បណ្តាញសង្គម

នាំ​អភិបាលរង​ខេត្តបាត់ដំបង​រួម​និង​ឧកញ៉ា ទៅ​កាន់​គុក​ព្រៃ​.​ស

រាជធានីភ្នំពេញ ៖ លោក គុជ គឹមឡុង ព្រះរាជអាជ្ញារង និងជាអ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ បានផ្តល់ព័ត៌មានឲ្យដឹងថា នៅព្រឹកថ្ងៃទី៧ កក្កដា ឆ្នាំ២០២០ នេះ លោក សឿន មុនីរ័ត្ន ព្រះរាជអាជ្ញារងអមសាលាដំបូង បានសម្រេចធ្វើការចោទប្រកាន់ជនសង្ស័យ២នាក់ពាក់ព័ន្ធសំណុំរឿងវិវាទដីធ្លីនៅស្រុកគាស់ក្រឡ ខេត្តបាត់ដំបង ជាផ្លូវការហើយ បន្ទាប់ពីបើការស៊ើបសួរអស់រយៈពេលពេញមួយថ្ងៃ ។

ជនដែលត្រូវមាន ១-ឧកញ៉ា សង ថន ត្រូវបានចោទប្រកាន់ពីបទ.ផ្តើមគំនិតក្នុងការបំផ្លាញដោយចេតនា កេងបំបាត់ដោយទុច្ចរិត និងបទ សូកប៉ាន់ ។ ២-លោក ស៊ូ អារ៉ាហ្វាត់ អភិបាលរងខេត្តបាត់ដំបង ត្រូវបានចោទប្រកាន់ពីបទ-បំផ្លាញដោយចេតនា កេងបំបាត់ដោយទុច្ចរិត និងស៊ីសំណូក ។

ក្រោយពីតំណាងអយ្យការចោទប្រកាន់ជាផ្លូវការហើយ សំណុំរឿងនេះ បានចាត់បញ្ជូនទៅខាងចៅក្រមស៊ើបសួរ នឹងបានស្ថិតនៅដៃលោក អ៊ឹម វណ្ណៈ ដែលកាន់សំណុំរឿងនេះ ទើបនៅព្រឹកថ្ងៃទី៧ កក្កដា ដដែល លោកចៅក្រមស៊ើបសួរបានសម្រេចឃុំខ្លួនជនត្រូវដាក់ពន្ធនាគារព្រៃសជាបណ្តោះអាសន្ន តែម្តងទៅ ។

សូមបញ្ជាកថា អង្គភាពប្រឆាំងអំពើពុករលួយ កាលពីព្រឹកថ្ងៃទី៦ ខែកក្ក ដា ឆ្នាំ២០២០ បានបញ្ជូនឧកញ៉ា សង ថន នឹងលោក ស៊ូ អារ៉ាហ្វាត់ ដែលជាអភិបាលរងខេត្តបាត់ដំបង ទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីធ្វើការសាកសួរពាក់ពន្ធនឹងសំណុំវិវាទដីធ្លី ប្រមាណជាង៥ពាន់ហិចតា នៅស្រុកគាស់ក្រឡ ។

សំណុំរឿងនេះបានស្ថិតនៅដៃលោក សឿន មុនីរ័ត្ន ព្រះរាជអាជ្ញារងអមសាលាដំបូងបើកការស៊ើបសួរ ដែលការសាកសួរលើជនសង្ស័យ តំណាងអយ្យការបានប្រើពេលវេលាពេញមួយថ្ងៃទើបបានបញ្ចប់ ប៉ុន្តែចប់ហើយក៏មិនទាន់សម្រេចធ្វើការចោទប្រកាន់លើជនសង្ស័យទាំង២នាក់នោះជាផ្លូវការដែរ ដោយពេលវេលាផុតម៉ោងរដ្ឋបាល តំណាងអយ្យការបានផ្ញើជនសង្ស័យ ទៅអង្គភាពប្រឆាំងអំពើពុករលួយវិញ នឹងតម្រូវឲ្យនាំមកសាកសួរបន្តនៅព្រឹកថ្ងៃទី៧ ខែកក្កដា នេះទៀត ។

លោកទេសរដ្ឋមន្ត្រី ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ ថ្លែងប្រាប់បណ្តាញព័ត៌មានក្នុងស្រុក កាលពីព្រលប់ថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២០ នេះថា លោក ស៊ូ អារ៉ាហ្វាត់ អភិបាលរងខេត្តបាត់ដំ បង ត្រូវបានអង្គភាពប្រឆាំងអំពើពុករលួយ (ACU) នាំមកកាន់ស្នាក់ការរបស់ខ្លួននៅរាជធានីភ្នំពេញ ដើម្បីធ្វើការសាកសួរ ពាក់ព័ន្ធ នឹងអំពើពុក រលួយរឿងដីធ្លី នៅស្រុកគាស់ក្រឡ ខេត្តបាត់ដំបង។ លោកទេសរដ្ឋមន្ត្រី បានបញ្ជាក់បន្ថែមថា គាត់ (ស៊ូ អារ៉ាហ្វាត់) ធ្លាប់ជាប្រធា នគណៈកម្មការថ្នាក់ខេត្តដោះស្រាយវិវាទដីធ្លី នៅស្រុកគាស់ក្រឡ ខេត្តបាត់ដំបងនេះតែម្តង ។

ដែលនេះជារឿងតែមួយ ពាក់ព័ន្ធករណីឧកញ៉ា សង ថន ត្រូវអង្គភាព ACU ឃាត់ខ្លួន កាលពីថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២០ នេះដែរ ។ លោកទេសរដ្ឋមន្ត្រី ប្រធានអង្គភាពប្រឆាំងអំពើពុករលួយបញ្ជាក់ប្រាប់បណ្តាញព័ត៌មានក្នុងស្រុកទៀតថា ការឃាត់ខ្លួននេះ ធ្វើឡើងបន្ទាប់ពីមានពាក្យបណ្តឹងរបស់ប្រជាពលរដ្ឋ ខណៈដែលឧកញ៉ារូបនោះ មានដីប្រមាណ៥ពាន់ហិកតា ដែលស្មើនឹង១ភាគ៤ នៃផ្ទៃដីស្រុកគាស់ក្រឡ ទាំងមូល ។

បើតាមសេចក្តីរាយការឲ្យដឹងទៀតថា នៅថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២០ នោះដែរ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ក៏បានចេញអនុក្រឹត្យបញ្ចប់មុខតំណែងលោក ម៉ៅ សុចាន់ ពីអភិបាល នៃគណៈអភិបាល ស្រុកគាស់ក្រឡ ខេត្តបាត់ ដំបង ថែមទៀតផង ។

ដូច្នោះចាំមើលរឿងដំបៅដីធ្លីនៅស្រុកគាល់ក្រឡនេះ នឹងត្រូវអង្គភាពប្រឆាំងអំពើពុករលួយ ចាប់ខ្លួនមន្ត្រីមូលដ្ឋានពាក់ព័ន្ធវិវាទដីធ្លីប៉ុន្មាននាក់ទៀត ដើម្បីកុំឲ្យរាស្ត្រទឹកភ្នែកដោយសារអ្នកមានអំណាចនោះ ៕

ដកស្រង់ពី៖កោះសន្តិភាព