បណ្តាញសង្គម

ហ៊ាន​មែន​! ចូល​ដល់​គ្លីនិក​ធ្វើ​សកម្ម​ភាព លុះ​៥​ថ្ងៃក្រោយ​ចប់​ត្រឹម​កាមេរ៉ា

រាជធានីភ្នំពេញ ៖ បើតាមសេចក្តីរាយការណ៍បានឱ្យដឹងថា ជនសង្ស័យម្នាក់បានលួចម៉ូតូ១គ្រឿងដែលជាកម្មសិទ្ធិរបស់គិលានុបដ្ឋកម្នាក់បានសម្រេច រួចគេចខ្លួនទៅបាត់ស្រមោល ប៉ុន្តែត្រូវអស់លក្ខណ៍ដោយសារកាមេរ៉ាដែលបំពាក់នៅនឹងគ្លីនិកថតជាប់រូបភាពយ៉ាងច្បាស់ ក្រោយមកកម្លាំងនគរបាលនៃអធិការដ្ឋានខណ្ឌដង្កោ ធ្វើការស្រាវជ្រាវ លុះ៥ថ្ងៃក្រោយជនសង្ស័យក៏ត្រូវឃាត់ខ្លួន។

ហេតុការណ៍នោះបានកើតឡើងកាលពីម៉ោង២និង ២៩នាទីយប់រំលងអធ្រាត្រឈានចូលថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២០២ នៅត្រង់ចំណុចខាងមុខគ្លីនិក «ខ្មែរឃីត» នៅតាមផ្លូវលេខ២១៧ ហៅផ្លូវចំការដូង ស្ថិតក្នុងភូមិបូរីកម្មករ សង្កាត់ជើងឯក ខណ្ឌដង្កោ ។សេចក្តីរាយការណ៍បន្តថា ជនសង្ស័យខាងលើឈ្មោះ សុខ ជា ហៅម៉េង ភេទប្រុស អាយុ២១ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅលើគំនរសំរាមស្ទឹងមានជ័យ ស្ថិតនៅភូមិដំណាក់ធំ សង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

ប្រភពដដែលបន្តថា ជនសង្ស័យខាងលើត្រូវបានកម្លាំងនគរបាលនៃអធិការដ្ឋានខណ្ឌដង្កោឃាត់ខ្លួនបាន ក្រោមបញ្ជាដោយលោកវរសេនីយ៍ឯក ជឹមស៊ីថា អធិការនគរបាលខណ្ឌ បានធ្វើការឃាត់ខ្លួនបាននៅម៉ោង១១ព្រឹក ថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២០ នៅម្ដុំគំនរសំរាមខាងលើ។ ជននេះបានធ្វើសកម្មភាពលួចម៉ូតូ១គ្រឿងម៉ាកហុងដាឃ្លីក ពណ៌ស ពាក់ស្លាកលេខកំពង់ចាម 1W-5737 ដែលជាកម្មសិទ្ធិរបស់ជនរងគ្រោះឈ្មោះ សេង វាសនា ភេទប្រុស អាយុ២៦ឆ្នាំ មុខរបរគិលានុបដ្ឋកគ្លីនិក «ខ្មែរឃីត» ស្នាក់នៅក្នុងភូមិទ្រា៤ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ។

តាមប្រភពព័ត៌មានបានឲ្យដឹងថា នៅមុនពេលកើតហេតុ ជនរងគ្រោះជាបុគ្គលិកពេទ្យខាងលើ បានជិះម៉ូតូចេញពីផ្ទះទៅប្រចាំការវេនយប់នៅគ្លីនិច លុះពេលទៅដល់កន្លែងធ្វើការ ជនរងគ្រោះបានទុកម៉ូតូខាងលើនៅខាងមុខគ្លីនិក ដោយចាក់សោ.ក និងចាក់សោច្រវ៉ាក់កង់ម៉ូតូត្រឹមត្រូវ។ បន្ទាប់មកក៏ចូលទៅខាងក្នុងគ្លីនិកធ្វើការ រហូតដល់ម៉ោងប្រហែល១យប់រំលងអធ្រាត្រឈានចូលថ្ងៃទី១២ ខែមិថុនា ទើបចូលដេក លុះដល់ម៉ោង៥ព្រឹកថ្ងៃទី១២ ទើបភ្ញាក់ពីដេក និងបានចេញពីគ្លីនិកទៅមើលម៉ូតូ ស្រាប់តែបាត់អត់ឃើញតែម្តង។

ចំណែកឯបុរសម្នាក់ទៀតហៅ ផុង អាយុ៥៧ឆ្នាំ ដែលជាសន្តិសុខយាមនៅខាងមុខគ្លីនិកនោះកំពុងតែដេកលង់លក់ ខណៈម្ចាស់ម៉ូតូដាស់សួរនាំ តែសន្តិសុខរូបនេះប្រាប់ថា គាត់អត់បានដឹងទេ។ ទើបម្ចាស់ម៉ូតូដឹងថា ម៉ូតូត្រូវចោរលួច រួចក៏ទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលជើងឯក ដើម្បីឲ្យជួយធ្វើការស្រាវជ្រាវរកម៉ូតូរបស់ខ្លួន និងជនសង្ស័យ ។

ក្រោយកើតហេតុភ្លាមៗនោះ លោកអធិការនគរបាលខណ្ឌដង្កោ ក៏បានបញ្ជាឲ្យកម្លាំងចុះធ្វើការស្រាវជ្រាវ និងឆែកមើលកាមេរ៉ាសុវត្ថិភាពនៅទីតាំងកើតហេតុនោះតែម្តង។ ប្រភពខាងលើបានបន្តថា តាមរយៈកាមេរ៉ាបានប្រទះឃើញជនសង្ស័យជិះម៉ូតូសណ្ដោងរ៉ឺម៉កអេតចាយ១គ្រឿង ជាមួយបក្សពួកម្នាក់ទៀតមិនស្គាល់ឈ្មោះ បានចូលធ្វើសកម្មភាពលួចម៉ូតូខាងលើ នៅម៉ោង២និង២៩នាទីយប់រំលងអធ្រាត្រឈានចូលថ្ងៃទី១២ ខែមិថុនា ។

ទើកម្លាំងធ្វើការតាមរកជនសង្ស័យ រហូតដល់ម៉ោង១១ព្រឹកថ្ងៃទី១៧ ខែមិថុនា ទើបឈានដល់ការឃាត់ខ្លួនបាន បន្ទាប់មកនាំទៅធ្វើការសាកសួរ និងកសាងសំណុំរឿង ដើម្បីចាត់ការតាមច្បាប់ និងតាមរកចាប់ខ្លួនបក្សពួកម្នាក់ទៀតដែលកំពុងរត់គេចខ្លួនផងដែរ៕

ដកស្រង់ពី៖កោះសន្តិភាព