បណ្តាញសង្គម

ក្រុម​ចោរឆក់​កាបូប​ជនជាតិ​ជប៉ុន បាន​១​ថ្ងៃ សមត្ថកិច្ច​ស្រាវជ្រាវ​ចាប់ខ្លួន​បាន​៣​នាក់

រាជធានីភ្នំពេញ ៖ នៅវេលាម៉ោង០៣រសៀលថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២០ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលភ្នំពេញថ្មី បានធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន០៣នាក់ ករណីឆក់កាបូបជនជាតិជប៉ុន នៅចំណុចមុខស្ថានីយ៍ប្រេង PTT តាមផ្លូវ១៩២៨ ភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ កាលពីវេលាម៉ោង១២និង៤៦នាទី ថ្ងៃទី២៨ មិថុនា ។

ជនសង្ស័យទាំង០៣នាក់ ត្រូវសមត្ថកិច្ចឃាត់ខ្លួនរួមមាន ៖ ទី១-ឈ្មោះ ថោង សុវណ្ណ ភេទប្រុស អាយុ១៩ឆ្នាំ ជនជាតិខ្មែរ មុខរបរគ្មាន ស្នាក់នៅបន្ទប់ជួល ផ្លូវបេតុង ភូមិប៉ប្រកខាងត្បូង សង្កាត់កាកាប១ ខណ្ឌពោធិ៍សែនជ័យ ។

ទី២-ឈ្មោះ សុខ ចាន់ទ្រី ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរគ្មាន ស្នាក់នៅបន្ទប់ជួល ផ្លូវបេតុង ភូមិប៉ប្រកខាងត្បូង សង្កាត់កាកាប១ ខណ្ឌពោធិ៍សែនជ័យ ។ និងទី៣-ឈ្មោះ ឌួង ចិន ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរគ្មាន ស្នាក់នៅបន្ទប់ជួល ផ្លូវបេតុង ភូមិប៉ប្រកខាងត្បូង សង្កាត់កាកាប១ ខណ្ឌពោធិ៍សែនជ័យ ។

ប៉ុស្តិ៍នគរបាលរដ្ឋបាលភ្នំពេញថ្មី បានអោយដឹងថា ជនសង្ស័យបានធ្វើសកម្មភាពឆក់កាបូបពីជនជាតិជប៉ុនឈ្មោះ SAHASHI AKIMASA ភេទប្រុស អាយុ៣៧ឆ្នាំ មានមុខរបរគ្រូបង្រៀនភាសាជប៉ុន ស្នាក់នៅសណ្ឋាគារ BK ផ្លូវបេតុង ភូមិក្រុងថ្មី សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ (កាន់លិខិតឆ្លងដែនលេខMU5696523 ) សម្ភារដែលក្រុមចោរឆក់បាន មានកាបូបយួដៃ១ ឡេបថប០១គ្រឿង និងសៀវភៅ០១ក្បាល សមត្ថកិច្ចប្រគល់ឲ្យជនរងគ្រោះវិញ ផងដែរ ។

វត្ថុតាងដែលសមត្ថកិច្ចដកហូទបានរួមមាន ម៉ូតូ០២គ្រឿង (១-ម៉ាកនិច ពណ៌ស ផលិតឆ្នាំ២០១៩ ពាក់ស្លាកលេខកំពង់ធំ1k-5815 , ២-ម៉ាកស្កុពី ពណ៌ស ផលិតឆ្នាំ២០២០ ពាក់ស្លាកលេខពេញ1IG-9663 របស់ក្រុមជនសង្ស័យ ។ បច្ចុប្បន្នជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តបន្តតាមនីតិវិធីច្បាប់ ៕

ដកស្រង់ពី៖កោះសន្តិភាព