បណ្តាញសង្គម

ខឹង​ចាក់​ធុងបាស់​ច្រៀង​ខារ៉ាអូខេ​រំខាន អ្នក​ជិតខាង​កាន់​រណារ​ស្ទាក់​កាប់​ស្ត្រី​ម្នាក់​រង​របួស

រាជធានីភ្នំពេញ ៖ បុរសម្នាក់ត្រូវបានកម្លាំងនគរបាលប៉ុស្តិ៍ស្ទឹងមានជ័យ ឃាត់ខ្លួនបានភ្លាមៗ បន្ទាប់ពីបានធ្វើសកម្មភាព យករណារអារទឹកកកស្ទាក់តាមផ្លូវ កាប់ទៅលើស្ត្រីម្នាក់បណ្តាលឲ្យរបួស ដោយសារខឹងផ្ទះជិតខាងចាក់ធុងបាស់ ច្រៀងខារ៉ាអូខេ បំពងសំឡេងរំខានដល់អ្នកជិតដែលកំពុងសម្រាក ។

ករណីហិង្សាខាងលើកើតឡើងកាលវេលាម៉ោង០៩យប់ថ្ងៃទី១៥ មិថុនា ២០២០ នៅចំណុចមុខផ្ទះគ្មានលេខ ផ្លូវលំ ក្រុមទី៣ ភូមិភ្នាត សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

ជនសង្ស័យ ដៃដល់ មានឈ្មោះ សេង មិនា ហៅជូ មិនា ភេទប្រុស អាយុ៣១ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅផ្ទះលេខ១៤៤ ផ្លូវលំ ក្រុមទី៣ ភូមិភ្នាត សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

ចំណែកឯ ស្ត្រីរងគ្រោះ ឈ្មោះ ប៉ឹង សុវណ្ណា អាយុ៥៦ឆ្នាំ ជនជាតិខ្មែរ ទីលំនៅផ្ទះជួល ផ្លូវលំ ភូមិព្រែកទាល់ សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ មានមុខរបរជាអ្នកលក់ម្ជូរ ។

ត្រូវជាភ្ញៀវ ដែលមកចូលរួមកម្មវីធីផឹកស៊ី ចាក់ធុងបាស់ ច្រៀងខារ៉ាអូខេ នៅផ្ទះកើតហេតុខាងលើ ។ វត្ថុតាងដែលសមត្ថកិច្ចដកហូតបានមាន រណាអាទឹកកក ចំនួន០១ដើម ប្រវែង០៧តឹក ។

ក្រោយកើតហេតុ ស្ត្រីរងគ្រោះ ត្រូវបានសាច់ញាតិបញ្ជូនទៅព្យាបាលរបួសនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត និងបានមកដាក់ពាក្យបណ្តឹងនៅស្នាក់ការនគរបាលប៉ុស្តិ៍ស្ទឹងមានជ័យទី២ ឲ្យចាត់ការតាមនីតិវិធីតែម្តង ។ បច្ចុប្បន្នជនសង្ស័យត្រូវបានឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌមានជ័យ ដើម្បីកសាងសំណុំរឿងចាត់តាមនីតិវិធី ៕

ដកស្រង់ពី៖កោះសន្តិភាព