បណ្តាញសង្គម

អ្នកទោស​ខ្មែរ​៣​នាក់ ត្រូវ​ក្រុម​អាជ្ញាធរ​ថៃ​ដោះ​លែងឱ្យ​មាន​សេរីភាព​វិញ

ខេត្តឧត្តរមានជ័យ ៖ ក្រុមអាជ្ញាធរថៃបានធ្វើការដោះលែងអ្នកទោស ខ្មែរ៣នាក់ ឱ្យមានសេរីភាពវិញ កាលពីវេលាម៉ោង៣រសៀលថ្ងៃ ទី២៤ មិថុនា ២០២០ រួចបញ្ជូនខ្លួនយកមកប្រគល់ឱ្យក្រុមអាជ្ញាធរក ម្ពុជាតាមមាត់ច្រកទ្វារអន្តរជាតិជាំ ស្ថិតនៅក្នុងភូមិជាំ ឃុំត្រពាំងប្រីយ៍ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។

អ្នកទោសខ្មែរដែលក្រុមអាជ្ញាធរថៃធ្វើការដោះលែងមាន៖១-ឈ្មោះ គង់ ផេន ភេទប្រុស អាយុ២៣ឆ្នាំ រស់នៅភូមិសំឡូត ឃុំសំឡូត ស្រុកសំឡូត ខេត្តបាត់ដំបង, ២-ឈ្មោះ ផុន ហុន ភេទប្រុស អាយុ២៩ឆ្នាំ រស់នៅភូមិកញ្ចាំង ឃុំស៊ុមមួយ ស្រុកសំឡូត ខេត្តបាត់ដំបង និងទី៣-ឈ្មោះ ម៉ន វិត ភេទប្រុស អាយុ២៥ឆ្នាំ រស់នៅភូមិពាមឯក ឃុំពាមឯក ស្រុកឯកភ្នំ ខេត្តបាត់ដំបង អ្នកទាំងបីនាក់ចាប់ខ្លួនថ្ងៃទី៨ កក្កដា ២០១៦ ពីបទឆ្លងដែនកាប់ឈើគ្រញូងខុសច្បាប់ជាប់ គុកនៅខេត្តអំណាចចារើនប្រទេសថៃ។

មន្ត្រីដែលបម្រើការងារនៅមាត់ច្រកទ្វារអន្តរជាតិបានឱ្យដឹងថា អ្នកទោសខ្មែរដែលក្រុមអាជ្ញាធរបញ្ជូនខ្លួនមកប្រគល់ឱ្យកម្ពុជា សមត្តកិច្ចបានអប់រំ និងឱ្យធ្វើកិច្ចសន្យា បញ្ឈប់ធ្វើដំណើរឆ្លងដែនដោយខុសច្បាប់បន្តទៀត ក្រោយពីធ្វើការអប់រំរួចសមត្ថកិច្ចបាន ឱ្យវិលត្រឡប់ទៅជួបជុំគ្រុមគ្រួសារនាថ្ងៃដដែល។

គួរំលឹកថា ក្រុមអាជ្ញាធរថៃដែលដោះលែង អ្នកទោសខ្មែរទាំង៣នាក់នេះគឺមិនជាលើកទី១នោះទេ គេបានធ្វើការអង្កេតឃើញក្រុមអាជ្ញា ធរថៃបញ្ជូនអ្នកទោសខ្មែរដែលជាប់គុកពីបទឆ្លងដែនកាប់ឈើគ្រញូងជាប់នៅក្នុងប្រទេសរបស់ខ្លួនត្រូវបាននាំយកមកប្រគល់ឱ្យកម្ពុជាតាមមាត់ច្រកទ្វារអន្តរជាតិជាំនេះស្ទើរតែរៀងរាល់ថ្ងៃទៅហើយ៕

ដកស្រង់ពី៖កោះសន្តិភាព