បណ្តាញសង្គម

«​កុក​តែងតែ​ភ្លេច​ជង់ តែ​ជង់​មិន​ដែល​ភ្លេច​កុក​ឡើយ​»

ខេត្តកំពង់ស្ពឺ ៖ មនុស្សដែលចូលចិត្តរកស៊ីកុហកបោកប្រាស់គេតែងតែមានវាសនាមិនល្អ នោះទេ ចុងក្រោយគឺគេចមិនផុតពីការចាប់ខ្លួនរបស់ពីសំណាក់សមត្ថកិច្ចឡើយ។

ជាក់ស្ដែង ឈ្មួញគួកជេដីដ៏ល្បីពេញស្រុកឧដុង្គ ដែលតាំងខ្លួនឯងថាជាឧកញ៉ានោះ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនជាលើកទី២ ពាក់ព័ន្ធករណីបោកប្រាស់រឿងលក់ដី។ ឧកញ៉ាត្បាញអាយដែលសមត្ថកិច្ចឃាត់ខ្លួនក្នុងករណីលក់ដីខ្យល់មានឈ្មោះ សូ សារឹម ត្រូវបានឃាត់ខ្លួននៅព្រឹកថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២០នេះ តាមដីកាបង្គាប់ឲ្យចាប់ខ្លួន របស់លោកស្រី ទិត ដាលីន ចៅក្រមស៊ើបសួរ នៃសាលាដំបូងខេត្តកំពង់ស្ពឺ។

យោងតាមប្រភពព័ត៌មានពីមន្ត្រីកងរាជអាវុធហត្ថបានឲ្យដឹងថា ជនត្រូវចោទឈ្មោះ សូ សារឹម ភេទប្រុស អាយុ៤១ឆ្នាំ មុខរបរគួកជេដីរស់នៅភូមិអង្គ្រង ឃុំព្រះស្រែ ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ ត្រូវបានតុលាការចោទប្រកាន់ពីបទឆបោក ប្រព្រឹត្តនៅភូមិរំលេច ឃុំព្រះស្រែ និងភូមិស្ដុកក្រល ឃុំវាលពង់ ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ កាលពីថ្ងៃទី១៣ និងថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៨ យោងតាមមាត្រា៣៧៧ និងមាត្រា៣៧៨ នៃក្រមព្រហ្មទណ្ឌ។

ប្រភពបន្តថា កាលពីអំឡុងខែកញ្ញា ឆ្នាំ២០១៨ ជនរងគ្រោះឈ្មោះ ហម សាវុធ ចង់ទិញដីនៅខេត្តកំពង់ស្ពឺ និងបានទំនាក់ទំនងឈ្មោះ គង់ សុខលីន ភេទស្រី អាយុ៣៧ឆ្នាំ ក្រុមប្រឹក្សាស្រុកឧដុង្គ ដើម្បីឲ្យជួយរកទិញដីនៅពេលនោះឈ្មោះ គង់ សុខលីន បានណែនាំឲ្យឈ្មោះ ហម សាវុធ ស្គាល់ឈ្មោះ សូ សារឹម ដើម្បីទំនាក់ទំនងក្នុងការទិញដីទិញដី ដូរឈ្មោះ គង់ សុខលីន អះអាងថា ឈ្មោះ សូ សារិម មានដីជាច្រើនកន្លែងនៅតំបន់ខាងលើ។បន្ទាប់ពីមានការ ទាក់ទងគ្នារួចមកជនរងគ្រោះឈ្មោះ ហម សាវុធ បានប្រាប់ថា ខ្លួនចង់ទិញដីចំនួនពីរប្លង់ ដែលប្លង់ទី១ ទំហំ២ហិកតា តម្លៃ ៨.៥ដុល្លារ ក្នុង១ម៉ែត្រការ៉េ ស្ថិតនៅភូមិរំលេច ឃុំព្រះស្រែ និងប្លង់ទី២ ទំហំ៣ហិកតា តម្លៃ១០.៥ ក្នុងមួយម៉ែត្រការ៉េ ស្ថិតនៅភូមិស្ដុកក្រល ឃុំវាលពង់ ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ។

ប្រភពបន្តទៀតថា ក្រោយពីទំនាក់ទំនងគ្នារួចរាល់ជនរងគ្រោះ បានប្រគល់ប្រាក់កក់ចំនួន ៧០,០០០ដុល្លារ (ប្លង់ទី១ ចំនួនន ៤០,០០០ដុល្លារ និងប្លង់ទី២ ចំនួន ៣០,០០០ដុល្លារ) ទៅឱ្យឈ្មោះ សូ សារឹម ដោយមានឈ្មោះ គង់ សុខលីន ផ្ដិតមេដៃធ្វើជាសាក្សី។

ពេលដែលទទួលលុយហើយឈ្មោះ សូ សារឹម មិនបានទំនាក់ទំនង ទៅជនរងគ្រោះជាម្ចាស់លុយនោះទេ ហើយចេះតែគេចមុខជនរងគ្រោះជាម្ចាស់លុយ រហូតបើទោះជាទូរស័ព្ទចូលហើយក៏ឈ្មោះ សូ សារឹម មិនលើកដែរ បើលើកវិញគ្រាន់តែ ប្រាប់ថារវល់ នៅជាមួយឧកញ៉ា តែគេមិនដឹងថាឧកញ៉ាណានោះទេ ហើយក៏ចុចទូរស័ព្ទបិទ តែម្ដងទៅ។

ដោយអស់ជំនឿទៅលើឈ្មោះ សូ សារឹម ជនរងគ្រោះជាម្ចាស់ដីបានដាក់ពាក្យ បណ្ដឹងទៅតុលាការក្រោយមកត្រូវបានលោកស្រី ទិត្យ ដាលីន ជាចៅក្រមចេញដីកាបង្គាប់ឲ្យ សមត្ថកិច្ចយើងឃាត់ខ្លួនតែម្ដង។ ការដែលជនរងគ្រោះជាម្ចាស់លុយសម្រេចដាក់ពាក្យបណ្ដឹង នេះ គឺដោយសារតែដឹងថា ឈ្មោះ សូ សារឹម មិនមានដីប្រគល់ឲ្យខ្លួនតាមកិច្ចសន្យានោះ ទេទើបសម្រេចចិត្តប្ដឹងបែបនេះតែម្ដងទៅ។

មហាជនជាច្រើនរស់នៅស្រុកឧដ្ដុង្គ បានលើកឡើងថា ការរកស៊ីរបរបោកប្រាស់របស់ឈ្មោះ សូ សារឹម នេះមិនមែនទើបតែ កើតឡើងជាលើកទី១ នោះទេ ជាក់ស្ដែងដីមួយកន្លែងនៅម្ដុំអូរសំរ៉ែ បច្ចុប្បន្នស្ថិតក្នុង ឃុំក្សេមក្សាន្ដ (អតីតឃុំចាន់សែន) ត្រូវបានឈ្មោះ សូ សារឹម ទិញពីម្ចាស់ដីមិនពិត ប្រាកដបង្កឲ្យមានជម្លោះប្ដឹងផ្ដល់គ្នារហូតដល់តុលាការរហូតមកដល់ថ្ងៃនេះរយៈពេលជិតពីរឆ្នាំទៅហើយ នៅមិនទាន់មានការដោះស្រាយនៅឡើយទេ។

សូមរំលឹកថាលោក ឧកញ៉ាត្បាញអាយ សូ សារឹម ធ្លាប់ត្រូវបានកម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ នៃស្នងការនគរបាលខេត្តកំពង់ស្ពឺ ឃាត់ខ្លួនកាលពីព្រឹកថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០១៩ នៅចំណុចហាងកាហ្វេមួយកន្លែង នៅខាងមុខភូមិគ្រឹះរបស់លោកស្មៀនឃុំព្រះស្រែ ស្ថិតនៅតាមបណ្តោយផ្លូវលេខ៥១ តាមដីកាបង្គាប់ឲ្យចូលខ្លួនរបស់លោក ខៃ សម្ផស្ស ព្រះរាជអាជ្ញារង អមសាលាដំបូងខេត្តកំពង់ស្ពឺ ពាក់ព័ន្ធករណីលួចលក់ដីរបស់ប្រជាពលរដ្ឋ នៅក្នុងភូមិរំលេច ឃុំព្រះស្រែ ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ។

ប៉ុន្តែលោកឧកញ៉ា សូ សារឹម រូបនេះមានសំណាងល្អ ត្រូវបានលោក ពេជ្រ ចិន្តា ចៅក្រមស៊ើបសួរ នៃសាលាដំបូង ខេត្តកំពង់ស្ពឺ សម្រេចដោះលែងឲ្យនៅក្រៅឃុំជាបណ្តោះអាសន្នសិនកាលពីថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០១៩៕

ដកស្រង់ពី៖កោះសន្តិភាព