឆែកកាមេរ៉ាសុវត្ថិភាព និងឆែករកម៉ូតូតាមប្រព័ន្ធ GPS ផងនោះ ទើបតាមរកឃើញទីតាំងម៉ូតូ ក៏រាយការណ៍ប្តឹងសមត្ថកិច្ចផ្ទាល់មាត់ភ្លាមៗតែម្តង។

សេចក្តីរាយការណ៍បន្តថា ជនសង្ស័យទាំង៣ខាងលើ ១-ឈ្មោះ សឹង ចំណាន ភេទប្រុស អាយុ២០ឆ្នាំ, ២-ឈ្មោះ នួន សុផៃ ភេទប្រុស អាយុ២៣ឆ្នាំ ទាំង២នាក់នេះ រស់នៅភូមិសាមគ្គីមានជ័យ សង្កាត់ប៉ោយប៉ែត និង៣-ឈ្មោះ ហេង ស៊ីណាត ភេទប្រុស អាយុ២០ឆ្នាំ រស់នៅភូមិក្បាលស្ពាន០១ សង្កាត់ប៉ោយប៉ែត។ ចំណែកជនរងគ្រោះជាម្ចាស់ម៉ូតូឈ្មោះ ដា សុខណា អាយុ២៧ឆ្នាំ ស្នាក់នៅផ្ទះជួល ស្ថិតក្នុងភូមិសាមគ្គីមានជ័យ សង្កាត់ប៉ោយប៉ែត។

បើតាមលោកអនុសេនីយ៍ត្រី ស៊ា សៅឌី មេប៉ុស្តិ៍ស្តីទីប៉ុស្តិ៍ព្រៃគប់ នៃនគរបាលការពារព្រំដែនគោកលេខ៩១១ ប្រាប់តាមទូរស័ព្ទថា មុនពេលឃាត់ខ្លួនជនសង្ស័យទាំង៣នាក់ខាងលើនេះ លោកបានទទួលសេចក្តីរាយការណ៍ពីបុរសម្នាក់ផ្ទាល់មាត់ថា គាត់បានបាត់ម៉ូតូម៉ាក Zoomer X ពណ៌ក្រហមលាយ.ស គ្មានស្លាកលេខមួយគ្រឿង។ម្ចាស់ម៉ូតូខាងលើប្រាប់ទៀតថា ម៉ូតូរបស់គាត់ គឺបាត់នៅម៉ោងប្រហែល៤ទៀបភ្លឺឈានចូលព្រឹកថ្ងៃទី៨ មិថុនា ២០២០ ។

ហើយថា ដោយសារតែបន្ទប់ជួលកន្លែងគាត់រស់នៅនោះមានកាមេរ៉ាសុវត្ថិភាព មានទាំងវីដេអូឃ្លីបឃើញពីសកម្មភាពក្រុមជនសង្ស័យ ម្យ៉ាងទៀតម៉ូតូរបស់គាត់បានដាក់ប្រព័ន្ធ GPS ផងនោះ ទើបពេលឆែករកឃើញនៅម្តុំភូមិ-ឃុំកើតហេតុខាងលើ ក៏រាយការណ៍ដល់សមត្ថកិច្ចឲ្យជួយស្រាវជ្រាវតែម្តង។ លោក ស៊ា សៅឌី បន្តថា ក្រោយពីទទួលសេចក្តីរាយការណ៍ពីបុរសម្ចាស់ម៉ូតូភ្លាមៗ ក៏ទទួលបញ្ជាពីលោកមេបញ្ជាការដឹកនាំកម្លាំងចុះស្រាវជ្រាវ ក៏រកឃើញម៉ូតូដែលបាត់នោះភ្លាមៗផងដែរ។

ក្នុងប្រតិបត្តិការស្រាវជ្រាវភ្លាមៗនោះ គឺចាប់បានជនសង្ស័យ២នាក់ ខណៈម្នាក់ទៀតរត់គេចចូលចំការដំឡូងបាត់ ប៉ុន្តែក្រោយមកក៏ត្រូវកម្លាំងរបស់លោកឡោមព័ទ្ធ និងតាមប្រម៉ាញ់ចាប់បានតាមក្រោយតែម្តង។ ចំណែកម៉ូតូវិញត្រូវបានក្រុមជនសង្ស័យយកទៅលាក់ទុកនៅក្នុងផ្ទះមួយកន្លែងដែលម្ចាស់ផ្ទះឈ្មោះ ផែង សំអាង ភេទប្រុស អាយុ៣៤ឆ្នាំ ក៏ត្រូវបានសមត្ថកិច្ចនាំខ្លួនទៅសួរនាំផងដែរ ។

ក្រោយពេលកើតហេតុ ទាំងក្រុមជនសង្ស័យ និងម្ចាស់ផ្ទះដែលលាក់ទុកម៉ូតូខាងលើ ក៏ដូចជាម៉ូតូជាវត្ថុតាងផងនោះ ត្រូវបានកម្លាំងនគរបាលព្រំដែនគោក ប្រគល់ឲ្យនគរបាលជំនាញផ្នែកព្រហ្មទណ្ឌនៃអធិការនគរបាលក្រុងប៉ោយប៉ែត ដើម្បីសាកសួរបន្ត។

ជុំវិញករណីខាងលើនេះ លោក ព្រំ ពិសិដ្ឋ អធិការរងទទួលផែនព្រហ្មទណ្ឌនៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត បានប្រាប់ថា ករណីខាងលើខាងលើ លោកកំពុងសាកសួរនៅឡើយ ហើយថា មិនទាន់អាចប្រាប់លម្អិតបាននោះទេ៕

ដកស្រង់ពី៖កោះសន្តិភាព