បណ្តាញសង្គម

ជាង​ឡាន​លួច​ថតរូប​ក្មេង​ស្រី​កំពុង​ងូតទឹក ក្នុង​បន្ទប់ទឹក លុះនាងឃើញស្រែកឆោ​ឡោ

ខេត្តកណ្តាល ៖ បុរសម្នាក់ជាជាងជួសជុលរថយន្ត ត្រូវសមត្ថកិច្ចឃាត់ខ្លួន បន្ទាប់ពីបានទទួលពាក្យបណ្តឹងរបស់ឪពុកម្តាយក្មេងស្រីរងគ្រោះប្តឹងចោទប្រកាន់ថា បានធ្វើសកម្មភាពយកទូរស័ព្ទលួចថតរូបក្មេងស្រីកំពុងងូតទឹកក្នុងបន្ទប់ទឹក។

ហេតុការណ៍ខាងលើនេះបានកើតឡើងកាលពីវេលាម៉ោង៦និង៣០នាទីយប់ថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២០ ស្ថិតក្នុងស្រុកស្អាង ខេត្តកណ្តាល ។ក្មេងស្រីរងគ្រោះមានអាយុ១៤ឆ្នាំ ជាសិស្សសាលា មានទីលំនៅភូមិក្បាលជ្រោយ ។

ចំណែកជនសង្ស័យ ឈ្មោះ អេន ធារ៉ា ភេទប្រុស អាយុ២៦ឆ្នាំ មុខរបរជាជាងជួសជុលរថយន្ត ទីលំនៅស្នាក់នៅភូមិក្បាលជ្រោយ ឃុំព្រែកគយ ស្រុកស្អាង ខេត្តកណ្តាល ។តាមប្រភពពីនគរបាលស្រុកស្អាងបានអោយដឹងថា មុនពេលកើតហេតុ ក្មេងស្រីរងគ្រោះកំពុងតែងូតទឹកនៅក្នុងបន្ទប់ទឹករបស់ខ្លួន ស្រាប់តែជនសង្ស័យម្នាក់ខាងលើដែលស្នាក់នៅយានដ្ឋានជួសជុលរថយន្តមួយកន្លែង បានយកទូរស័ព្ទលួចថតរូបនាងតាមប្រហោងដំបូលស័ង្កសីដែលធ្លុះធ្លាយ ស្របពេលនោះដែរត្រូវក្មេងស្រីរងគ្រោះឃេីញក៏ស្រែកឆោឡោបង្កការភ្ញាក់ផ្អើលដល់ក្រុមគ្រួសារ ។

បន្ទាប់មកម្ដាយរបស់ក្មេងស្រីរងគ្រោះបានមកសួររកទូរស័ព្ទពីជនសង្ស័យ តែជនសង្ស័យមិនព្រមប្រគល់ឲ្យ ទើបម្ដាយក្មេងស្រីរងគ្រោះរាយការណ៍មកសមត្ថកិច្ចប៉ុស្ដិ៍នគរបាលព្រែកគយឱ្យចុះមកពិនិត្យកន្លែងកើតហេតុតែម្តង។

បន្ទាប់ពីទទួលបានព័ត៌មានខាងលើនេះភ្លាម កម្លាំងប៉ុស្ដិ៍នគរបាលព្រែកគយបានទៅដល់ និងធ្វើការសាកសួរ ហើយបានដកហូតទូរស័ព្ទពីជនសង្ស័យ រួចពិនិត្យឃេីញរូបភាពវីដេអូអាក្រាតកាយរបស់ស្ត្រីរងគ្រោះ ក៏បានបញ្ជូនជនសង្ស័យ ព្រមទាំងវត្ថុតាងមកកាន់អធិការដ្ឋាននគរបាលស្រុកស្អាង ដេីម្បីចាត់ការតាមនីតិវិធី ៕

ដកស្រង់ពី៖កោះសន្តិភាព