បណ្តាញសង្គម

នារី​ម្នាក់​ចេញពី​ធ្វើការ ត្រូវ​ចោរឆក់​កាបូប​បាន​សម្រេច

រាជធានីភ្នំពេញ ៖ នារីម្នាក់ជិះម៉ូតូកង់បីឥណ្ឌាចេញពីធ្វើការ ពេលត្រឡប់ទៅផ្ទះវិញក៏ត្រូវជនសង្ស័យ មួយក្រុមបានជិះម៉ូតូមកធ្វើសកម្មភាពឆក់កាបូបដោយសុវត្ថិភាព។

ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង៧ និង៣០នាទីយប់ ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២០ ជិតគល់ស្ពានអាកាសស្ទឹងមានជ័យ ផ្លូវ២៧១ សង្កាត់ស្ទឹងមានជ័យ១ ខណ្ឌមានជ័យ។ ជនរងគ្រោះមានឈ្មោះ អាង ស៊ីថូ ភេទស្រី អាយុ១៨ឆ្នាំ មុខរបរសាឡន ស្នាក់នៅផ្ទះជួល សង្កាត់បឹងត្របែក ខណ្ឌចំការមន មានស្រុកកំណើត នៅភូមិវិហារសួគ៌ ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល។

របស់នៅក្នុងកាបូបមាន ទូរសព្ទ័ដៃចំនួន ២គ្រឿង ម៉ាកiphone 11pro មួយគ្រឿង និងមួយទៀតម៉ាក iphone 6 នាឡិកា១គ្រឿង និងលុយចំនួន៤ម៉ឺនរៀល។ តាមសម្តីនារីរងគ្រោះបានឲ្យដឹងថា មុនពេលកើតហេតុ រូបនាងបានចេញពីធ្វើការនៅម្តុំផ្លូវ២០០៤ ខណ្ឌសែនសុខ គោលបំណងត្រឡប់ទៅផ្ទះនៅម្តុំ បឹងត្របែក ខណ្ឌចំការមន ដោយបានជិះម៉ូតូកង់បីឥណ្ឌា ធ្វើដំណើរតាមបណ្ដោយផ្លូវ២៧១ ក្នុងទិសដៅពីជើងទៅត្បូង លុះមកដល់កើតហេតុ ក៏ស្រាប់តែលេចមុខក្រុមជនសង្ស័យចំនួន២នាក់ បានជិះម៉ូតូហុងដាឌ្រីម មិនចាំបាច់ស្លាកលេខ១គ្រឿង បានធ្វើសកម្មភាពឆក់យកកាបូប ដែលរូបនាងបានទុកនៅលើកៅអីខាងក្រោយបានសម្រេចរួចហើយ ក៏នាំគ្នាបន្ថែមល្បឿន ជិះរត់គេចខ្លួនបាត់អស់តែម្ដង។

ប្រភពដដែលបានបន្តទៀតថា បន្ទាប់ពីត្រូវជនសង្ស័យឆក់ កាបូបរួចហើយ រូបនាងក៏មិនស្គាល់ប៉ុស្តិ៍នគរបាលនៅទីណាទេត្រូវបានអ្នករត់កង់បីឥណ្ឌាដឹកនាង យកមកកន្លែងគោលដៅសមត្ថកិច្ចចរាចរណ៍ ក្រុងដែលប្រចាំការនៅក្រោមស្ពានអាកាសស្ទឹងមានជ័យ រួចហើយទើបបសមត្ថកិច្ចចរាចរណ៍ក្រុងបានបោះដៃតាមវិទ្យុទាក់ទងហៅសមត្ថកិច្ចមូលដ្ឋាន ឲ្យមកដឹករូបនាងជាជនរងគ្រោះ យកទៅសាកសួរ និងដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍នគរបាល ស្ទឹងមានជ័យ១ ដើម្បីឲ្យសមត្ថកិច្ចកំណត់មុខសញ្ញាតាមរកជនសង្ស័យ និងទ្រព្យសម្បត្តិ របស់នាងមកវិញ៕

ដកស្រង់ពី៖កោះសន្តិភាព