បណ្តាញសង្គម

លួច​ផ្លោះ​របង​ឡើង​ឃឿ​ន​បំរុង​ចូល​ក្នុង​អគារ​ខុន​ដូ ស្រាប់តែ​វ៉ា​ក់​អឺ​តែ​ម្តង ចប់​បាត់​!

រាជធានីភ្នំពេញ ៖ បើតាមសេចក្តីរាយការណ៍បានឱ្យដឹងថា ជនសង្ស័យម្នាក់បានធ្វើសកម្មភាពផ្លោះរបងឡើងឃឿនថ្មសួនផ្កា ប៉ុនប៉ងចូលលួចទ្រព្យសម្បត្តិក្នុងអគារខុនដូរ តែត្រូវវ៉ាក់នឹងសន្តិសុខតែម្តង ក៏ត្រូវសន្តិសុខតាមទាន់ក៏ចាប់ប្រគល់ឱ្យសមត្ថកិច្ច បង្កឱ្យមានការភ្ញាក់ផ្អើលកាលពីម៉ោង៤និង២០នាទីទៀបភ្លឺ ថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២០ ត្រង់ចំណុចអគារខុនដូគ្មានឈ្មោះ ជាប់និងគល់ស្ពានអាកាស៧មករា តាមបណ្ដោយផ្លូវកម្ពុជាក្រោម ស្ថិតក្នុងសង្កាត់ទឹកល្អក់ទី១ខណ្ឌទួលគោក។សេចក្តីរាយការណ៍បានឱ្យដឹងថា ជនសង្ស័យខាងលើមានឈ្មោះ ម៉ុន ម៉ៅ ភេទប្រុស អាយុ២០ឆ្នាំ មុខរបរ និងស្នាក់នៅមិនពិតប្រាកដ ក្នុងភូមិច្រេះ ឃុំច្រេះ ស្រុកមេសាង ខេត្តព្រៃវែង។

តាមសម្ដីពីបុរសម្នាក់ឈ្មោះ សំ វិច្ឆិកា អាយុ៣២ឆ្នាំ ជាសន្តិសុខយាមកាម នៅខុនដូ បានរៀបរាប់ប្រាប់ឲ្យដឹងថា នៅមុនកើតហេតុ គាត់អង្គុយយាម និងមើលការខុសត្រូវសុវត្ថិភាពតែម្នាក់ឯង ដោយបានដាក់ប៉ៅអ៊ីអង្គុយក្បែរមាត់ទ្វារច្រកចេញ-ចូល ដោយមានដើមផ្កាបាំងពីខាងក្រៅ។

លុះដល់កើតហេតុ ក៏ស្រាប់តែលេចមុខជនសង្ស័យខាងលើបានដើរមកខាងមុខអគារ មានទាំងស្ពាយកាបូបតូចមួយជាប់នឹងខ្លួនទៀត រួចក៏ធ្វើសកម្មភាពផ្លោះឡើងឃឿនសួនផ្កាលម្អខាងលើអគារ ប៉ុនប៉ងចូលទៅលួចសម្ភារៈ និងរបស់របរមានតម្លៃដែលនៅខាងក្នុងខុនដូរ ។ សន្តិសុខខាងលើបន្តថា ខណៈពេលដែលផ្លោះឡើងមកដល់ខាងលើ មិនទាន់នឹងបានលួចផង ក៏ត្រូវវ៉ាក់អើជួបនឹងរូបគាត់ជាសន្តិសុខដែលកំពុងអង្គុយយាម។

ពេលនោះជនសង្ស័យក៏បំរុងនឹងរត់គេចខ្លួន តែត្រូវគាត់ចាប់ក្របួចជាប់ និងធ្វើការឆែកឆេរលើខ្លួនជនសង្ស័យ មានដូចជា ទួណឺវីសមួយដើម ទូរស័ព្ទដៃមួយគ្រឿង និងរបស់របរផ្សេងទៀត។ភ្លាមៗនោះជនសង្ស័យក៏បានឆ្លើយថា រូបគេមិនបានប៉ុនប៉ងមកលួចអ្វីនេះទេ គឺគ្រាន់តែចង់យកទូរស័ព្ទដៃមកលក់ឲ្យសន្តិសុខប៉ុណ្ណោះ។

ក្រោយមកបុរសជាសន្តិសុខក៏បានរាយការណ៍ជូនសមត្ថកិច្ចមូលដ្ឋានឲ្យចុះមកអន្តរាគមន៍តែម្តង។ក្រោយពេលកើតហេតុ ជនសង្ស័យ រួមទាំងវត្ថុតាង ត្រូវបានសមត្ថកិច្ចនាំយកទៅសាកសួរនៅប៉ុស្តិ៍នគរបាលរដ្ឋបាលទឹកល្អក់ទី១ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅអធិការដ្ឋាននគរបាលខណ្ឌទួលគោក ដើម្បីរង់ចាំធ្វើការចាត់ការទៅតាមនីតិវិធី៕

ដកស្រង់ពី៖កោះសន្តិភាព