បណ្តាញសង្គម

បុគ្គលិកចិនវាយ និង​ជាន់​ថៅកែរោងចក្រ​ផ្អឹបទៅលើឥដ្ឋការ៉ូ ព្រោះតែ​រឿងឡាន១

ខេត្តកណ្ដាល ៖ បុរសជនជាតិចិនម្នាក់ ត្រូវបាននគរបាលស្រុកអង្គស្នួលចាប់ខ្លួនពាន់ពន្ធ័ករណីហិង្សាដោយចេតនាទៅលើថៅកែរោងចក្រដែលជាជនជាតិចិនដូចគ្នា បន្ទាប់ពីគំរាមយករថយន្តមួយគ្រឿងម៉ាកព្រូសពីជនរងគ្រោះ តែជនរងគ្រោះមិនព្រមឱ្យនោះ។

ហេតុការណ៍ខាងលើនេះបានកើតឡើងកាលពីវេលាម៉ោង៧និង១០នាទីយប់ថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២០ នៅចំណុចរោងចក្រ ជៀនស៊ូ អេ ប៊ី ស្ថិតក្នុងភូមិថ្នល់ទទឹង ឃុំដំណាក់អំពិល ស្រុកអង្គស្នួល ខេត្តកណ្តាល។ នគរបាលស្រុកអង្គស្នួលបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ XIAO QIUHE ភេទប្រុស អាយុ៦៦ឆ្នាំ ជាជនជាតិចិនដីគោក មុខរបរប្រធានក្រុមហ៊ុន ជៀនស៊ូអេប៊ី កាន់លិខិតឆ្លងដែន លេខEH36422871 ស្នាក់នៅភូមិឃុំកើតហេតុខាងលើ ។

ចំណែកជនសង្ស័យឈ្មោះ DUAN YU XING ភេទប្រុស អាយុ៣៧ឆ្នាំ មុខរបរបុគ្គលិកក្រុមហ៊ុន កាន់លិខិតឆ្លងដែនលេខ EH 7868093 ស្នាក់នៅភូមិឃុំកើតហេតុខាងលើ ។

សូមបញ្ជាក់ថា ជនសង្ស័យម្នាក់នេះធ្លាប់ប្លន់លុយនៅប្រទេសចិន ហើយជាប់ពន្ធនាគារជាង៤ឆ្នាំ ។តាមប្រភពដដែលបានបន្តថា នៅមុនពេលកើតហេតុ ជនសង្ស័យបានទទួលបញ្ជាពីបងប្រុសឈ្មោះ ទាន់ យុងភីង ជាថៅកែរោងចក្រនៅប្រទេសចិន ដើម្បីឱ្យមកយកសម្ភារនៅរោងចក្រកើតហេតុខាងលើ ខណៈបច្ចុប្បន្នជនរងគ្រោះជាអ្នកគ្រប់គ្រង ដើម្បីយកទៅលក់។ តាមប្រភពដដែលបានបន្តទៀតថា បន្ទាប់មក ជនសង្ស័យបានមកគំរាមយករថយន្តម៉ាកព្រូសពីជនរងគ្រោះ តែជនរងគ្រោះមិនព្រមឱ្យនោះទេ ភ្លាមនោះជនសង្ស័យក៏វាយទៅលើជនរងគ្រោះមួយដៃ និងជាន់ជនរងគ្រោះផ្អឹបទៅលើការ៉ូទៀត រួចយកបានកូនសោរថយន្តដើរចេញពីរោងចក្រទៅទិសខាងលិចបាត់តែម្តង។

ក្រោយពីកម្លាំងនគរបាលស្រុកអង្គស្នួលទទួលបានព័ត៌មានខាងលើភ្លាមក៏ចុះមកកន្លែងកើតហេតុ រួចឃាត់ខ្លួនជនសង្ស័យយកមកអធិការដ្ឋាននគរបាលស្រុកដើម្បីកសាងសំណុំរឿងចាត់ការតាមច្បាប់។

តាមចម្លើយសារភាពរបស់ជនសង្ស័យបានឱ្យដឹងថា ខ្លួនពិតជាបានវាយជនរងគ្រោះមួយដៃ និងជាន់ជនរងគ្រោះផ្ទប់ទៅលើការ៉ូប្រាកដមែន ប៉ុន្តែចំពោះរថយន្ត ខ្លួនមិនបានយកទៅទេ គឺយកតែកូនសោទុកប៉ុណ្ណោះដើម្បីកុំឲ្យជនរងគ្រោះជិះ ៕

ដកស្រង់ពី៖កោះសន្តិភាព