បណ្តាញសង្គម

គ្រោះធម្មជាតិ! បុរសម្នាក់ជិះម៉ូតូទៅច្រូតស្មៅ​ បែរ​ជា​រន្ទះមកផ្តាច់ជីវិត​

ខេត្តកំពង់ធំ ៖ មានករណីបុរសម្នាក់ត្រូវរន្ទះបាញ់ បណ្តាលឱ្យបាត់បង់ជីវិត ខណៈជនរងគ្រោះកំពុងតែជិះម៉ូតូទៅច្រូតស្មៅគោ ស្របពេលមេឃកំពុងតែមានភ្លៀង ។ ហេតុការណ៍ខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង៤និង៥នាទីរសៀលថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២០ នៅចំណុចស្រែប្រាំងមួយកន្លែង ស្ថិតក្នុងភូមិក្រយា ឃុំក្រយា ស្រុកសន្ទុក ខេត្តកំពង់ធំ ។

ជនរងគ្រោះឈ្មោះ ប៊ុន ហាក់ ភេទប្រុស អាយុ៤៥ឆ្នាំ មុខរបរកសិករ មានទីលំនៅភូមិកើតហេតុ ។ តាមប្រភពព័ត៍មានពីសាច់ញាតិជនរងគ្រោះបានឱ្យដឹងថា នៅមុនពេលកើតហេតុ ពេលមេឃកំពុងតែមានភ្លៀងរលឹមស្រិចៗ គេឃើញជនរងគ្រោះបានជិះម៉ូតូក្នុងគោលបំណងទៅច្រូតស្មៅគោ នៅចំណុចកើតហេតុខាងលើ ខណៈពេលជនរងគ្រោះកំពុងតែជិះម៉ូតូ ស្រាប់តែមានរន្ទះបាញ់ត្រូវចំជនរងគ្រោះ បណ្តាលឲ្យធ្លាក់ពីលើម៉ូតូបាត់បង់ជីវិតនៅតាមផ្លូវ ។

នៅពេលទទួលបានព័ត៌មានខាងលើភ្លាម សមត្ថកិច្ចស្រុក និងប៉ុស្តិ៍រដ្ឋបាលបានចុះទៅពិនិត្យសព ពុំមានឃើញស្លាកស្នាមអ្វីគួរឲ្យកត់សម្គាល់ឡើយ ទើបសន្និដ្ឋានថា ជនរងគ្រោះពិតជាបាត់បង់ជីវិតដោយសាររន្ទះបាញ់ប្រាដកមែន ។ ក្រោយពីពិនិត្យរួចរាល់ សមត្ថកិច្ចបានធ្វើកំណត់ហេតុប្រគល់សពជនរងគ្រោះជូនក្រុមគ្រួសារដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី ៕

ដកស្រង់ពី៖កោះសន្តិភាព