បណ្តាញសង្គម

បងប្រុសដាស់តឿនតែមិនស្តាប់ បែរ​ជា​លើកដៃប្រហារក្ស័យជីវិត​

ខេត្តកំពង់ធំ ៖ មានករណីបុរសម្នាក់បានបាត់បង់ជីវិត បន្ទាប់ពីជនរងគ្រោះបាននិយាយណែនាំប្អូនប្រុសឱ្យខំធ្វើការ កុំផឹកស្រាទៀត ផ្ទុយទៅវិញជនសង្ស័យជាប្អូនស្តាប់មិនចូលត្រចៀក បែរជាផ្ទុះកំហឹងទាញដំបងវាយជនរងគ្រោះជាបង បណ្តាលឱ្យបាត់បង់ជីវិត ។

ហេតុការណ៍ខាងលើនេះបានកើតឡើងកាលពីវេលាម៉ោង៧និង១៥យប់ថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២០ នៅចំណុចចំការចន្ទីមួយកន្លែង ស្ថិតក្នុងតំបន់ធ្នួសតាព្រហ្ម ភូមិតាមិញ ឃុំក្រយា ស្រុកសន្ទុក ខេត្តកំពង់ធំ ។

ជនសង្ស័យជាប្អូនឈ្មោះ កេង ហេង ភេទប្រុស អាយុ៥៥ឆ្មាំ ចំណែកជនរងគ្រោះជាឈ្មោះ កេង វេង ភេទប្រុស អាយុ៥៨ឆ្នាំ ។ អ្នកទាំងត្រូវជាប្អូនបង្កើតនឹងគ្នា និងរស់នៅភូមិផ្លុង ឃុំទីពោ ស្រុកសន្ទុក ខេត្តកំពង់ធំ ។តាមប្រភពព័ត៌មានបានឲ្យដឹងថា មុនពេលកើតហេតុ បងប្អូនបង្កើតទាំងពីរនាក់ខាងលើបាននាំគ្នាទៅធ្វើចំការ នៅចំណុចកើតហេតុខាងលើ បន្ទាប់មកអ្នកទាំងពីរកំពុងតែអង្គុយហូបបាយទល់មុខគ្នា ចំណែកបុរសជាប្អូនតែងតែផឹកស្រាស្រវឹងជាប្រចាំស្ទើរាល់ថ្ងៃ ដោយឃើញប្អូនស្រវឹងស្រាគ្មានលស់ពេល ហើយមិនសូវជួយធ្វើការងារផងនោះ ទើបបុរសជាបងប្រុស ក៏បាននិយាយប្រដៅណែនាំប្អូនថា «ឯងកុំឲ្យផឹកស្រាស្រវឹងរាល់ថ្ងៃអញ្ចឹងទៀត ត្រូវខំប្រឹងធ្វើការងារ និងផ្អាកការដើរលេងច្រើនទៀតទៅ» ។

តាមប្រភពព័ត៌មានបានបន្តថា សម្តីប្រៀនប្រដៅរបស់បុរសជាបងមិនបានធ្វើឲ្យបុរសប្អូនដែលស្រវឹងខួបស្តាប់ចូលត្រចៀកនោះឡើយ ផ្ទុយទៅវិញ បែរជាធ្វើឱ្យបុរសជាប្អូនផ្ទុះកំហឹង ក៏ស្ទុះទៅទាញយកដំបង និងកៅអីដែកបត់មកវាយសំពងទៅលើបុរសជាបងតែម្ដង បណ្តាលឲ្យបុរសជាបងប្រកាច់ដាច់ខ្យល់បាត់បង់ជីវិតនៅនឹងកន្លែងកើតហេតុ។បន្ទាប់ពីធ្វើសកម្មភាពរួច បុរសជាប្អូនបានរត់គេចខ្លួនបាត់តែម្តង ។ ក្រោយពេលកើតហេតុ កំលាំងសមត្ថកិច្ចបានចុះដល់កន្លែងកើតហេតុដើម្បីពិនិត្យ និងកំពុងស្រាវជ្រាវតាមចាប់ជនសង្ស័យជាប្អូនយកមកផ្តន្ទាទោសតាមច្បាប់ ៕

ដកស្រង់ពី៖កោះសន្តិភាព