បណ្តាញសង្គម

ឃាត់ខ្លួន​ឃាតក​កាប់សម្លាប់​មិត្តភក្តិ ព្រោះតែ​ផឹក​ស្រវឹង​ខឹង​ចូល​ដេក​មុន​ខុស​កន្លែង

ខេត្តកណ្តាល ៖ ក្នុងប្រតិបត្តិការណ៏ដ៏ក្តៅគគុករបស់កម្លាំងការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលនៃស្នងការដ្ឋាននគរបាលខេត្តកណ្តាលដឹកនាំដោយលោកវរសេនីយ៍ ឡាក់ ម៉េងធី ប្រធានការិយាល័យ បានសហការ ជាមួយនគរបាលខេត្តសៀមរាប ធ្វើការឃាត់ខ្លួនជនសង្ស័យជាឃាតកកាប់សម្លាប់មិត្តភក្តិ ដោយខឹងផឹកស្រវឹងស្រាចូលដេកមុនខុសកន្លែង។

ហេតុការណ៍នេះបានកើតឡើងនៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២០ វេលាម៉ោង១០ និង១៥នាទីយប់ នៅចំណុចភូមិអំពិលដាំទឹក ឃុំវិហារលួង ស្រុកពញាឮ ខេត្តកណ្តាល។ជនរងគ្រោះឈ្មោះ ម៉ិក រឿន ភេទប្រុស អាយុ៤៨ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករសំណង់ មានទីលំនៅ ភូមិធ្លូកអណ្តូង ឃុំស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប។ ជនសង្ស័យ០៣នាក់ ទី១-ឈ្មោះ ស៊ី ណាត ហៅម៉ាញ ភេទប្រុស អាយុ៣៣ ឆ្នាំជនជាតិខ្មែរ មុខរបរកម្មករសំណង់ឃាត់ខ្លួន, ទី២-ឈ្មោះ ហួរ ភេទ ប្រុស អាយុ៣៩ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករ និងទី៣-ឈ្មោះ ល័ក្ខ ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករ ជនសង្ស័យទាំង០៣ខាងលើ មានទីលំនៅភូមិ ធ្លូកអណ្តូង ឃុំស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប រត់គេចខ្លួន។

លោកវរសេនីយ៍ ឡាក់ ម៉េងធី ប្រធានការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល បានឲ្យដឹងថា៖ នៅមុនពេលកើតហេតុ ជនរងគ្រោះ និងជនសង្ស័យទាំង៣នាក់ខាងលើ និងឈ្មោះ យឹម សុខឌឿន ភេទប្រុស អាយុ៤២ឆ្នាំ បានមកធ្វើការ ជាកម្មករសំណង់ធ្វើរបងព្រំដីឲ្យគេ នៅចំណុចខាងលើ តាមរយៈមេការឈ្មោះ វ៉ែង ភេទប្រុស អាយុប្រហែល៤៨ឆ្នាំ និងបានស្នាក់នៅ កន្លែងកើតហេតុខាងលើ ដោយជនរងគ្រោះបានសម្រាកនៅក្នុងរោងប្រក់តង់ពណ៌ខៀវផ្ទាល់ដី ជាមួយឈ្មោះ យឹម សុខឌឿន ចំណែកជនសង្ស័យខាងលើដេកនៅលើគ្រែខាងក្រៅរោង។

នៅថ្ងៃខែឆ្នាំកើតហេតុខាងលើ ជនរងគ្រោះ និងជនសង្ស័យទាំង៣នាក់ រួមនឹងឈ្មោះ យឹម សុខឌឿន ជាកម្មករសំណង់ធ្វើការជាមួយគ្នា បាននាំគ្នាផឹកស៊ីនៅលើគ្រែជាមួយគ្នាក្បែរ កន្លែងកើតហេតុ ដោយជនរងគ្រោះ និងឈ្មោះ យឹម សុខឌឿន ផឹកស្រាថ្នាំ ចំណែកជនសង្ស័យទាំង៣នាក់ ផឹកស្រាបៀរ ក្នុងពេលកំពុងផឹកនោះជនរងគ្រោះឈ្មោះ ម៉ិក រឿន បាននិយាយថា៖ អាណាចូលដេកក្នុងមុងអញប្រយ័ត្នអញកាប់ ក្រោយមកឈ្មោះ យឹម សុខឌឿន ស្រវឹងស្រាខ្លាំង ក៏បានចូលទៅដេកនៅលើគ្រែក្នុងមុងប្រក់តង់ ពណ៌ខៀវមុនបាត់ទៅ។

រហូតដល់វេលាម៉ោង កើតហេតុខាងលើឈ្មោះ យឹម សុខឌឿន ដែលកំពង់ដេកនោះ បានឮសំឡេង ជនរងគ្រោះ និងជនសង្ស័យ មានទំនាស់ពាក្យសម្តីជាមួយគ្នា ក្នុងខណៈពេលនោះដែរបានឮសំឡេង មានមនុស្សអូសចបជីកនៅក្រៅរោងដោយពុំបានចេញមកមើលទេស្រវឹងស្រាខ្លាំងពេកក៏ដេកលក់បាត់ទៅ។ លុះដល់វេលាម៉ោង៦ព្រឹក ថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២០ ជនសង្ស័យទាំង៣នាក់ បានប្រមូលសម្ភារផ្ទាល់ខ្លួន ហើយនាំគ្នាគេចខ្លួនបាត់ ចំណែកឯជនរងគ្រោះ ត្រូវបានកម្មករសំណង់ ជាមួយគ្នា ដែលមកធ្វើការនៅពេលព្រឹក ប្រទះឃើញជនរងគ្រោះស្លៀកខោខ្លីពណ៌ខ្មៅ កំពុងដេកដួល សន្លប់បាត់បង់ស្មារតីក្បាលនៅលើយ៉ាបតង់ដំបូលរោងខាងកើតមានស្នាមរបួសលើផ្ទៃមុខ និងក្បាលមានឈាម រហូតដល់វេលាម៉ោង៩ព្រឹក នាថ្ងៃខែឆ្នាំដដែលម្ចាស់ដីឈ្មោះ ឆេ ផាង បានតេទូរស័ព្ទរាយការណ៍មកសមត្ថកិច្ចប៉ុស្តិ៍រដ្ឋបាលវិហារលួង ប្រាប់ពីហេតុការណ៍ខាងលើនេះ ក្រោយមកទៀត កម្លាំងប៉ុស្តិ៍បានចុះទៅដល់ កន្លែងកើតហេតុបានហៅរថយន្តពេទ្យរបស់ មន្ទីរពេទ្យ បង្អែកស្រុកពញាឮ ដឹកជនរងគ្រោះទៅព្យាបាលរបួសនៅមន្ទីរពេទ្យ។

ក្រោយមកដោយឃើញ ស្ថានភាព ធ្ងន់ធ្ងរសាច់ញាតិក្រុមគ្រួសាររបស់ជនរងគ្រោះ បានបញ្ជូនជនរងគ្រោះទៅព្យាបាលរបួស បន្តនៅមន្ទីរពេទ្យរាជធានី ភ្នំពេញ និងបានដឹកជនរងគ្រោះឈ្មោះ ម៉ិក រឿន ចេញពីមន្ទីរពេទ្យយកទៅផ្ទះ នៅភូមិធ្លូកអណ្ដូង ឃុំស្លក្រាម ក្រុងសៀមរាម ខេត្តសៀមរាប ក៏បានបានដាច់ខ្យល់ស្លាប់នៅតាមផ្លូវ។ នៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២០ នៅវេលាម៉ោង៩ និង៣០នាទី កម្លាំងស្នងការដ្ឋាននគរបាលខេត្ដកណ្ដាល សហការណ៍ជាមួយកម្លាំងស្នងការដ្ឋាន នគរបាលខេត្ដសៀមរាប បានឃាត់ខ្លួនឈ្មោះ ស៊ី ណាត ហៅម៉ាញ ភេទប្រុស អាយុ៣៣ឆ្នាំ នៅចំណុចភូមិ ធ្លូកអណ្តូង ឃុំ ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប។ ករណីនេះបានកសាងសំណុំរឿងចាត់ការតាមនីតិវិធី៕

ដកស្រង់ពី៖កោះសន្តិភាព