Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

បុរស​ម្នាក់​ប្រាប់​ទាំង​ទឹកភ្នែក​ថា ខ្លួន​ធ្វើ​ចឹ​ង​​ចង់​ចូល​គុក ព្រោះ​មាន​បាយ​និង​កន្លែង​ដេក

  • បោះពុម្ព

ខេត្តកំពង់ស្ពឺ ៖ បើតាមសេចក្តីរាយការណ៍បានឱ្យដឹងថា ជនសង្ស័យម្នាក់ដែលមិនដឹងពីប្រវត្តិ និងអត្តសញ្ញាណរបស់ខ្លួន ត្រូវបានម្ចាស់ផ្ទះចាប់ខ្លួនប្រគល់ឲ្យសមត្ថកិច្ច ក្រោយពីជនសង្ស័យរូបនេះចូលទៅធ្វើសកម្មភាពលួចយកម៉ូតូ១គ្រឿងដែលទុកនៅក្នុងរបងផ្ទះ។

ក្រោយពេលឃាត់ខ្លួន ជនសង្ស័យរូបនេះបាននិយាយទាំងទឹកភ្នែករហេមរហាមថា មូលហេតុដែលគេសម្រេចចិត្តធ្វើបែបនេះ ព្រោះតែគេចង់ឲ្យសមត្ថកិច្ចចាប់យករូបគេទៅដាក់គុក ដោយយល់ថា រស់នៅក្នុងគុកមានបាយហូបស្រាប់ និងកន្លែងដេកនៅស្រួល បើគេនៅតែដើរខាងក្រៅបែបនេះ មិនដឹងថា ដាច់បាយរហូតខ្យល់គរស្លាប់នៅពេលណានោះទេ។

សេចក្តីរាយការណ៍បន្តថា ការឃាត់ខ្លួននេះធ្វើឡើងកាលពីម៉ោង9និង20នាទីព្រឹក នៅថ្ងៃទី26 ខែមិថុនា ឆ្នាំ២០២០ នៅចំណុចផ្ទះរបស់ជនរងគ្រោះឈ្មោះ ផាត់ សុខលី ភេទប្រុស អាយុ59ឆ្នាំ រស់នៅភូមិរំលេច ឃុំរលាំងគ្រើល ស្រុកសំរោងខេត្តកំពង់ស្ពឺ។ ចំណែកជនសង្ស័យឈ្មោះ រតន: ភេទប្រុស មិនដឹងអាយុនោះ (មិនដឹងអាយុខ្លួនឯង) ទីលំនៅ និងមុខរបរមិនប្រាកដ។

ចំណែកម៉ូតូដែលជនសង្ស័យលួចយកម៉ាកសេ125 ស៊េរី2016 ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ 1F8862 ជាកម្មសិទ្ធិរបស់ម្ចាស់ផ្ទះឈ្មោះផាត់ សុខលី។ប្រភពពីសមត្ថកិច្ចបានឱ្យដឹងថា ក្រោយពីទទួលសេចក្តីរាយការណ៍ពីម្ចាស់ផ្ទះខាងលើសមត្ថកិច្ចបានចុះទៅឃាត់ខ្លួនជនសង្ស័យ ដើម្បីយកមកធ្វើការសាកសួរ និងបញ្ជូនទៅថ្នាក់លើ ចាត់ការតាមនីតិវិធី។

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យរូបនេះបាននិយាយទាំងទឹកភ្នែកហូររហេមរហាមថា ខ្លួនមិនដឹងថា មានឪពុក និងម្ដាយឈ្មោះអ្វី និងរស់នៅខេត្តណានោះទេ? សូម្បីតែឈ្មោះរបស់គេហៅថា រតនៈ នេះ គឺត្រូវបានអ្នករស់នៅជាមួយគ្នាហៅជាប់មាត់រហូតមក ទើបគេដឹងថា ខ្លួនឯងឈ្មោះ រតនៈ នេះ។

ជនសង្ស័យរូបនេះបានបន្តថា រូបគេបានធំដឹងក្តីឡើងនៅគំនរសំរាម និងរស់នៅអនាថាជាមួយអ្នករើសសំរាម រហូតដល់ធំពេញវ័យ ហើយចេះតែនៅជាមួយគេរហូតទៅមកដល់ពេលនេះ គេមិនដឹងថា តើរូបគេមានអាយុប៉ុន្មាននោះទេ? រូបគេបានរស់នៅតាមយថាកម្ម ដោយពេលខ្លះរើសអេតចាយបានក៏មានលុយទិញបាយហូបទៅ ហើយពេលខ្លះទៀតក៏ដាច់បាយទៅតាមនោះដែរ។

កន្លងមក គេធ្លាប់ទៅរកការងារធ្វើនៅតាមហាងផឹកស៊ី ដោយចង់ធ្វើជាអ្នករត់តុ និងខាងលាងចាន តែមិនត្រូវបានគេទទួលនោះទេ ដោយសារតែរូបគេមិនមានលិខិតបញ្ជាក់អំពីអត្តសញ្ញាណ និងអ្នកធានាច្បាស់លាស់។

ជនសង្ស័យរូបនេះបញ្ជាក់ថា ខ្សែជីវិតអនាថារបស់គេចេះតែរសាត់អណ្តែតគ្មានកោះត្រើយ មុនពេលដែលគេសម្រេចចិត្តចូលទៅលួចយកម៉ូតូនេះ គេនឹកគិតឃើញថា បើគេនៅតែដើរអត់បាយ និងគ្មានទិសដៅបែបនេះ រូបគេច្បាស់ជាខ្យល់គរដួលស្លាប់ជាក់ជាមិនខានឡើយ។ បន្ទាប់ពីគិតឃើញដូច្នេះហើយ ទើបរូបគេដើរមកដល់ចំណុចកើតហេតុខាងលើ រួចរូបគេក៏សម្រេចចិត្តចូលទៅលួចយកម៉ូតូក្នុងគោលបំណងឲ្យគេចាប់ខ្លួន ដើម្បីយកទៅដាក់គុក ព្រោះតែយល់ថា បើជាប់គុកគេនឹងមានបាយហូបស្រាប់ និងកន្លែងដេកនៅស្រួល លែងដើរអនាថាតទៅទៀត។

ដោយសួរចម្លើយរកអត្តសញ្ញាណមិនឃើញបែបនេះ ធ្វើឲ្យសមត្ថកិច្ចកើតក្តីអាណិតអាសូរ ក៏បានឲ្យហូបបាយ និងទឹក រួចក៏រៀបចំបញ្ជូនទៅកាន់ការិយាល័យជំនាញ ដើម្បីចាត់ការបន្តតាមនីតិវិធី ចំណែកម៉ូតូដែលលួចនោះ ត្រូវសមត្ថកិច្ចបានប្រគល់ម្ចាស់ដើមហើយ។

ទោះជាយ៉ាងនេះក្តី ការរៀបរាប់ខាងលើរបស់ជនសង្ស័យ យើងមិនអាចជឿបានតាមទាំងស្រុងនោះទេ ព្រោះថា ប្រហែលជាជនសង្ស័យអាចមានគំនិតចង់បង្កើតរឿងរ៉ាវធ្វើឱ្យមានក្តីអាណិតអាសូរចំពោះគេក៏ថាបានដែរ ប៉ុន្តែក៏អាចប្រហែលជាការនិយាយរៀបរាប់របស់ជនសង្ស័យរូបនេះ ជាការពិតក៏មានដែរ ។ ចុះបងប្អូនយល់យ៉ាងណាដែរ ចំពោះការរៀបរាប់របស់ជនសង្ស័យរូបនេះ?

ដកស្រង់ពី៖កោះសន្តិភាព