Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

កំពុងជប់លៀង​បាន​​570​​ថ្មីចែស នាងៗ​មក​​​​កាច់​កញ្ចក់ឡាន​គេ?​

  • បោះពុម្ព

រាជធានីភ្នំពេញ ៖ សន្តិសុខនិងប្រជាពលរដ្ឋបានចាប់ឃាត់ខ្លួនស្ត្រី២នាក់ប្រគល់ឲ្យសមត្ថកិច្ច បន្ទាប់ពីពួកគេបានលួចគាស់កញ្ចក់រថយន្តឡិចសុីស៥៧០មួយគ្រឿងដែលម្ចាស់ទើបនឹងទិញ ។

ករណីនេះកើតឡើងកាលពីវេលាម៉ោងប្រមាណ៨និង៣០នាទីយប់ថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២០ នៅមុខហាងម៉ាស្ទ័រស៊ុគីស៊ុប ចំណុចកែងរវាងមហាវិថីម៉ៅសេទុងនិងផ្លូវលេខ៩៥ សង្កាត់បឹងកេងកងទី៣ ខណ្ឌបឹងកេងកង ។

ស្ត្រីទាំង២នាក់នេះ ភ្លាមៗនោះមិនត្រូវបានប្រាប់ឈ្មោះឲ្យដឹងទេ ជិះម៉ូតូមួយគ្រឿងម៉ាកហុងដាស្គូពី ស៊េរីឆ្នាំ២០១៨ ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ ១GZ-១៥៦៩ ។ប្រភពព័ត៌មានពីសន្តិសុខយាមនៅហាងខាងលើដឹងថា រថយន្តឡិចសុីស៥៧០នេះ ពណ៌ស នៅថ្មីសន្លាងអត់ទាន់មានផ្លាកលេខទេ ដែលម្ចាស់ទើបនឹងទិញហើយជិះមកចូលហូបអាហារពេលល្ងាចនៅក្នុងហាងជាលក្ខណៈគ្រួសារ ដោយចតរថយន្តនៅខាងមុខហាង ។

នៅយប់នោះ ខណៈរូបគាត់កំពុងរវល់រៀបឲ្យរថយន្តភ្ញៀវចូលចត ស្រាប់តែស្ត្រីទាំង២នាក់ខាងលើជិះម៉ូតូមកឈប់អែបកៀនចិញ្ចើមផ្លូវ នៅពីក្រោយរថយន្តឡិចសុីស៥៧០នោះ ។

បន្ទាប់មក ស្ត្រីម្នាក់ក្នុងចំណោមពួកគេបានចុះទៅឆ្កឹះយកកញ្ចក់ឆ្លុះមើលក្រោយខាងឆ្វេង ដោយប្រើដែកចុងស្រួចឆ្កឹះបានសម្រេច និងបម្រុងឡើងជិះម៉ូតូរត់គេចខ្លួន ។

ប៉ុន្តែ ភ្លាមៗក៏ត្រូវគាត់ក្រឡេកឃើញទាន់ និងស្រែកឆោឡោឡើងផ្អើលដលើប្រជាពលរដ្ឋ ធ្វើឲ្យចោរស្រីទាំង២នាក់ភ័យស្លន់ស្លោក៏ទម្លាក់កញ្ចក់រថយន្តចោលបណ្តាលអោយបែក តែក៏ឃាត់ខ្លួនបានភ្លាមៗប្រគល់ឲ្យសមត្ថកិច្ច ។

ប្រភពព័ត៌មានពីសាច់ញាតិម្ចាស់រថយន្ដឲ្យដឹងថា រថយន្ដឡិចសុីស៥៧០នេះគឺទើបនឹងទិញ ហើយគោលបំណងមកហាងខាងលើដើម្បីហូបអាហារជុំគ្រួសារ និងជាការជប់លៀងបន្ទាប់ពីទិញរថយន្តថ្មីផង បែរជាត្រូវចោរសម្ពោធអស់កញ្ចក់មើលក្រោយមួយចំហៀងទៅវិញ ។ ទោះជាយ៉ាងណា ម្ចាស់រថយន្តមិនបានទៅដាក់ពាក្យបណ្ដឹងទេ ដោយប្រគល់ស្ត្រីទាំង២នាក់ឲ្យសមត្ថកិច្ចមូលដ្ឋានចាត់ការតាមច្បាប់ ៕

ដកស្រង់ពី៖កោះសន្តិភាព