បណ្តាញសង្គម

ប្រធាន​ការិយាល័យ​ប្រឆាំង​គ្រឿង​ញៀន​​​អាវុធហត្ថ​ខេត្ត​ជួប​គ្រោះ​អកុសល

ខេត្តឧត្តរមានជ័យ ៖ បើតាមសេចក្តីរាយការណ៍បានឱ្យដឹងថា លោកប្រធានការិយាល័យប្រឆាំងគ្រឿងញៀនអាវុធហត្ថខេត្ត បានទទួលមរណភាពកាលពីម៉ោង៣រសៀល ថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២០ ដោយសារតែជួបគ្រោះថ្នាក់ចរាចរណ៍ដែលបង្កដោយខ្លួនឯង បណ្តាលឱ្យបាត់បង់ជីវិតចោលប្រពន្ធ និងកូន។ ហេតុការណ៍នេះបានកើតឡើងនៅតាមបណ្តោយផ្លូវជាតិលេខ៦៨ ស្ថិតក្នុងភូមិវាលឈ្លីក ឃុំចុងកាល់ ស្រុកចុងកាល់។

សេចក្តីរាយការណ៍បន្តថា ជនរងគ្រោះខាងលើ គឺលោកវរសេនីយ៍ត្រី ហួយ វន ប្រធានការិយាល័យប្រឆាំងគ្រឿងញៀនអាវុធហត្ថខេត្តឧត្តរមានជ័យ មានទីលំនៅភូមិព្រៃធំ ឃុំចុងកាល់ ស្រុកចុងកាល់ ខេត្តឧត្តរមានជ័យ។ប្រជាពលរដ្ឋដែលឃើញហេតុការណ៍នេះបានរៀបរាប់ថា មុនពេលកើតហេតុ គេបានឃើញជនរងគ្រោះបើកបររថយន្តតាមដងផ្លូវជាតិក្នុងល្បឿនលឿន លុះមកដល់ចំណុចកន្លែងកើតហេតុ ស្រាប់តែរថយន្តនោះរ៉េចង្កូតពាសពេញផ្លូវតែម្តង រួចហើយក៏ធ្លាក់ចេញពីលើផ្លូវទៅខាងឆ្វេងដៃ បណ្តាលឱ្យក្រឡាប់ជាច្រើនត្រឡប់ បណ្តាលឱ្យជនរងគ្រោះរងរបួសធ្ងន់ ហើយត្រូវកងកម្លាំងបេអឹមជាច្រើននាក់នាំយកទៅធ្វើការសង្គ្រោះនៅឯមន្ទីរពេទ្យ។

យោងតាមការឱ្យដឹងពីកម្លាំងអាវុធហត្ថបានឱ្យដឹងថា ជនរងគ្រោះគឺជាលោកវរសេនីយ៍ត្រី ហូយ វន ជាប្រធានការិយាល័យប្រឆាំងគ្រឿងញៀនអាវុធហត្ថខេត្តឧត្តរមានជ័យ មានទីលំនៅភូមិព្រៃធំ ឃុំចុងកាល់ ស្រុកចុងកាល់។

ប្រភពដដែលបន្តថា មុនកើតហេតុ គឺជនរងគ្រោះបានធ្វើដំណើរបើកបររថយន្តទៅផ្ទះរបស់ខ្លួនវិញ ក៏ជួបគ្រោះថ្នាក់ចរាចរណ៍រងរបួសធ្ងន់ រួចនាំយកមកសង្គ្រោះ ប៉ុន្តែជាអកុសលជនរងគ្រោះបានទទួលមរណភាពទៅហើយ ខណៈនៅពេលទៅដល់មន្ទីរពេទ្យ ។ ខណៈពេលនេះសពជនរងគ្រោះត្រូវបានប្រគល់ទៅឱ្យក្រុមគ្រួសារសាច់ញាតិ ដើម្បីធ្វើបុណ្យទៅតាមប្រពៃណី៕

ដកស្រង់ពី៖កោះសន្តិភាព