Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ធ្លាប់តែ​ឃើញ​ចោរ​ប្រុស​ឆក់​ពី​ស្រី​ៗ លើក​​នេះ​ចម្លែក​ចោរ​ស្រី​វ័យក្មេង​ឆក់​ពី​ប្រុស​ម្តង

  • បោះពុម្ព

ខេត្តបាត់ដំបង ៖ នេះជាលើកដំបូងហើយ សម្រាប់ក្រុមចោរ «ឆក់» នៅខេត្តបាត់ដំបង ដែលជនដៃដល់ «ឆក់» យកទូរស័ព្ទពីបុរសម្នាក់កំពុងតែជិះម៉ូតូ គឺជាមនុស្សស្រីវ័យ១៦ឆ្នាំ ដែលអ្នកឌុបធ្វើសកម្មភាពជាមនុស្សប្រុស។

នេះចាត់ទុកថា ជាចោរស្រីវ័យក្មេងដ៏ក្លាហានម្នាក់ ដែលសមត្ថកិច្ចមិនធ្លាប់ជួបប្រទះ តែត្រូវបានកម្លាំងជំនាញ ការិយាល័យព្រហ្មទណ្ឌកំរិតធ្ងន់ ធ្វើការស្រាវជ្រាវតាមចាប់ខ្លួនក្រុមចោរ «ឆក់» ញីឈ្មោលនេះ បានជាបន្តបន្ទាប់ ក្រោយពេលកើតហេតុ។

យោងតាមរបាយការណ៍មន្ត្រីមូលដ្ឋានបានឲ្យដឹងថា អំពើចោរកម្មនេះ បានកើតឡើង កាលពីម៉ោង៧និង៣០នាទីព្រឹក ថ្ងៃទី១៣ ខែមិថុនា នៅលើកំណាត់ផ្លូវទៅប្រាទបាណន់ ត្រង់ចំនុចភូមិកំពង់សីម៉ា សង្កាត់វត្តគរ ក្រុងបាត់ដំបង។របាយការណ៍ដដែលបានបញ្ជាក់ថា ភ្លាមៗនោះ គេមិនទាន់ស្គាល់អត្តសញ្ញាណជនដៃដល់ទេ រីឯជនរងគ្រោះឈ្មោះ ហេង សុខលេង ហៅចេម ភេទប្រុស អាយុ២៩ឆ្នាំ រស់នៅភូមិខ្សាច់ពោយ សង្កាត់វត្តគរ ក្រុងបាត់ដំបង ត្រូវជនសង្ស័យជិះម៉ូតូ «ឆក់» យកទូរស័ព្ទដៃម៉ាក់សាំសុងមួយគ្រឿង ពេលកំពុងនិយាយបណ្ដើរជិះម៉ូតូបណ្ដើរ។

នាយការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតធ្ងន់ លោកអូន ហ្វៃ បានឲ្យដឹងថា ជនសង្ស័យដែលធ្វើសកម្មភាព «ឆក់» ទូរស័ព្ទខាងលើនេះ ត្រូវកម្លាំងរបស់លោកធ្វើការស្រាវជ្រាវឃាត់ខ្លួនបានជាបន្តបន្ទាប់ នៅពេលយប់នៃថ្ងៃកើតហេតុ។

ជនទាំង២នាក់នោះ ម្នាក់ឈ្មោះ ជួន កក្កដា ហៅអាខ្មៅ ភេទប្រុស អាយុ២៩ឆ្នាំ រស់នៅភូមិជ្រៃកោង សង្កាត់ស្លាកកែត ក្រុងបាត់ដំបង និ ម្នាក់ទៀតឈ្មោះ ចិន លីម៉ា ហៅពេជ្រ ភេទស្រី អាយុ១៦ឆ្នាំ រស់នៅភូមិចុងព្រែក សង្កាត់ក្ដុលដូចទាវ ក្រុងបាត់ដំបង។

ជាមួយនឹងការឃាត់ខ្លួននេះ មន្ត្រីជំនាញដកហូតបានម៉ូតូ១គ្រឿងម៉ាកហុងដាឌ្រីម C125 ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៥ គ្មានស្លាកលេខ ដែលជាមធ្យោបាយជិះធ្វើសកម្មភាព។លោកបានបញ្ជាក់ថា បើតាមចម្លើយសារភាពរបស់ជនទាំង២នាក់ គឺឈ្មោះ កក្កដា ហៅ ខ្មៅ ជាអ្នកឌុប ហើយឈ្មោះ លីម៉ា ហៅ ពេជ្រ (ស្រី) ជាអ្នកដៃដល់«ឆក់»។

ប៉ុន្តែក្រោយពីឆក់បានសម្រេច ជនដៃដល់បានបោះទូរស័ព្ទចោលវិញ ដោយសារតែជនរងគ្រោះជិះម៉ូតូដេញតាមយ៉ាងប្រគិត។ នៅព្រឹកថ្ងៃទី១៤ មិថុនា សមត្ថកិច្ចបាននាំពួកចោរញីឈ្មោលទាំង២នាក់នេះ ឲ្យទៅចង្អុលបង្ហាញទីតាំងដែលខ្លួនធ្វើសកម្មភាព និងបោះទូរស័ព្ទចោល ក្រោយពីឆក់បានពីជនរងគ្រោះ។

នៅកន្លែងកើតហេតុ ជនសង្ស័យទាំង២នាក់ បានសារភាពព្រមៗគ្នាថា ពួកខ្លួនពិតជាបានធ្វើសកម្មភាព «ឆក់» ទូរស័ព្ទពីបុរសម្នាក់មែន ពេលជនរងគ្រោះនោះកំពុងជិះម៉ូតូបណ្ដើរ និយាយទូរស័ព្ទបណ្ដើរ។ជនទាំង២នាក់បានបញ្ជាក់នៅចំពោះមុខសមត្ថកិច្ចថា មុនពេលធ្វើសកម្មភាព គឺពួកខ្លួនបាននាំគ្នាជក់ថ្នាំញៀនរួចស្រេចហើយ (ម៉ាទឹកកក)។ ដំបូងពួកខ្លួនជិះម៉ូតូឌុបគ្នាចេញពីក្រុងបាត់ដំបង តាមផ្លូវឆ្ពោះទៅស្រុកបាណន់។

ប៉ុន្តែពេលជិះដល់ចំណុចកើតហេតុ ឃើញបុរសម្នាក់ជិះម៉ូតូបញ្ច្រាសទិស ហើយកំពុងនិយាយទូរស័ព្ទផង ពួកខ្លួនក៏ជិះត្រឡប់បកក្រោយវិញ លុះជិះតាមទាន់បុរសនោះ ពួកខ្លួនក៏ «ឆក់» យកទូរស័ព្ទតែម្ដង ដោយឈ្មោះពេជ្រ ជាអ្នកឆក់។

នៅក្នុងការផ្ដល់ចម្លើយនេះ ឈ្មោះ ពេជ្រ បាននិយាយថា ពេលដែលនាង «ឆក់» បានទូរស័ព្ទភ្លាម ម្ចាស់ទូរស័ព្ទក៏បានជិះដេញពួកនាងយ៉ាងប្រគិតបំផុត ស្ថានភាពទាល់ច្រកបែបនេះ នាងក៏បោះទូរស័ព្ទទៅលើថ្នល់ឲ្យម្ចាស់វិញ ហើយថែមទាំងលើកដៃសំពះសុំទោសទៀតផង។

ប៉ុន្តែបុរសនោះមិនបានចុះរើសទេ គិតតែពីជិះម៉ូតូដេញតាមពួកនាង តែដេញមិនទាន់ រហូតដល់ពាក់កណ្ដាលអធ្រាត្រក៏ត្រូវសមត្ថកិច្ចចាប់ពួកនាងបានតែម្ដង។ពាក់ព័ន្ធករណីខាងលើ បើតាមមន្ត្រីការិយាល័យជំនាញ បានប្រាប់ថា ជនសង្ស័យប្រុស ស្រី២នាក់នេះ ជាអ្នកសេពថ្នាំញៀនដូចគ្នា ហើយក៏ជាមុខសញ្ញាប្រព្រឹត្តអំពើចោរកម្មយ៉ាងសកម្មបំផុតដែរ។

ប៉ុន្តែយ៉ាងណា នេះជាលើកដំបូងហើយ ដែលសមត្ថកិច្ចជួបប្រទះចោរស្រីវ័យ១៦ឆ្នាំ ក្លាហានជិះម៉ូតូតាម «ឆក់»ទូរស័ព្ទពីមនុស្សប្រុស។ ជនទាំង២នាក់នេះ បានព្យាយាមលាក់បាំងពីសកម្មភាពរបស់ខ្លួន បើទោះជាមន្ត្រីជំនាញបានកំណត់មុខសញ្ញា និង បានជជីកសួរនាំយ៉ាងណាក្ដី។

ពេលនេះ ជនសង្ស័យទាំង២នាក់ កំពុងត្រូវបានមន្ត្រីជំនាញសួរនាំ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការហើយ៕

ដកស្រង់ពី៖កោះសន្តិភាព