បណ្តាញសង្គម

ស្រីស្រស់ចេញ​ទៅ​ញ៉ាំអី​ជាមួយ​​បងប្អូន​ស្រាប់តែ​បុរស​ម្នាក់​មក​ឆ្មក់​ពីក្រោយ​បាន​​​សម្រេច

រាជធានីភ្នំពេញ ៖ បើតាមសេចក្តីរាយការណ៍បានឱ្យដឹងថា នារីស្រស់ស្អាតម្នាក់ជិះម៉ូតូកង់បីឥណ្ឌាជាមួយបងប្អូន2ទៅ3នាក់ទៀត ក្នុងគោលបំណងចង់ទៅញ៉ាំអាហារនៅម្តុំស្ពានបាឡេ លុះពេលជិះជិតទៅដល់ ស្ត្រីរងគ្រោះក៏ដកទូរស័ព្ទដៃមកចុច ក៏ស្រាប់តែត្រូវជនសង្ស័យម្នាក់ជិះម៉ូតូហុងដាឌ្រីម មកឆក់បានសម្រេច រួចគេចខ្លួនបាត់ស្រមោលបង្កឱ្យមានការភ្ញាក់ផ្អើលកាលពីម៉ោង8យប់ ថ្ងៃទី22 ខែមិថុនា ឆ្នាំ2020 តាមបណ្តាយផ្លូវព្រះស៊ីសុវត្ថិកែងផ្លូវ84នៅចំណុចម្តុំផែថ្ម ស្ថិតនៅក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ ។

តាមប្រភពពីជនរងគ្រោះមានឈ្មោះអុក ចន្ថា ភេទស្រី អាយុ25ឆ្នាំ ស្នាក់នៅម្តុំព្រែកប្រា ខណ្ឌច្បារអំពៅ បានឱ្យដឹងថា មុនកើតហេតុខាងលើនេះ គឺនាងបានជិះម៉ូតូកង់បីឥណ្ឌាជាមួយបងប្អូន២ទៅ៣នាក់ទៀត ក្នុងគោលបំណងទៅលេងនៅឯក្រោយម្តុំរង្វង់មូលនាងមច្ឆា ដើម្បីអង្គុយញ៉ាំអាហារតាមបណ្តោយផ្លូវព្រះស៊ីសុវត្ថិ ក្នុងទិសដៅពីត្បូងទៅជើង ។

ជនរងគ្រោះបន្តថា លុះពេលជិះជិតមកដល់ពាក់កណ្តាលផ្លូវហើយនោះ ជនរងគ្រោះដកទូរស័ព្ទដៃម៉ាក iPhone Xs max ដើម្បីយកមកមើលការឡាយលក់ផលិតផល ក៏ស្រាប់តែលេចមុខជនសង្ស័យម្នាក់មិនស្គាល់អត្តសញ្ញាណនោះទេ បើកម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ មិនចាំស៊េរីនោះទេ អត់មានស្លាកលេខ បានធ្វើសកម្មភាពឆក់ទូរស័ព្ទដៃរបស់ជនរងគ្រោះបានសម្រេច ហើយរត់គេចខ្លួនបាត់ស្រមោលតែម្តង។ប្រភពដដែលបន្តថា ខណៈពេលនោះ ទោះបីជាជនរងគ្រោះស្រែកថា «ចោរៗ» យ៉ាងណាក៏ដោយ ក៏គ្មានអ្នកណាជួយដេញចោរនោះទេ ។

ក្រោយពេលដែលកើតហេតុរួច ជនរងគ្រោះអត់ដឹងថា ត្រូវទៅដាក់ពាក្យបណ្តឹងនៅឯណានោះទេ ក៏ជិះទៅប៉ុស្តិ៍ទួលសង្កែ1 ហើយសមត្ថកិច្ចក៏បានណែនាំឱ្យមកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍ស្រះចកវិញ។

ក្រោយពេលកើតហេតុខាងលើនេះ ជនរងគ្រោះបានទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍រដ្ឋបាលនគរបាលស្រះចក ដើម្បីឱ្យសមត្ថកិច្ចជួយតាមចាប់ជនសង្ស័យ ដើម្បីយកមកផ្តន្ទាទោសទៅតាមផ្លូវច្បាប់ ៕

ដកស្រង់ពី៖កោះសន្តិភាព