បណ្តាញសង្គម

​ចិនម្នាក់ឈរឡិប.លលើវ៉េរ៉ង់ដា លុះ​ម្ចាស់ផ្ទះ​ចាប់​ឱ្យ​សមត្ថកិច្ចសួរនាំ ទើប​ដឹង​

រាជធានីភ្នំពេញ ៖ បុរសជាជនជាតិចិនម្នាក់បានលួចឡើងទៅលើផ្ទះល្វែងរបស់ប្រជាពលរដ្ឋ ហើយត្រូវម្ចាស់ផ្ទះឃើញស្មានថាជាចោរ ក៏ចាប់ស្វាគមន៍ម្នាក់មួយដៃម្នាក់មួយជើង បណ្តាលឱ្យរបួសទ្រមខ្លួន រួចប្រគល់អោយសមត្ថកិច្ចសួរនាំ ទើបដឹងថា បែកថ្នាំ ។

ហេតុការណ៍ខាងលើនេះបានកើតឡើងកាលពីវេលាម៉ោង១១និង១០នាទីយប់ថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២០ ត្រង់ចំណុចផ្ទះអត់លេខ ខាងត្បូងស្ថានីយប្រេងឥន្ធនៈមួយកន្លែង តាមបណ្តោយផ្លូវឧកញ្ញ៉ាម៉ុងរិទ្ធី ស្ថិតក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។ បុរសជាជនសង្ស័យម្នាក់ខាងលើមិនស្គាល់ឈ្មោះនោះទេ គ្រាន់តែដឹងថាជាជនជាតិចិន ។

តាមសម្ដីពីបុរសម្នាក់ឈ្មោះ ធារ៉ា អាយុ២៤ឆ្នាំ ជាអ្នករស់នៅជាមួយម្ចាស់ផ្ទះ ស្នាក់នៅផ្ទះកើតហេតុខាងលើ បានរៀបរាប់ប្រាប់ឲ្យដឹងថា នៅមុនពេលកើតហេតុ គាត់និងម្ចាស់ផ្ទះដែលមានគ្នាសរុប៥ទៅ៦នាក់ បានកំពុងស្នាក់នៅខាងក្នុងផ្ទះជុំគ្នា និងរៀបចំនាំគ្នាចូលទៅសំរាកតាមបន្ទប់រៀងៗខ្លួន។

បន្ទាប់ពីគាត់បានងូតទឹកនៅជាន់ក្រោមរួចមក គាត់ក៏បានឡើងទៅជាន់ទី១ដើម្បីចូលទៅសំរាក ខណៈពេលដែលឡើងទៅដល់ ក៏ស្រាប់តែប្រទះឃើញជនសង្ស័យជាជនជាតិចិនម្នាក់នោះកំពុងឈរឡិប.លនៅក្បែរទ្វារវេរ៉ដាខាងក្រៅផ្ទះ។តាមប្រភពដដែលបានបន្តថា ភ្លាមៗនេះគាត់ក៏បានស្រែកឆោឡោនិងស្ទុះរត់ចេញទៅចាប់ជនសង្ស័យ និងបានស្វាគមន៍មួយដៃមួយជើង បណ្តាលឲ្យជនសង្ស័យរបួសបែកក្បាល រួចក៏រាយការណ៍ជូនសមត្ថកិច្ចមូលដ្ឋានឲ្យចុះមកជួយធ្វើការអន្តរាគមន៍។បន្ទាប់ពីសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ និងបានធ្វើការសួរនាំជនសង្ស័យ ទើបដឹងថាជាមនុស្សបែកថ្នាំ។

ក្រោយមកម្ចាស់ផ្ទះក៏មិនបានដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលភ្នំពេញថ្មីនោះទេ ព្រោះគិតថាជនសង្ស័យខាងលើមិនទាន់ធ្វើការសកម្មភាពលួចទ្រព្យសម្បត្តិរបស់ខ្លូន។ក្រោយពេលកើតហេតុ ជនសង្ស័យជាជនជាតិចិនម្នាក់ខាងលើ ត្រូវបានសមត្ថកិច្ចនាំខ្លួនយកទៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីរង់ចាំប្រគល់ទៅឲ្យខាងមន្ទីរសង្គមកិច្ចអតីតយុទ្ធជននិងយុវនីតិសម្បទារាជយកទៅធ្វើការបន្តតាមនីតិវិធីជាបន្តទៀត ៕

ដកស្រង់ពី៖កោះសន្តិភាព